កម្មកររោងចក្រ អ៉ីចេងជិត ២.០០០នាក់ បន្តធ្វើកូដកម្មទាមទារ លក្ខខណ្ឌការងារ
ផ្តល់សិទ្ធិដោយ ៖ DAP-NEWS
ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនីបម្រើការងារ នៅរោងចក្រអ៉ីចេង ខេមបូឌា ខបភើរេស៊ិន ប្រមាណជា ២.០០០នាក់ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បាននាំគ្នាបន្តធ្វើកូដកម្មមិនចូលបម្រើការងារ ទាមទារឲ្យថៅកែរោង ចក្រដោះស្រាយលើលក្ខខណ្ឌការងារចំនួន ៩ចំណុច។
ក្រុមកម្មករ-កម្មការិនីរោងចក្រអ៉ីចេង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិកាំងធ្នង ឃុំកាំងធ្នង ស្រុកបាទី ខេត្តតាកែវ បានធ្វើកូដកម្មម្តងរួចមកហើយកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ តែមិនទាន់មានជំនួបដំ ណោះស្រាយណាមួយរវាងកម្មករ និងភាគីរោងចក្រនៅឡើយទេ។
លក្ខខណ្ឌទាំង ៩ចំណុច ដែលក្រុមកម្មករទាមទារនោះរួមមាន៖
ទី១- ទាមទារប្តូរគណនេយ្យចិន ចេញពីរោងចក្រ
ទី២- បញ្ឈប់ការកាត់ពន្ធលើប្រាក់ខែកម្មករ
ទី៣- ទាមទារប្រាក់ថែទាំសុខភាព៥ដុល្លារ
ទី៤- កាត់ប្រាក់រង្វាន់តាមសមាមាត្រ
ទី៥- កាត់លុយ៣ដុល្លារសម្រាប់ធ្វើសៀវភៅការងារ
ទី៦- បញ្ឈប់ការបង្ខិតបង្ខំឲ្យកម្មករធ្វើការថែមម៉ោង
ទី៧- ផ្តល់លុយទឹកដោះគោ៥ដុល្លារ
ទី៨- ផ្តល់លុយព្រីម១០ដុល្លារដល់កម្មករមួយចំនួនដែលបានកាត់លុយកាលពីកញ្ញា ឆ្នាំ២០១៣
ទី៩- ពេលកម្មករឈប់ពីការងារត្រូវទូទាត់ប្រាក់បំណាច់ឆ្នាំ៥%។
ពាក់ព័ន្ធនឹងការធ្វើកូដកម្មនេះ ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងអំពាវនាវនៅ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ឲ្យអាជ្ញាធរពាក់ព័ន្ធ និងភាគីរោងចក្រពន្លឿននូវការចរចាស្វែងរកដំណោះ ស្រាយ ចៀសវាងការបង្កផលប៉ះពាល់ធ្ងន់ធ្ងរទាំងភាគីរោងចក្រ និងកម្មករទាំងមូល។