មេធាវីអាមេរិកាំង សុំឱ្យអង្គការសហប្រជាជាតិ ពិចារណាព្យួរអាសនៈកម្ពុជា និងដាក់ទណ្ឌកម្ម
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃ ទី២៦ ខែវិច្ឆិកា ហើយវីអូអេទទួលបានមួយច្បាប់ដែរ លោក ម៉ាក ម័រស្តឹន មេធាវីនៃក្រុមហ៊ុនមេធាវី Rees Broome ដែលមានមូលដ្ឋាននៅរដ្ឋ Virginia បានបញ្ជាក់ដោយលើកឡើងពីការរំលោភលើចំណុចជាច្រើននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលប្រព្រឹត្តដោយរដ្ឋាភិបាលបច្ចុប្បន្ន។ ក្នុងនោះ មានការមិនរៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវហើយត្រូវបានក្រុមអ្នកសង្កេតការណ៍រកឃើញយ៉ាងច្បាស់ ការរំលោភសិទ្ធិពលរដ្ឋដោយកងកម្លាំងប្រដាប់អាវុធរួមមានការបាញ់សម្លាប់យ៉ាងគ្មានច្បាប់ទម្លាប់ក្នុងពេលបង្រ្កាបបាតុកម្មរបស់គណបក្សប្រឆាំងនិងក្រុមកម្មករជាដើម។
លិខិតដដែលនោះ បានចំឡងជូនដល់ប្រមុខរដ្ឋាភិបាលនៃប្រទេសហត្ថលេខីទាំងអស់នៃសន្និសញ្ញាទីក្រុងប៉ារីស ហើយក៏មានការសុំឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញនៅ ប្រទេសកម្ពុជានិងការមិនទទួលស្គាល់រដ្ឋាភិបាលនាពេលបច្ចុប្បន្នផងដែរ។
គេនៅមិនទាន់មានប្រតិកម្មឆ្លើយតបភ្លាមៗបែបណាពីអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលកម្ពុជានៅឡើយទេ៕