ជនបរទេស បើកម៉ូតូបុក លុច្សស៊ីស ទាំងកម្រោល ស្លាប់មួយ របួសធ្ងន់ ២នាក់
ព្រះសីហនុ៖ ជនបរទេសម្នាក់ បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង និងស្ត្រី២នាក់ទៀត បានរងរបួសធ្ងន់ ក្នុងនោះស្ត្រី ជាជនបរទេស ម្នាក់ផងដែរ នៅក្នុងហេតុ ការណ៍ គ្រោះថ្នាក់ ចរាចរណ៍មួយ កាលពីវេលា ម៉ោង២១ និង៥០នាទីយប់ ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៣ នៅលើកំណាត់វិថីឯករាជ្យ ត្រង់ចំណុច ក្បែរផ្ទះសំណាក់ ណាសារ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលគ្រោះថ្នាក់បង្ក ឡើងរវាងរថយន្តនិង ម៉ូតូ មួយគ្រឿង ម៉ាករីប៊ែល។
ប្រភពពីនគរបាល ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នៅវេលាម៉ោង ២១និង៥០នាទីយប់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៣ នៅលើកំណាត់វិថីឯករាជ្យ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង វាងម៉ូតូ ម៉ាក រីប៊ែលពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE 1785 បើកបរដោយជនបរទេស ពុំទាន់ស្គាល់ អត្ត សញ្ញាណ (ស្លាប់នៅពេលបញ្ជូន ចេញពីកន្លែងកើតហេតុបន្តិច) រួមដំណើរជាមួយស្ត្រី ជនបរទេសដូចគ្នា ពុំស្គាល់អត្តសញ្ញាណដូចគ្នា (រងរបួសធ្ងន់) បានបុកជាមួយ រថយន្តមួយគ្រឿងទៀត ម៉ាកលុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L 3309 ចំទ្វារមុខខាងស្តាំ ។ បើកបរដោយឈ្មោះ មាស វ៉ាន់សាក់ ភេទប្រុស អាយុ២៨ ឆ្នាំ (ពុំមានរបួស) រួមដំណើរជាមួយស្ត្រីម្នាក់ទៀត ឈ្មោះ រស់ ខាត់រីយ៉ា អាយុ២៧ឆ្នាំ(រងរបួសធ្ងន់) អ្នកទាំងពីរមានទីលំនៅភ្នំពេញ ។
ប្រភពពីសាក្សីនៅកន្លែង កើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុបន្តិច គេបានឃើញម៉ូតូមួយគ្រឿង បើកបរដោយជនបរទេស រួមដំណើរជាមួយស្ត្រីជនជាតិ បរទេសម្នាក់ ទៀត ក្នុងទិសដៅពីផ្សារលើក្រុង ព្រះសីហនុ សំដៅទៅតោពីរ (ពីកើតទៅលិច) ក្នុងល្បឿនដូចហោះ រហូតមកដល់ចំណុចកើតហេតុ ក៏ស្រាប់ តែវ៉ាក់អឺជាមួយរថយន្ត ដែលកំពុងឆ្លងផ្លូវហើយក៏បានបុកពេញ ទំហឹងតែម្តងបណ្តាល ឲ្យអ្នកបើក បរម៉ូតូបោកផ្ទុប ជាមួយរថយន្តបាក់ករស្លាប់ភ្លាមៗ ចំណែក ស្ត្រីបរទេសរួម ដំណើរបានហោះផ្លោង រំលង លើរថយន្តរងរបួសធ្ងន់ឯស្ត្រី ដែលរួមដំណើរក្នុងរថយន្តផ្នែកខាងស្តាំក៏បានរងរបួសធ្ងន់សន្លប់។
បច្ចុប្បន្នទាំងរថយន្ត ទាំងម៉ូតូ រួមជាមួយអ្នកបើករបររថយន្ត ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រង់ចាំការដោះស្រាយនៅពេល បន្ទាប់ ឯសាកសពសមត្ថកិច្ចកំពុងស្រាវជ្រាវ រកអត្តសញ្ញាណ ដើម្បីប្រគល់ជូនតំណាងស្ថានទូត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល