ខ្ចីរថយន្តប្រុសស្នេហ៍ជិះទៅហូបគុយទាវ ច្រឡំជាន់ហ្គារបោលបុកហាង ខូចខាតសម្ភារមួយចំនួន
ខេត្ដរតនគិរី ៖ នារីវ័យក្មេងបានបើករថយន្ដទំនើប ជារបស់មន្ដ្រីនគរបាលម្នាក់ ទៅហូបគុយទាវ ប៉ុន្ដែពេលបើកចេញពីហាងវិញ ច្រឡំដាក់លេខទៅមុខជាន់ហ្គារមួយទំហឹង បណ្តាលឲ្យរថយន្ត ស្ទុះចូលក្នុងហាងគុយទាវ បុកកិនសម្ភារមួយចំនួនខ្ទេចខ្ទីកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង តែសំណាងល្អដោយគ្មាន នរណាម្នាក់រងរបួស ។
នារីដែលបើករថយន្ដ បុកចូលក្នុងហាងលក់គុយទាវ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ មានឈ្មោះ អាលីន អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បានបើកបររថយន្តម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2B-5987។ ករណីនេះពុំបង្កឱ្យមាន មនុស្សស្លាប់និងរងរបួសទេ តែសម្ភារម្ចាស់ហាងឈ្មោះ ឌីន សំបូរ អាយុ ៤២ឆ្នាំ ជា មន្ដ្រីនគរបាល បានរងការខូចខាតមួយចំនួនធំ ។
នៅមុនពេលកើតហេតុ នារីបង្កហេតុដែលពុំមានជំនាញ ក្នុងការបើកបររថយន្ដ ហើយក៏គ្មានមានប័ណ្ណបើកបរ បានបើករថយន្ត ទៅហូបគុយទាវនៅក្នុងហាង ដែលគ្មានយីហោ តែគេនិយមហៅ ស៊ុបគុយទាវទាពិសេស ។ លុះពេលហូបរួចបានបើករថយន្ដចេញមកវិញ ខណៈដាក់លេខទៅមុខស្មានថា ដាក់លេខថយក្រោយ ក៏ជាន់ហ្គារ មួយទំហឹង បុកចូលទៅក្នុងហាងតែម្ដង ។
រថយន្ដដែលឈ្មោះ អាលីន បើកមកហូបគុយទាវនោះ ហើយជួបរឿងស៊យនោះ ជារបស់មន្ដ្រីនគរបាលម្នាក់ឈ្មោះ ភូ ផល្លី ប្រចាំការនៅច្រក ទ្វារអន្ដរជាតិអូរយ៉ាដាវ ហើយគេមិនបានដឹងពីទំនាក់ទំនង រវាងនារីម្នាក់នោះនិងមន្ត្រីនគរបាលឈ្មោះ ភូ ផល្លី នោះទេ។ យ៉ាងណាក៏ដោយ នារីបង្កហេតុបានធានាសង នូវការខូចខាតគ្រប់បែបយ៉ាង៕
ប្រភពពី វត្តភ្នំ