តុលាការ​កំពូល​សម្រេច​ដោះ​លែង​អ្នក​ស្រី​ យ៉ោម បុប្ផា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន

11/22/2013 0 Comments A+ a-

IMG_6806ភ្នំពេញៈ ចៅក្រម​នៃ​តុលាការ​កំពូល បាន​បើក​សវនាការ និង​សម្រេច​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន និង​បង្វិល​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​មួយ​នេះ ទៅ​ឲ្យ​សាលា​ឧទ្ធរណ៍​វិញ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​ជា​ថ្មី។
អ្នក​ស្រី យ៉ោម បុប្ផា ត្រូវ​បាន​សាលា​ដំបូង​រាជធានី ផ្តន្ទាទោស​កាល​ពី ខែ កញ្ញា ឆ្នាំ ២០១២ ឲ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ ពី​បទ​បង្ក​ហិង្សា ដោយ​ចេតនា និង​តម្រូវ​ឲ្យ​រួម​គ្នា​បង់​សំណង​រដ្ឋប្បវេណី ដល់​ជន​រងគ្រោះ ៦០ លាន​រៀល។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​សាលា​ឧទ្ធរណ៍ បន្ធូរ​បន្ថយ​ទោស​មក​នៅ ត្រឹម ២ ឆ្នាំ និង​តម្រូវ​ឲ្យ​រួម​គ្នា​បង់​សំណង​រដ្ឋប្បវេណី ដល់​ជន​រងគ្រោះ​សរុប ៣០ លាន​រៀល។
ក្រោយ​ពី​តុលាការ​កំពូល​ធ្វើ​ការ​ជំនុំ​ជម្រះ​អស់​ពេល​១​ព្រឹក នៅ​ថ្ងៃ​សុក្រ​នេះ អ្នកស្រី យ៉ោម បុប្ផា សកម្មជន តវ៉ា​ដីធ្លី នៅ​តំបន់​បឹង​កក់​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​អាច​នឹង​ត្រូវ ដោះ​លែង​ពី​ មន្ទីរ​ឃុំ​ឃាំង​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។ គិតមក​ដល់​ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ទី ​៤៤៤ ដែល​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ។
ក្រុម​សកម្មជន​ដីធ្លី​ប្រមាណ ១០០ នាក់ មក​ពី​សហគមន៍ បឹង​កក់ បុរីកីឡា ថ្មគោល បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ជុំវិញ​តុលាការ​កំពូល ដើម្បី​បួងសួង​ដល់​វិញ្ញាណ​បុព្វការីជន​ខ្មែរ សូម​ឲ្យ​ជួយ​អ្នក​ស្រី យ៉ោម បុប្ជា រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទាំង​អយុត្តិធម៌។
IMG_6753 IMG_6493
ព្រះសង្ឃ ប្រជាពលរដ្ឋ និងកូនស្រី អ្នកស្រីយ៉ោម បុប្ផា មកស្តាប់សវនាការសំណុំរឿងអ្នកស្រីយ៉ោម បុប្ផានៅព្រឹកថ្ងៃសុក្រនេះ