ព្រៃ កោងកាង កំពុងទទួលរងនូវការបំផ្លាញ
លោក ភូ តេង ប្រធានអង្គការអភិរក្សសត្វព្រៃកម្ពុជា ប្រចាំ ខេត្ត កំពត បានឲ្យដឹងថា ព្រៃកោងកាងកំពុងថយចុះនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដោយសារតែសកម្មភាពរបស់មនុស្ស ដែលរួមមានការចាក់ដីលុបដើម្បីយកដីធ្វើជាសម្បត្តិឯកជន និងប្រជាពលរដ្ឋបន្តកាប់បំផ្លាញជារៀងរាល់ថ្ងៃ ដូចជាកាប់យកទៅធ្វើអុសដុត និងកាប់លក់យកទៅធ្វើទ្រុងមាន់ ទ្រុងជ្រូកជាដើម។ លោក ភូ តេងបានបញ្ជាក់ថា៖ «កន្លែងណាក៏មានកាប់ដើមកោងកាងដែរ គ្រាន់តែថា មានតិចនិងច្រើនប៉ុណ្ណោះ។ ទប់ស្កាត់មិនឈ្នះនោះទេ»។
លើសពីនោះគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ និងព្រៃលិចទឹក ក៏ជាកត្តាគំរាមកំហែងមួយទៀតដល់ព្រៃកោងកាងដែរ។
លោក នាក់ សេន តំណាងប្រជានេសាទ ក្នុងសង្កាត់ ត្រើយកោះ ក្រុង កំពត បានឲ្យដឹងថា ផ្ទៃដី លិចទឹកព្រៃកោងកាង ទំហំប្រហែល ១ ពាន់ហិកតាក្នុងសង្កាត់ ត្រើយកោះ កំពុងប្រឈមមុខនឹងការបាត់បង់ ដោយសារគម្រោងអភិវឌ្ឍន៍។ តំណាងប្រជានេសាទរូបនេះថ្លែងដូច្នេះថា៖ «ដីនោះ ត្រូវបានគេបោះបង្គោលបណ្តើរៗហើយគឺសម្រាប់ធ្វើការវិនិយោគ។ វាជាដីរដ្ឋ តែយើងជាពលរដ្ឋ មិនអាចធ្វើអ្វីនៅទីនោះបានទេ។ គេប្រាប់ថា ទុកអភិវឌ្ឍ»។ លោក នាក់ សេន បានឲ្យដឹងទៀតថា សង្កាត់ ត្រើយកោះ ជាតំបន់ដ៏សំខាន់បំផុតរបស់ស្រែអំបិល ហើយការពង្រើកផ្ទៃដីសម្រាប់ធ្វើអាជីវកម្មស្រែអំបិលជាកត្តាដ៏គ្រោះថ្នាក់មួយដល់ព្រៃកោងកាង។
លើសពីនោះកំពង់ផែខ្នាតធំមួយដែលមានទំហំ ១ ពាន់ហិកតាកំពុងត្រូវបានសាងសង់នៅក្នុងស្រុក ទឹកឈូ ហើយបង្កផលប៉ះពាល់ដល់តំបន់ឆ្នេរក៏ដូចជាព្រៃកោងកាងផងដែរ។
លោក ម៉ម កេសី មន្ត្រី សិទ្ធិមនុស្សអង្គការ លីកាដូ ប្រចាំខេត្ត កំពត បានថ្លែងថា៖ «គេបូមខ្សាច់ចាក់លុបឆ្នេរនិងសាងសង់ទំនប់ការពារចូលទៅក្នុងសមុទ្រជាង ២០ គីឡូម៉ែត្រដែលនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានក៏ដូចជាឆ្នេរសមុទ្រ»។
លោក ស្រី ចាន់តារ៉ា អាយុ ៥២ឆ្នាំ ជាតំណាងសហគមន៍នេសាទក៏បានលើកឡើងផងដែរថា ក្រៅពីកំពង់ផែនោះ ក៏នៅមានក្រុមហ៊ុនឯកជនមួយឈ្មោះ កែវ ជា ដែលមានគម្រោងសាងសង់តំបន់ទេសចរណ៍មួយលើផ្ទៃដីទំហំ ២០០ ហិកតា នៅក្នុងភូមិ កែបថ្មី ឃុំ បឹងទូក ស្រុក ទឹកឈូ។ តំណាងរូបនេះបានថ្លែងថា៖ «ក្រុមហ៊ុនបានចាក់ដីលុបចូលសមុទ្រ ប្រហែល ១ គីឡូម៉ែត្រ ហើយ ដែលបានធ្វើឲ្យបាត់បង់ព្រៃកោងកាង ស្មៅសមុទ្រ និងបាត់បង់ធនធាននិងជម្រកសត្វផ្សេងៗទៀតជាច្រើន ហើយនេះវានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នកនេសាទយើងខ្លាំងណាស់»។
ក្រៅពីបណ្តាលឲ្យមានខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតសីតុណ្ហភាពក្តៅខ្លាំង និងភ្លៀងធ្លាក់មិនទៀងទាត់ការប្រែប្រួលអាកាសធាតុក៏កំពុងបង្កមហន្តរាយដល់ព្រៃកោងកាងផងដែរ។
