ឡិចស៊ីសរបស់អ្នកតំណាងរាស្ត្រ ជាម យៀប បើកបុកពលរដ្ឋក្រីក្រ ២ នាក់ គ្មាននរណាហ៊ានឃាត់
ជនរងគ្រោះទាំង ២ នាក់ជិះម៉ូតូម៉ាកស្កូពី ឌុបគ្នារួមមានឈ្មោះ ភិន សោភា ភេទស្រី អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្ដតាកែវ រងរបួសធ្ងន់ បាក់ដៃ បាក់ជើង និងរយះ ស្បែកក្បាល និងម្នាក់ទៀតមានឈ្មោះ ភឿន ខា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិពងទឹក ឃុំក្រាំងតាយ៉ូវ ស្រុកពាមរក៍ ខេត្ដព្រៃវែង ។ រថយន្ដបង្កម៉ាកឡិចស៊ីស ៥៧០ ពណ៌ខ្មៅ ក្រោយកើតហេតុ អ្នកបើកបររថយន្ដ បានឈប់ដោះស្លាកលេខចេញ ប៉ុន្ដែបើតាមសាក្សី ដែលដេញតាមពីក្រោយបានប្រាប់ថា រថយន្ដបង្កពាក់ស្លាកលេខ រដ្ឋ ២-០០៧ ជិះដោយតំណាងមួយរូប ដែលសមត្ថកិច្ចបានលាក់ឈ្មោះ ។
ក្រោយពេលកើតហេតុ រថយន្ដបង្កបានបើកគេច ពីស្រុកកៀនស្វាយ ចូលមករាជធានីភ្នំពេញ ដោយ សុវត្ថិភាព ទោះបីជាសមត្ថកិច្ចដែលឈរជើង នៅខណ្ឌមានជ័យ ឃើញរថយន្ដបង្កបើកឆ្លងកាត់ ក៏ដោយ ក៏មិនចាប់ដែរ។ រថយន្ដបង្កបានបើកបរ ក្នុងល្បឿនលឿន ពីអ្នកលឿងមកភ្នំពេញ ចំណែកម៉ូតូជនរងគ្រោះ បើកបញ្ច្រាសទិសគ្នា ពេលមកដល់ចំណុចកើតហេតុ ភាគីម៉ូតូបានបើកជែង រថយន្ដមួយគ្រឿងនៅខាងមុខ គ្រានោះរថយន្ដឡិចស៊ីស ដែលបើកបរក្នុងល្បឿនលឿន ស្រាប់ផងនោះ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបានបុកម៉ូតូជនរងគ្រោះ ចំពីចំហៀងខាងស្ដាំផ្នែកខាងមុខ បណ្ដាលឱ្យបែកចង្កៀងខ្ទេច និងធ្លាក់កញ្ចក់ ហើយអ្នកជិះបានបោកលើផ្លូវ រងរបួសធ្ងន់ ។
ប្រជាពលរដ្ឋបានរិះគន់ថា លោកតំណាងរាស្ដ្រ ដែលបានបង្កគ្រោះថ្នាក់ គួរតែចេញមុខមកដោះស្រាយផ្តល់ សំណងដល់ជនរងគ្រោះទាំង ២ នាក់ ដែលជាជនក្រីក្រ ស្លូតត្រង់ មិនគួរបើករថយន្ត គេចបែបនេះទេ។ សូមបញ្ជាក់ថា រថយន្ដឡិចស៊ីសបង្កហេតុ បានបើកចូលមករាជធានីភ្នំពេញ ក្នុងចម្ងាយដី ប្រមាណ ៣០ គីឡូម៉ែត្រ ហើយក៏មានរថយន្ដតាក់ស៊ី មួយគ្រឿង ដេញតាមពីក្រោយ និងបានផ្ដល់ព័ត៌មាន ឱ្យសមត្ថកិច្ចតាមគោលដៅស្ទាក់ចាប់ តែគ្មានអ្នកណាហ៊ានចេញ មកស្ទាក់ចាប់ទេ ព្រោះខ្លាចអំណាចលោកតំណាងរាស្ដ្រ ដែលជិះក្នុងរថយន្ដនោះ ហើយប្រសិនបើសមត្ថកិច្ច មានចេតនាចាប់នោះ គឺរត់មិនរួចឡើយ៕
___________________________
ប្រភពព័ត៌មានពី៖ សារព័ត៌មានវត្តភ្នំ
ប្រភពព័ត៌មានពី៖ សារព័ត៌មានវត្តភ្នំ