សហជីពកម្មករគំរាមធ្វើបាតុកម្មដំឡើងប្រាក់ខែអប្បបរមា១៥៤ដុល្លារ
មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានអះអាងថា សមាគមរោងចក្រត្រៀមខ្លួនជាស្រេចក្នុងការជជែកពិភាក្សា អំពីការដំឡើងប្រាក់ឈ្នួលជូនកម្មករ ទៅតាមលទ្ធភាពដែលថៅកែរោងចក្រអាចធ្វើទៅបាន ក្រោមការសម្របសម្រួលពីក្រុមការងារចម្រុះត្រីភាគី។
ក្រុមការងារត្រីភាគីនោះមាន តំណាងមកពីរដ្ឋាភិបាល និយោជក និងសហជីព។
មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា លោក ជាតិ ខេមរា មានប្រសាសន៍នៅថ្ងៃទី២៦ វិច្ឆិកា ថា ភាគីរោងចក្រមានការអង្កេតអំពីលទ្ធភាពដែលថៅកែរោងចក្រអាចនឹងដំឡើងប្រាក់ខែជូនកម្មករ ដោយយោងទៅលើការចរចាជាមួយភាគីពាក់ព័ន្ធនៅពេលខាងមុខ ដោយមិនចង់ឃើញការទាមទារដោយយកកូដកម្មបាតុកម្មមកពាក់ព័ន្ធឡើយ។
«សំឡេង»
សហជីពកម្មករធំៗចំនួន៤ រួមមាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សម្ព័ន្ធសហជីពកម្ពុជា សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា និងសម្ព័ន្ធសហជីពចលនាកម្មករ បានសរសេរលិខិតរួមគ្នា ដាក់ជូន លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដើម្បីស្នើសុំដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរចំនួន ១៥៤ដុល្លារ និងអត្ថប្រយោជន៍ ៦ចំណុចផ្សេងទៀត។
សហជីពទាំងនោះ បានព្រមានរួមគ្នាថា នឹងដឹកនាំកម្មករធ្វើកូដកម្មនៅទូទាំងប្រទេស នៅខែធ្នូ ចុងឆ្នាំ២០១៣ នេះ បើគ្មានដំណោះស្រាយ។
ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា អ្នកស្រី ម៉ម ញឹម បានព្រមានថា បើសិនគ្មានការចរចាពីថៅកែរោងចក្រ ឬគ្មានការសម្របសម្រួលពីរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ខែដល់កម្មករទេនោះ គឺមានតែកូដកម្ម និងបាតុកម្ម។
«សំឡេង»
ក្រៅអំពីការទាមទារដំឡើងប្រាក់ខែអប្បបរមា សហព័ន្ធ និងសម្ព័ន្ធសហជីព ក៏បានស្នើសុំនិយោជកដោះស្រាយនូវសំណើចំនួន ៥ចំណុចផ្សេងទៀត គឺផ្ដល់ប្រាក់បាយ ៣ដុល្លារក្នុង១ថ្ងៃ សុំឲ្យនិយោជកដាក់ប្រាក់អតីតភាពការងារកម្មករតម្កល់ទុកក្នុងរតនាគារជាតិ ដើម្បីបើកឲ្យកម្មករពេលក្រុមហ៊ុនបិទទ្វារ បញ្ឈប់ការប្រើប្រាស់កិច្ចសន្យាខ្លីៗខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់សិទ្ធិ និងអត្ថប្រយោជន៍កម្មករ បញ្ឈប់លែងឲ្យមានអ្នកធំ អ្នកមានអំណាចកាងពីក្រោយក្រុមហ៊ុន និងដោះស្រាយវិវាទរោងចក្រ អែស.អិល (SL) តាមសំណូមពរ និងចាប់ជនប្រព្រឹត្តិហិង្សាគំរាមសម្លាប់ថ្នាក់ដឹកនាំសហជីព និងដក លោក មាស សុត្ថា ចេញពីក្រុមហ៊ុននេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបកស្រាយចំពោះសំណើនេះបានទេ។
ប៉ុន្តែ ក្រសួងការងារបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយកំណត់យកថ្ងៃទី២៧ ខែវិច្ឆិកា បើកកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ ជាមួយអនុក្រុមការងារចម្រុះត្រីភាគី និងដៃគូពាក់ព័ន្ធ ដែលមានសមាសភាពពីតំណាងមកពីរដ្ឋាភិបាល និយោជក និងមកពីខាងសហជីព៕
ប្រភពពី វិទ្យុអាស៊ីសេរី