ហេតុអ្វីក៏ចាត់ទុកការបកស្រាយសាលដីកា ឡាអេ ជាជ័យជម្នះ?
តាមពិត ថ្ងៃ ទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ គឺជាការបកស្រាយពាក្យ «តំបន់ជុំវិញប្រាសាទព្រះវិហារ» ក្នុងសាលដីការបស់តុលាការឆ្នាំ ១៩៦២ ដែលបានកន្លងផុត ៥១ ឆ្នាំទៅហើយ។ ក្នុងឆ្នាំ ១៩៦២ តុលាការយុតិ្តធម៌អន្តរជាតិបានយកផែនទីឧបសម្ព័ន្ធ ទី ១ ដើម្បីវិនិច្ឆ័យរឿងក្តីប្រាសាទ ព្រះវិហារ និងតំបន់ជុំវិញ ដែលបានសម្រេចជា ស និង ខ្មៅយ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ គឺស្ថិតខាងក្នុងទឹកដីកម្ពុជា និងក្រោមអធិបតេយ្យ កម្ពុជា។ សំណួរសួរថា តើតំបន់ជុំវិញប្រាសាទព្រះវិហារគឺជាអ្វី? តើកំណត់ទីតាំងភូមិសាស្ត្រដោយរបៀបណា? ចម្លើយគឺច្បាស់លាស់ ក្នុងសាលដីកាថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ គឺ តំបន់ជុំវិញត្រូវបានកំណត់ទីតាំងភូមិសាស្ត្រអនុលោមតាមផែនទី ដែលតុលាការយុតិ្តធម៌អន្តរជាតិបានប្រើប្រាស់។ តើផែនទីនោះជាផែនទីអ្វី? វាជាផែនទីឧបសម្ព័ន្ធ ១។ ដូច្នេះ យើងឃើញថា ទាំងអស់នេះជា ស និង ខ្មៅ រួចទៅហើយ មិនចាំបាច់រដ្ឋាភិបាលស្នើសុំការបកស្រាយរបស់តុលាការយុតិ្តធម៌ អន្តរជាតិទៀតទេ។ ខ្ញុំសូមបោះពុម្ពជាថ្មីនូវផ្នែកសំខាន់នៃសាលដីកាថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដូចតទៅ៖
២០. ក្នុងសេចក្តីសម្រេចលើអង្គសេចក្តី ដែលប្រកាសនៅថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ តុលាការលើកឡើងថា «កម្មវត្ថុនៃវិវាទដែលបានដាក់មកតុលាការ [ត្រូវបាន] កំហិតត្រឹមទស្សនៈខុសគ្នា អំពីអធិបតេយ្យលើតំបន់ប្រាសាទព្រះវិហារ» (ប្រាសាទព្រះវិហារ កម្ពុជាទល់ ថៃ អង្គសេចក្តី សេចក្តីសម្រេចតុលាការយុតិ្តធម៌អន្តរជាតិ ឆ្នាំ ១៩៦២ ទំព័រ ១៤)។ ដោយសារហេតុផលនោះតុលាការសន្និដ្ឋានថា សេចក្តីស្នើសុំវិនិច្ឆ័យលើក ទី១ និងលើក ទី២ ចុងក្រោយរបស់កម្ពុជាអាចទទួលយកមកពិចារណាបាន «ក្នុងកម្រិតដែលសេចក្តីថ្លែងនោះ លើកឡើងអំពីមូលហេតុ និងមិនមែនចំពោះការទាមទារដែលត្រូវដោះស្រាយក្នុងផ្នែកសម្រេចសេចក្តីរបស់សាលក្រមឡើយ» (ទំព័រ ៣៦)។ ក្នុងសំអាងហេតុរបស់ខ្លួន តុលាការលើកឡើងថា ក្នុងឆ្នាំ ១៩០៨ ១៩០៩ ថៃបានទទួលយកផែនទីឧបសម្ព័ន្ធ ទី១ ថា «ជាលទ្ធផលនៃការងារកំណត់ព្រំដែនហេតុដូច្នេះ ទទួលស្គាល់ថា ខ្សែបន្ទាត់លើផែនទីនោះជាខ្សែបន្ទាត់ព្រំដែនដែលមានអានុភាពកំណត់ទីតាំងប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា។ (ទំព័រ ៣២)។ ២១. ផ្នែកសម្រេចសេចក្ដីនៃសាលដីកាមានចែងដូចតទៅ៖
