យកបងធម៌ធ្វើប្តី វ៉ៃបង្ខំពេលមានរដូវ
នាងចឹក ចន្ធី អាយុ ២៣ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ថា នាងកើតក្នុងគ្រួសារកសិករមួយ ដែលពីមុនមាន ទ្រព្យសម្បត្តិសមរម្យដែរ លុះឪពុកម្តាយមានជំងឺ ពួកគាត់ក៏លក់ស្រែភ្លឺ គោក្របី ព្យាបាលអស់ទៅ ប៉ុន្តែ ជាសះស្បើយតែម្តាយ ឯឪពុកស្លាប់ជាង ១០ឆ្នាំមកហើយ។ នាងមិនបានរៀនសូត្រនឹងគេទេ លុះអាយុ ១៤ឆ្នាំ ក៏ចេញទៅស៊ីឈ្នួលបកក្តាម បង្គា ឱ្យគេនៅ ខេត្តកោះកុង បានត្រឹមរស់មួយចម្អែតប៉ុណ្ណោះ។ ក្រោយមក នាងបានវិលមកនៅផ្ទះវិញ រស់នៅជាមួយម្តាយមេម៉ាយ ឈ្មោះ រស់ តឿន សព្វថ្ងៃអាយុ ៥៣ឆ្នាំ រួម ទាំងបងប្អូន3នាក់ទៀត។ ថ្ងៃមួយ ក៏មានកំលោះម្នាក់ឈ្មោះតូ សីហា អាយុបងនាង ៣ឆ្នាំ ជាកូនកំព្រា ឪពុកម្តាយស្លាប់ចោលអស់ បានរសាត់អណ្តែតមកដល់ភូមិរបស់នាង ដោយបានសុំម្តាយនាង ធ្វើម៉ែធម៌របស់គេ។ ម្តាយនាងអាណិតក៏ទទួលឱ្យនៅជាមួយជួយធ្វើស្រែចម្ការ ឯរូបនាងក៏គោរព គេជាបងធម៌ ហៅបងៗ យ៉ាងពេញមាត់។ លុះនៅយូរៗទៅ កំលោះនេះ បានសារភាពថា តាមពិត មកពីគេលួចស្រលាញ់នាង ។ លុះឮគេនិយាយត្រង់ៗយ៉ាងនេះ នាងក៏មានមនោសញ្ចេតនាទោរទន់ទៅរកគេវិញដែរ។ យប់មួយ ពេលម្តាយ និងបងប្អូននាងរវល់ ទៅស៊ីការសាច់ញាតិ កំលោះសីហា ក៏លួងលោមនាង រហូតជ្រុលជ្រួសហួសប្រពៃណីជាមួយគ្នាទៅ។
នាងចឹក ចន្ធី បន្តទៀតថា បន្ទាប់ពីបែកការណ៍មក ម្តាយនាងស្តីបន្ទោសខ្លាំងណាស់ ប៉ុន្តែ អ្នកជិតខាងអាណិតអាសូរ ក៏ជួយសម្រុះសម្រួល និងជួយសែនព្រេនឱ្យមួយពេលទៅ ដោយមានតែ បាយសម្ល1ថាសប៉ុណ្ណោះ។ បន្ទាប់ពីបានគ្នាជាប្តីប្រពន្ធមក ក៏ជួបតែភាពរកាំរកូសជានិច្ច ព្រោះតែ ប្តីនេះ ពេលរកលុយបានមក ក៏យកទៅផឹកស៊ីឆ្ងាញ់ម្នាក់ឯង អត់គិតគូរដល់ប្រពន្ធ។ ឱ្យតែត្រូវស្រា ម្តងៗ តណ្ហាគេពុះកញ្ជ្រោលខ្លាំងណាស់ ដោយចូលចិត្តពេលនាងមានរដូវ តែបើពេលស្ងួត ខ្លួនគេមិនសូវ ចង់ទេ។ ទោះជានាងមានកូន ២នាក់ ក៏គេចូលចិត្តតែចំណីស្មោកគ្រោកហ្នឹង ហាមយ៉ាងណាក៏មិន ស្តាប់ដែរ។ នាងធ្លាប់រត់ទៅជ្រកកោនជាមួយម៉ែ ដែលគាត់ទៅតាំងលំនៅថ្មី នៅភូមិដំណាក់ត្រាច តំបន់ភ្នំវល្លិ ខេត្តកំពត ដើម្បីគេចពីប្តីនេះ ប៉ុន្តែម៉ែមិនឱ្យនៅទេ គាត់ដេញមកវិញ ដោយស្តីបន្ទោស ថា នាងយកប្តីចិត្តឯង ទោះជាប្តីធ្វើបាបយ៉ាងណា ក៏ចេះតែទ្រាំទៅ។ ឥឡូវនាងយល់ថា ខ្លួនមាន កម្ម ទើបបានជាជួបប្តីនេះ។ គេមិនពូកែរកស៊ីអ្វីទេ រហូតដល់នាងគ្មានអ្វីទិញនំចំណីឱ្យកូនស៊ី ក៏ទៅ អង្គុយនៅមុខរោងអ្នកតាទ្វារកំពត នៅពេលយប់ រង់ចាំអ្នកដំណើរបោះលុយថ្វាយអ្នកតា នាងក៏រើសយក ដែលក្នុង ១យប់បាន៣-៤ពាន់រៀលដែរ។ នាងខ្លាចបាបដែរ ព្រោះបច្ច័យគេបោះថ្វាយអ្នកតា សម្រាប់យក ទៅកសាងវត្ត នាងបែរជាចាំរើសយកទៅទិញអង្ករ តែបើនាងមិនធ្វើយ៉ាងនេះច្បាស់ជាដាច់ពោះស្លាប់ ព្រោះតែ ប្តីចោលម្សៀត ពូកែតែខាងផឹក និងស៊ីចំណីស្មោកគ្រោក។
