មេ​បក្ស​ប្រឆាំង​រិះគន់​សហគមន៍​អឺរ៉ុប​រឿង​អ្នក​ជំនាញ​បោះឆ្នោត

11/22/2013 0 Comments A+ a-

131122_05aភ្នំពេញៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​រិះគន់​សហគមន៍​អឺរ៉ុប ទាក់​ទង​នឹង​អ្នក​ជំនាញ​បោះឆ្នោត​មិន​សូវ​លេច​ធ្លោ ២ រូប ដែល​សហគមន៍​អឺរ៉ុប បាន​បញ្ជូន​មក​ឃ្លាំ​មើល​ការ​បោះឆ្នោត កាល​ពី​ខែ កក្កដា ដោយ​អះអាង​ថា វត្តមាន របស់​ពួកគេ​បាន​ប៉ះពាល់​ដល់​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​កាល​ពី​ថ្ងៃ​អង្គារ​ជូន​លោក Ugu Astuto អ្នក​ការ​ទូត​កំពូល​របស់​សហគមន៍​អឺរ៉ុប ប្រចាំ​នៅ​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគេ្នយ៍ លោក សម រង្ស៊ី បាន​អះអាង​ថា អ្នក​ជំនាញ​ទាំង​ពីរ​បាន​នៅ​ប្រទេស កម្ពុជា ហើយ​កំពុង​តែ​ធ្វើការ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។
ប៉ុន្តែ លោក Jean-Francois Cautain ឯក​អគ្គ​រដ្ឋ​ទូត​សហគមន៍​អឺរ៉ុប បាន​បំភ្លឺ​កាល​ពី​ថ្ងៃ​ពុធ​ថា លោក សម រង្ស៊ី យល់​ខុស​អំពី​អង្គ​ហេតុ និង​ថា អ្នក​ទាំង​ពីរ​បាន​ចាក​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ ទី៩ ខែ សីហា។
លោក សម រង្ស៊ី បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​អាច​យល់​ខុស​អំពី​អង្គ​ហេតុ ដែល​បាន​បញ្ជូន​ប្រាប់​លោក ដោយ​សហគមន៍​អឺរ៉ុប​ប៉ុន្តែ លោក​អះអាង​ថា លោក​នៅ​តែ​រីករាយ​ដែល​បាន​ផ្ញើ​លិខិត​ប្រើ​ពាក្យ​ខ្លាំងៗ​នោះ។
លោក​បញ្ជាក់​ថា៖ «ខ្ញុំ​រីករាយ​ដែល​បាន​សរសេរ​លិខិត​នេះ បើ​ទោះ​បី​ជា​អ្នក​ជំនាញ​ទាំង​ពីរ​នោះ បាន​ចាក​ចេញ​រួច​ហើយ​ក៏​ដោយ ព្រោះ​វា​ជា​កំហុស​តាំង​ពី​ដំបូង​ក្នុង​ការ​បញ្ជូន​អ្នក​ជំនាញ​ទាំង​ពីរ ហើយ ទី២ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ហានិភ័យ ដែល​មើល​ឃើញ​សហគមន៍​អឺរ៉ុប បញ្ជូន​អ្នក​ជំនាញ​ច្រើន​ថែម​ទៀត​ឡើយ»។ ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​សរសេរ​ថា រដ្ឋាភិបាល​មិន​ដែល​ខ្វះ​ជំនួយ​បច្ចេកទេស មតិ​យោបល់​ឬ​អនុសាសន៍​សម្រាប់​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត ទេ ប៉ុន្តែ​ខ្វះ​ឆន្ទៈ​នយោបាយ ក្នុង​ការ​អនុវត្ត​នូវ​អនុសាសន៍​ទាំង​នោះ»។
បន្ទាប់​ពី​ការ​បោះឆ្នោត ឆ្នាំ ២០០៨ បេសកកម្ម​អង្កេត​ផ្លូវ​ការ​របស់​សហគមន៍​អឺរ៉ុប បាន​ផ្តល់​នូវ​អនុសាសន៍​ជាច្រើន​សម្រាប់​ធ្វើ​កំណែ​ទម្រង់​ដែល​ទាំង​អស់​នោះ​ហាក់​ដូចជា​មិន​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ឡើយ។