«តុលាការ [១] ដោយសំឡេង ៩ ទល់ នឹង ៣ រកឃើញថា ប្រាសាទ ព្រះវិហារ ស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យកម្ពុជា ដូច្នេះ [២] ដោយសំឡេង ៩ ទល់ ៣ ថៃមានកាតព្វកិច្ចដកកងទ័ពឬកម្លាំងនគរបាលរបស់ខ្លួន ឬ ឆ្មាំ ឬអ្នកថែរក្សាដទៃទៀត ដែលដាក់នៅប្រាសាទ ឬតំបន់ជុំវិញក្នុងទឹកដីកម្ពុជា។ [៣] ដោយសំឡេង ៧ ទល់ ៥ ថៃមានកាតព្វកិច្ចប្រគល់មកឲ្យកម្ពុជាវិញនូវវត្ថុដែលមានចែងក្នុងសេចក្តីស្នើសុំការវិនិច្ឆ័យ ទី៥ របស់កម្ពុជាដែលអាចយកចេញពីប្រាសាទ ចាប់តាំងពីឆ្នាំ ១៩៥៤ ដែល ថៃ បានកាន់កាប់ប្រាសាទមក» (ទំព័រ ៣៦ ៣៧) ឥឡូវនេះ ខាងក្រោមនេះគឺជាការបកស្រាយសាលក្រមថ្ងៃ ទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ លើពាក្យ «តំបន់ជុំវិញប្រាសាទ ព្រះវិហារ»។
៨៩. ការសន្និដ្ឋាននោះ ត្រូវបានបញ្ជាក់ដោយកត្តាដទៃទៀត។ ខណៈដែលតុលាការសង្កត់ធ្ងន់ក្នុងការបរិយាយរបស់ខ្លួនអំពីតំបន់ប្រាសាទ ព្រះវិហារ (សាលដីកា តុលាការយុតិ្តធម៌អន្តរជាតិរបាយការណ៍ ឆ្នាំ១៩៦២ ទំព័រ ១៥) ប្រាសាទ ព្រះវិហារ មានទីតាំងស្ថិតក្នុងភូមិសាស្រ្តដែលងាយក្នុងការកំណត់អត្តសញ្ញាណ។ លក្ខណៈនេះគឺជ្រោយខ្ពស់។ នៅប៉ែកខាងកើត ខាងត្បូង និងនិរតី ជ្រោយខ្ពស់នេះមានចំណោតជ្រៅដល់ទីទំនាប កម្ពុជា។ នៅខាងលិចនិងខាងពាយព្យ ដីចុះចូលទៅក្នុងអ្វីដែលលោកសាស្រ្តាចារ្យ Ackermann បានរៀបរាប់ថាក្នុងភ័ស្តុតាងរបស់លោកថា «ជ្រលង… រវាងភ្នំទ្រព្យ និងភ្នំ ព្រះវិហារ» (តុលាការយុតិ្តធម៌អន្តរជាតិ ប្រាសាទ ព្រះវិហារ លេខ II ទំព័រ ៣៨៥)។ ឆ្លងកាត់ជ្រលងនេះ អាចចូលទៅប្រាសាទតាមទីទំនាបកម្ពុជាបានយ៉ាងងាយស្រួល។ ភ្នំ ទ្រព្យ ស្ថិតនៅខាងលិចនៃជ្រលងនេះ។ ការយល់ដឹងអំពីទស្សនៈនៃពាក្យ «តំបន់ជុំវិញ» នៃប្រាសាទអាចលាតសន្ធឹងលើផ្ទៃទាំងមូលនៃជ្រោយខ្ពស់ប្រាសាទ ព្រះវិហារ។