ដោយឡែក លោកតូ សីហា អាយុ ២៦ឆ្នាំ ជាប្តី បានឱ្យដឹងថា រូបលោកជាកូនច្បង ដែលមានតែប្អូនប្រុស ម្នាក់ ឪពុកម្តាយស្លាប់ចោលអស់ហើយ ដោយមានស្រុកកំណើតនៅស្រុកជុំគិរី ខេត្តកំពត។ រូបលោកបាន ទៅរស់នៅជាមួយសាច់ញាតិនៅខេត្តព្រះសីហនុ តាំងពីតូច ធ្លាប់រៀនសូត្រដល់ថ្នាក់ទី៤ ក៏ឈប់ទៅ លុះពេញកំលោះ ក៏ដើររសាត់ស៊ីតែមួយពោះរស់តែមួយខ្លួន រហូតមក ទើរនៅភូមិល្អាង។ លោកពិតជាបានជ្រុលជ្រួសជាមួយប្អូនធម៌មែន ទើបចាស់ៗ សម្រុះសម្រួលរៀបចំសែនព្រេនឱ្យបានគ្នាជាប្តីប្រពន្ធ ទៅ។ តាំងពីបានប្រពន្ធដ៏ក្រីក្រនេះមក លោករកស៊ីនឹងកម្លាំង ដូចជា កាប់គាស់លើងដីជាដើម បើមិនបានផឹកស្រា ច្បាស់ជារសេះរសោះ អស់កម្លាំង ញ័រដើមទ្រូងមិនខាន។ លោកសូមបដិសេធថា មិនបានបង្ខំ ប្រពន្ធរួមភេទក្នុងពេលមានរដូវនោះទេ ប៉ុន្តែទទួលស្គាល់ថា ថ្ងៃណាស្រវឹងក៏ភ្លេចងូតទឹក ចូលទៅរាវប្រពន្ធប្រាកដមែន ហើយធម្មតាមនុស្សស្រវឹង មិនដឹងអីទេ មិនគួរប្រពន្ធប្រកាន់យ៉ាងនេះ។ តាមពិត មកពីលោកស្រលាញ់ប្រពន្ធខ្លាំងពេក ទើបមិនចេះខ្ពើម ឯប្រពន្ធមិនស្គាល់ចិត្តប្តី ចោទថា បង្ខំនាងរួមភេទទៅវិញ។
អ្នកស្រីឯម ចន្ថា អាយុ ៥២ឆ្នាំ និងអ្នកស្រីអែន វឿន អាយុ៤០ឆ្នាំ ជាអ្នកជិតខាង បានឱ្យ ដឹងស្របគ្នាថា តាំងពីបានគ្នាមក ប្តីប្រពន្ធបងប្អូនធម៌នេះ មិនដែលបានសុខនឹងគ្នាទេ តែងតែ ឈ្លោះគ្នាទាំងយប់ក៏មាន។ ជួនកាល នាងប្រពន្ធនោះរត់ទៅផ្ទះម៉ែ តែមុជមិនជ្រៅទៅមិនឆ្ងាយ ក៏វិលមកវិញ ដូចជំពាក់កម្មនឹងគ្នាអ៊ីចឹង។ ឥឡូវនាងប្រពន្ធតែងទៅចាំរើសលុយអ្នកតា ផ្សែផ្សំទុកទិញអង្ករ ឯប្តីក៏តែងសុំលុយនោះទៅទិញស្រាផឹក ធ្វើឱ្យអ្នកតាខឹងសម្បា ដាក់បណ្តាសា ពួកគេឱ្យនៅតែឈ្លោះគ្នាមិនឈប់។ ពួកគាត់ធ្លាប់ជួយណែនាំដែរ ជាពិសេស តែងក្រើនរំលឹកប្តី កុំបង្ខំប្រពន្ធពេលមានរដូវ តែប្តីនោះ បានត្រឹមងក់ក្បាល លុះត្រូវអាការសាហាវចូលពោះ ក៏លែង ដឹងខុសត្រូវ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
គួរបញ្ជាក់ថា ពេលភរិយាមានរដូវ3ថ្ងៃនេះ ប្តីត្រូវតែសម្រាក ឬដេកឱ្យឆ្ងាយពីគ្នា ព្រោះបើ ហ៊ានបំពាន ជួនកាល ប្រពន្ធអាចចុកស្ទះដង្ហើមក៏សឹងមាន។ ចំពោះបុរសខ្លះ ដែលដឹងទុក្ខធុរៈភរិយា បានទាំងជួយគក់ច្របាច់សម្រួលសរសៃឱ្យប្រពន្ធទៀតផង មិនសូវមានប្តីណា បង្ខំប្រពន្ធពេលមានរដូវនោះឡើយ ៕