លោក រង្ស៊ី បាន​សរសេរ​ថា៖ «តើ​អ្នក​គិត​ថា អ្នក​ជំនាញ​បច្ចេកទេស​សហភាព​អឺរ៉ុប ដែល​កំពុង​ធ្វើ​ការងារ​ជាមួយ គ.ជ.ប នឹង​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ធ្វើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ផ្លាស់​ប្តូរ​គំនិត​ហើយ​អនុវត្ត​អនុសាសន៍​ណា​មួយ ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដែល​អាច​ជឿ​ជាក់​បាន​ទេ?»។ លោក​បន្ត​ថា៖ «តាម​ពិត អ្នក​ជំនាញ​បច្ចេកទេស​អឺរ៉ុប​ទាំង​ពីរ​នាក់​នោះ កំពុង​ផ្តល់​នូវ​សេវា​អាក្រក់​ដល់​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ពីព្រោះ​ពួក​គេ​ជា​ធម្មតា ត្រូវ​បាន​ប្រើ​ដោយ​របប​កម្ពុជា​ផ្តាច់ការ​ដើម្បី​គាំទ្រ គ.ជ.ប ហើយ​វា​ជា​ផែនការ​បន្ត​មាន​ជានិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បោក​ប្រាស់​ការ​បោះឆ្នោត»។
ឯក​អគ្គ​រដ្ឋ​ទូត​សហភាព អឺរ៉ុប លោក Cautain បាន​ថ្លែង​ថា អ្នក​ជំនាញ​ទាំង​ពីរ​នាក់​នោះ បាន​មក​ដល់​កាល​ពី​ពាក់​កណ្តាល​ខែ កក្កដា និង «កំពុង​មើល​ដំណើរការ​បោះឆ្នោត​ទាំង​មូល»។ លោក​បាន​ថ្លែង​ជា​ដដែល​ថា ពួក​គេ​មិន​មាន​បេសកម្ម​សង្កេត​ការ​ផ្លូវ​ការ​របស់​សហភាព​អឺរ៉ុប​ទេ ដូច​បាន​ប្រកាស​កាល​មុន​ការ​បោះឆ្នោត​ហើយ​នឹង​មិន​មាន​របាយ​ការណ៍​ណា​ត្រូវ​ចេញ​ទេ។
អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា បាន​បញ្ជាក់​ថា អ្នក​ជំនាញ​សហភាព​អឺរ៉ុប​បាន​ជួប​ជាមួយ គ.ជ.ប ដើម្បី​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ស្តីពី​ការ​កែ​លម្អ​ការ​បោះឆ្នោត។
ដោយ​ឡែក លោក សម រង្ស៊ី បាន​អះអាង​កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​សុន្ទរកថា ទៅ​សមាជិក​បក្ស​ប្រមាណ ១០០០ នាក់​ក្នុង​ខេត្ត ព្រៃវែង ថា រដ្ឋាភិបាល កំពុង​តែ​អស់​ប្រាក់​ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​បរទេស​កាត់​ផ្តាច់ «ខ្សែ​ជីវិត» របស់​រដ្ឋាភិបាល។ លោក​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន​កំពុង​ឈឺ កំពុង​ជិត​ស្លាប់។ យើង​អំពាវនាវ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ កាត់​ផ្តាច់​ខ្សែ​ជីវិត​នេះ ដើម្បី​ឲ្យ [គណបក្ស​ប្រជាជន​កម្ពុជា] ឆាប់​ស្លាប់»។
អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា លោក សម រង្ស៊ី កំពុង​តែ​កុហក​សាធារណជន​ថា រដ្ឋាភិបាល​មិន​ស្ថិត​នៅ​ក្នុង​ជំហ​រឹងមាំ។
លោក​ថ្លែង​ថា៖ «យើង​បាន​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ ហើយ​សម្រេច​បាន​នូវ​ភាព​រីក​ចម្រើន​ល្អ នៅ​ក្នុង​ការ​អភិវឌ្ឍន៍។ នេះ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​ដែល​និយាយ​ឡើង​ដោយ​អ្នក​កុហក»៕