ឡានកុងតឺន័របើកកិនបុរសម្នាក់ បែកក្បាលធ្លាយខួរស្លាប់ យ៉ាងអាណោចអាធ័ម
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់គួរឲ្យរន្ធត់បំផុត ដោយសាររថយន្តដឹកកុងតឺន័រ មួយគ្រឿងកិនបែកក្បាលធ្លាយខួរ កាលពីវេលាម៉ោង ៦និង១៥ នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រលេខ ២៦ និង២៧ ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយស្ត្រីម្នាក់ទៀត បានរងរបួសស្រាល ចំណែកអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះមានឈ្មោះ ភឹម សុហុន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិ ត្រពាំងប្រិយ ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកគុបជ្រុងសេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ១BP៣៧២៣ ។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ទៅប៉ះជាមួយកង់មួយគ្រឿង ជិះដោយស្ត្រីម្នាក់ ឈ្មោះ នៃ ចាន់ថា អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុង ភូមិក្រឡឹងជុំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសស្រាល។
ក្រោលពេលប៉ះជាមួយកង់រួចហើយនោះ ម៉ូតូបានដួលនៅលើថ្នល់ ហើយជនរងគ្រោះបានខ្ទាត ចូលក្រោមកង់រថយន្តកុងតឺន័រ បណ្តាលឲ្យកិនបែកក្បាលធ្លាយខួរ ប្រកាច់ស្លាប់ភ្លាមៗ មើលទៅគួរឲ្យ អាណោចអាធ័មបំផុត។ ចំណែករថយន្ត ដឹកកុងតឺន័រ ម៉ាកអាំងទែណាស្យូណាល់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣A១៦៤៥ ក្រោយកើតហេតុ អ្នកបើកបរបានរត់ គេចខ្លួនបាត់ស្រមោល៕