លោក ស សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្ត កំពត បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុធ្វើឲ្យឆ្នេរបាក់ និងហូរច្រោះ ហើយកន្លែងខ្លះទៀត ធ្វើឲ្យគោករាក់ទឹកចូលមិនដល់ដែលបណ្តាលឲ្យដើមកោងកាងងាប់។ កំណើនប្រជាពលរដ្ឋ និងតម្រូវការដីសម្រាប់កសិកម្ម ក៏ជាមូលហេតុមួយផ្សេងទៀត ដែលនាំឲ្យព្រៃកោងកាងបាត់បង់ផងដែរ។ ទោះយ៉ាងណាលោក ស សារិន បានអះអាងថា ផ្ទៃដីព្រៃកោងកាងទាំងនៅក្នុងខេត្ត កំពត និងកែប មានការបាត់បង់តិចតួចប៉ុណ្ណោះ ដោយសារតែមានការដាំដុះឡើងវិញ។
លោកបានពន្យល់ថា អង្គការស្បៀងអាហារពិភពលោក (FAO) បានធ្វើការស្រាវជ្រាវឃើញថា នៅមុនឆ្នាំ ១៩៧០ ខេត្តទាំងពីរ មានផ្ទៃដីកោងកាងចំនួន ៣០០០ ហិកតា ហើយនាពេលបច្ចុប្បន្ននេះមាន ២៩៦៥ ហិកតា ក្នុងនោះនៅខេត្ត កំពត មាន ១៩៦០ ហិកតា និងកែប ចំនួន ១០០៥ ហិកតា។ ទំហំផ្ទៃដីព្រៃកោងកាងអាចនៅរក្សាបាន ដូច្នេះដោយសាររដ្ឋាភិបាល ដោយមានការឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗបានធ្វើការដាំដុះឡើងវិញបានចំនួន ១៧០ ហិកតាចាប់តាំងពីឆ្នាំ ១៩៩៥ មក។
លោក ស សារិន បានពន្យល់ប្រាប់ពីសារៈសំខាន់នៃព្រៃកោងកាងថា ដើមកោងកាងជួយទប់ស្កាត់ការហូរច្រោះដីឆ្នេរ ទប់សមុទ្រ ផ្តល់ជាជម្រកពងកូន លាក់ខ្លួន និងប្រភពចំណីរបស់វារីសត្វសមុទ្រ និងបក្សាបក្សី កាត់បន្ថយកម្ដៅព្រះអាទិត្យរនាំងបាំងទប់ព្យុះ និងជាតំបន់ទេសចរណ៍ដ៏សំខាន់ផងដែរ។ លើសពីនេះ នាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋជាង ១០ ម៉ឺនគ្រួសារនៅក្នុងស្រុក កំពង់ត្រាច ទឹកឈូ និងក្រុង កំពត និងខេត្ត កែប កំពង់រស់នៅដោយពឹងផ្អែកដោយផ្ទាល់ពីព្រៃកោងកាង ហើយរាប់ម៉ឺនគ្រួសារទៀតបានទទួលអត្ថប្រយោជន៍ដោយប្រយោល។ ដើម្បីធ្វើការការពារព្រៃកោងកាង អាជ្ញាធររួមនឹងអង្គការក្រៅរដ្ឋាភិបាលបានធ្វើការផ្សព្វផ្សាយពីសារៈសំខាន់របស់ព្រៃកោងកាងដល់ប្រជានេសាទបានចំនួន ២៦ ភូមិតាមឆ្នេរ ហើយបានបោះបង្គោលកំណត់ព្រំប្រទល់ការពារព្រៃកោងកាងស្ទើរតែមួយរយភាគរយហើយ។
លោក សារិន បានបញ្ជាក់ទៀតថា៖ «ទាំងនេះគឺសុទ្ធតែជាវិធានការចូលរួមដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ គឺយើងឲ្យសហគមន៍ចូលរួមការពារ និងដាំដុះឡើងវិញ»។
លោក ណាក់ សុវណ្ណារី អភិបាលក្រុង កំពត បានថ្លែងថា លោកមិនបានដឹងច្បាស់អំពីគម្រោងអភិវឌ្ឍន៍ធ្វើឲ្យប៉ះពាល់ព្រៃកោងកាងនៅក្នុងក្រុង កំពត នោះទេ។ ចំណែក លោក សៅ សំបូរ ក្រុមប្រឹក្សាស្រុក ទឹកឈូ និងជាអតីតអភិបាលស្រុក ទឹកឈូ បានថ្លែងថា គម្រោងសាងសង់នីមួយៗ នៅក្នុងស្រុករបស់លោកមានការត្រួតពិនិត្យត្រឹមត្រូវពីក្រុមជំនាញ ហេតុដូចនេះការប៉ះពាល់ណាមួយ ដូចជា មិនមាននោះទេ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