៩៨.ចេញពីសំអាងហេតុក្នុងសាលក្រមឆ្នាំ ១៩៦២ ដោយយល់ឃើញអំពីសេចក្តីស្នើសុំក្នុងនីតិវិធីដំបូង វាហាក់ដូចជា កម្រិតនៃជ្រោយខ្ពស់នៃប្រាសាទ ព្រះវិហារ ប៉ែកខាងត្បូងនៃខ្សែបន្ទាត់ផែនទីឧបសម្ព័ន្ធ ទី១ មានលក្ខណៈធម្មជាតិ។ ប៉ែកខាងកើត ខាងត្បូង និងខាងនិរតី ជ្រោយខ្ពស់បានធ្លាក់តាមចំណោតខ្ពស់ដល់ទីទំនាបកម្ពុជា។ ភាគីបានព្រមព្រៀងក្នុងឆ្នាំ ១៩៦២ ថា ចំណោតនេះ និងដីនៅជើងចំណោត គឺស្ថិតក្នុងអធិបតេយ្យភាពកម្ពុជា ទោះក្នុងព្រឹត្តការណ៍ណាក៏ដោយ។ ទៅប៉ែកខាងលិច និងពាយព្យ ដីធ្លាក់ដល់កន្លែងទេរ តែមិនខ្ពស់ជាងចំណោតឡើយ តែច្បាស់លាស់ ទៅដល់ជ្រលងដែលចែកប្រាសាទ ព្រះវិហារ និងភ្នំ ទ្រព្យ ជាជ្រលងដែលនៅប៉ែកខាងត្បូងឆ្ងាយទំនាបកម្ពុជា (សូមអានកថាខណ្ឌ ៨៩ ខាងលើ)។ ដោយសារមូលហេតុដែលលើកឡើង (សូមអានកថាខណ្ឌ ៩២‑៩៧ ខាងលើ) តុលាការពិចារណាថា ភ្នំ ទ្រព្យ ស្ថិតនៅក្រៅតំបន់វិវាទ ហើយសាលក្រមឆ្នាំ ១៩៦២ ពុំបានលើកឡើងថាតើ ភ្នំ ទ្រព្យ ស្ថិតក្នុងទឹកដីកម្ពុជា ឬ ថៃ ឡើយ។ ដូច្នេះ តុលាការចាត់ទុកថា ជ្រោយខ្ពស់នៃប្រាសាទ ព្រះវិហារ ចប់នៅជើង ភ្នំ ទ្រព្យ ពោលគឺជាកន្លែងដែលឡើងខ្ពស់ពីជ្រលង។
នៅប៉ែកខាងជើង កម្រិតនៃជ្រោយខ្ពស់ក្នុងខ្សែបន្ទាត់ផែនទី ឧបសម្ព័ន្ធ ទី១ ពីចំណុចនៅប៉ែក ឦសាន ប្រាសាទ ដែលខ្សែបន្ទាត់នៅជាប់ចំណោតដល់ចំណុចនៅប៉ែកពាយព្យនៃប្រាសាទ ដែលចាប់ផ្តើមឡើងពីជ្រលង នៅជើងភ្នំ ទ្រព្យ។ តុលាការពិចារណាថា កឋាខណ្ឌស្តីពីការអនុវត្ត ទី២ ក្នុងសាលក្រមឆ្នាំ ១៩៦២ តម្រូវឲ្យថៃដកជនជាតិថៃរបស់ខ្លួនដែលឈរជើងនៅជ្រោយខ្ពស់នេះចេញពីទឹកដីទាំងមូលនៃជ្រោយខ្ពស់ទៅទឹកដីរបស់ខ្លួនវិញ។
យើងឃើញយ៉ាងច្បាស់ថា ការបកស្រាយរបស់តុលាការយុតិ្តធម៌អន្តរជាតិនេះពុំបានសម្រេចឲ្យកម្ពុជាឈ្នះទេ ប៉ុន្តែផ្ទុយទៅវិញ វាជារង្វាន់របស់តុលាការអន្តរជាតិទៅឲ្យ ថៃឡង់។ ហេតុអ្វីយើងចាត់ទុកបរាជ័យនេះជាជ័យជម្នះ? អ្វីដែលយើងបានទទួលពីការទាមទារសម្រាប់ការបកស្រាយរបស់តុលាការយុតិ្តធម៌អន្តរជាតិ គឺដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃជាបណ្តោះអាសន្នមកនៅត្រឹមភ្នំ ទ្រព្យ និងតំបន់ជុំវិញប្រាសាទ ព្រះវិហារ។ បើទោះបីជាប្រទេសយើងតូច និងក្រីក្រក៏ដោយ ប៉ុន្តែវាមិនមានន័យថា យើងមិនអាចប្រយុទ្ធដើម្បីការពារទឹកដីជាតិរបស់យើង តាមមធ្យោបាយណាមួយនោះឡើយ៕
ប្រភពពី ភ្នំពេញប៉ុស្តិ