ផ្ទុះអាវុធ និងបាញ់គ្រាប់បែកផ្សែង របួសកម្មករពីរនាក់ ដើម្បីរំដោះប៉ូលិស ពីការឡោមព័ទ្ធ
ភ្នំពេញ: រហូតដល់ម៉ោង ១១ ព្រឹកនេះ មានការផ្ទុះអាវុធ ដោយប៉ូលិសបាញ់កាំភ្លើងខ្លី និងបាញ់គ្រាប់បែកផ្សែង នាំឲ្យរបួសកម្មករកាត់ដេរ ពីនាក់។ ម្នាក់ត្រូវគ្រាប់ ត្រង់ភ្លៅ និងម្នាក់ទៀត ត្រូវគ្រាប់កាំភ្លើង ចំដើមទ្រូង។ ប៉ូលិស ព្យាយាម រំដោះប៉ូលិស ៤ នាក់ ដែលកម្មករឡោមព័ទ្ធក្នុងវត្តស្ទឹងមានជ័យ។
សូមរម្លឹកថា ក្រុមកម្មកររោងចក្រកាត់ដេរ SL រាប់រយនាក់ ដែលបានដើរហែក្បួន ទៅសុំអន្តរាគមន៍ពីសម្តេចហ៊ុនសែន នៅផ្ទះរបស់លោក នៅវិមានឯករាជ្យ នាព្រឹកថ្ងៃទី១២វិច្ឆិកានេះ បានប៉ះទង្គិចជាមួយនឹងក្រុមសមត្ថកិច្ចប៉ូលិស នៅចំណុចស្ពានស្ទឹងមានជ័យ។
ប៉ូលិសព្យាយាម រារាំងកម្មករ ដែលនាំឲ្យមានការប៉ះទង្គិចនោះ។ កម្មករដំបូងឡើយ ត្រូវប៉ូលិសវាយបំបែក ដោយប្រើឡានទឹកផង។ ក្រោយមក មានការគប់ដុំថ្មដាក់គ្នា ហើយក្រុមកម្មករ បានវាយឡានប៉ូលិស និងដុតឡានប៉ូលិស ១ គ្រឿង នៅមុខវត្តក្លោងទ្វារ វត្តស្ទឹងមានជ័យ។
ប៉ូលិសមួយចំនួន ដែលបានប្រើអំពើហិង្សា វាយលើក្រុមកម្មករ បានរត់ចូលវត្តស្ទឹងមានជ័យ។ រីឯកម្មករជាច្រើនរយនាក់ បានហ៊ុំព័ទ្ធ ចាប់ប៉ូលិស។
ម៉ូតូប៉ូលិសជាច្រើនគ្រឿង ក៏ត្រូវកម្មករវាយកម្ទេច និងអូសយកទៅដុតចោល ជាមួយនឹងឡានប៉ូលិស ដែលកំពុងឆេះផងដែរ។
ជាការកត់សម្គាល់ ជម្លោះនៅរោងចក្រកាត់ដេរ SL នៅភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យ បានកើតឡើងជាង ៣ ខែមកហើយ។ ក្រុមកម្មករ ទាមទារឲ្យមានការដកប្រធានរដ្ឋបាលរោងចក្រ រួមទាំងលក្ខខណ្ឌជាច្រើនទៀត៕
ប្រភពពី CEN