តើខ្មែរពិតជាខ្សាច់រាយមួយចានដែលមិនអាចរួបរួមគ្នាបានឬ?
មាតាកម្ពុជា ត្រូវការអ្នកមានសមត្ថភាព ក្លាហានមានគុណធម៌មួយក្រុម ដើម្បីពូតខ្សាច់រាយមួយចាន ឲ្យទៅជាថ្មរឹងមួយដុំ ដើម្បីទាមទារអត្តសញ្ញាណនៃពូជសាសន៍ដ៏អស្ចារ្យ ដែលកសាងមហាអាណាចក្រអង្គរត្រឡប់មកវិញ ទាមទារភាពអៀនខ្មាសរបស់ប្រជាជនខ្មែរត្រឡប់មកវិញ។ មានតែភាពក្លាហាន តែគ្មានគំនិតគឺប្រាកដជាចាញ់។ ចេះតែទប់មិនវាយគឺប្រាកដជាចាញ់។ មានចិត្តក្លាហាន មានគំនិតតែមិនយល់ការ គឺប្រាកដជាចាញ់។ ចេះទប់ចេះវាយ តែមិនយល់កាលៈទេសៈគឺប្រាកដជាចាញ់។ អ្នកខ្លាំងត្រូវមានមូលហេតុ បើខ្លាំងមិនត្រូវរឿង គឺជាមនុស្សល្ងង់ ធ្វើការងារអាងតែកម្លាំង គឺរស់មិនបានយូរ។ អ្នកខ្លាំង ដែលមិនស្គាល់ខ្លួនឯងមិនគួរឲ្យខ្លាចទេ ផ្ទុយទៅវិញមនុស្សតូចទាបតែដឹងចំណុចខ្លាំងចំណុចខ្សោយខ្លួនឯង ច្បាស់ ទើបគួរឲ្យភ័យ។
គេធ្វើផែនការ ៥ យ៉ាង ដើម្បីឲ្យខ្មែរក្លាយទៅជាខ្សាច់រាយមួយចានតែកូនល្ងង់ មិនយល់ការមិនគិតកិច្ចការធំ គិតតែកាប់សម្លាប់ជិះជាន់ធ្វើទុក្ខបុកម្នេញបងប្អូនឈាមឯង ក្នុងគ្រួសារទៅវិញ។ មហិច្ឆតាវាតទីនិយម របស់នគរជិតខាងយើង ដើម្បីរំលាយស្រុកខ្មែរមិនមែនជារឿងនិទានទេ ក៏ប៉ុន្តែជាផែនការយុទ្ធសាស្ត្រប្រាកដនិយម តាំងតែពីដើមរហូតដល់ពេលនេះ ពីព្រោះភ័ស្តុតាងប្រវត្តិសាស្ត្រច្បាស់នឹងភ្នែក ដីខ្មែរសុរិន ១២ ខេត្ត នៅខាងលិច ដីកម្ពុជាក្រោម ២១ ខេត្តនៅខាងកើត បានបាត់បង់រួចទៅហើយ ប៉ុន្តែផែនការឥណ្ឌូចិន មិនទាន់បញ្ចប់ត្រឹមនេះទេ តែវាកំពុងបន្តយ៉ាងសកម្មតាំងពីបារាំងបានដកចេញពីឥណ្ឌូចិនមកម៉្លេះ ដោយគេអនុវត្តផែនការ ៥ ឆ្នាំម្តងៗ ចំនួន ៥ ផែនការជាបន្តបន្ទាប់ ដើម្បីបន្ទន់ឆ្អឹងខ្មែរ ហើយលេបខ្មែរទាំងមូលតែម្តង។
ទី១.រណសិរ្សយោធាពោលគឺការពិត ខ្មែរក្រហម គ្មានថ្ងៃដែលអាចឡើងកាន់អំណាចបានទេប្រសិនបើខាងកើតមិនជួយឧបត្ថម្ភគាំទ្រទាំងលុយ ទាំងសព្វាវុធទាំងទាហានដល់ក្រុមកុម្មុយនីស្តខ្មែរក្រហម ដែលបង្កើតឡើងដោយហូជីមិញតាំងពីឆ្នាំ ១៩៥១ មកម៉្លេះ ខ្មែរក្រហមជាខ្មែរតែដើរតាមគំរូបដិវត្តន៍ ចិន-វៀតណាម។ ថ្នាក់កម្មាភិបាលខ្មែរក្រហម គឺមានមនុស្សបីប្រភេទ ក.យុវជនខ្មែរគ្មានការអប់រំរត់ចូលព្រៃម៉ាគី (ព្រៃតស៊ូ) ខ.យុវជនខ្មែរវៀតមិញដែលខាងកើតយកទៅលាងខួរក្បាលតាំងពីទសវត្សរ៍ ទី៤០ ចំនួន ៤០០០ នាក់ គ.យុទ្ធជនខាងកើតដែលចេះភាសាអក្សរសាស្ត្រវប្បធម៌សង្គមធម៌ ខ្មែរយ៉ាងច្បាស់ ត្រូវបានបញ្ជូនមកចូលជួយក្រុមខ្មែរក្រហមតាំងពីឆ្នាំ ៥០ ដូចនេះនយោបាយខ្មែរក្រហមគឺដើរតាមផ្លូវគូសវាសពីខាងក្រៅហើយ មិនខុសពីទីងមោងដែលត្រូវគេលើកបន្តុប ដើម្បីអនុវត្តនយោបាយឲ្យខ្មែរស្អប់ខ្មែរកាប់សម្លាប់ឈាមឯង កាត់ដៃកាត់ជើងចាក់កបង្ហូរឈាមឲ្យខ្សោះ បង្អត់អាហារ ឈឺគ្មានថ្នាំគ្មានក្រដាសប្រាក់ សម្លាប់សេដ្ឋកិច្ចរំលាយវប្បធម៌ កម្ទេចបញ្ញាវន្តដុតផ្ទះចោលបង្ខំឲ្យកណ្តុរកន្លាតរត់ចេញពីផ្ទះទៅពឹងគេ។
៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃមកដល់ ជាពេលវេលាល្អ សម្រាប់កងទ័ពខាងកើត ១២ កងពល បានវាយចូលភ្នំពេញ ដាក់ជំនាញការគ្រប់គ្រងប្រើទាហានគាបសង្កត់ លើកបន្តុបមនុស្សមួយក្រុមឲ្យដឹកនាំប្រទេសខ្មែរ ក្នុងទម្រង់យុទ្ធសាស្ត្រសេះត្រូសង្ស (Trojan Horse) រូបភាពខ្មែរតែខ្លឹមសារបរទេស។ តើនេះគឺជារឿងយល់សប្តិចៃដន្យឬយ៉ាងណា?
ទី២.រណសិរ្សនយោបាយ តើជំនាញការបរទេសតាមក្រសួងថ្នាក់ជាតិដកចេញទៅវិញឬនៅ? ប៉ុន្តែដើម្បីអាចគ្រប់គ្រងនគរមួយត្រូវបានគេគ្រប់គ្រងក្បាលម៉ាស៊ីនរដ្ឋ និងកាន់កាប់ម៉ាស៊ីនបក្ស កិច្ចការ ទី១ គឺ រៀបចំឲ្យមានមនុស្សគេជាបណ្តាញបក្ស នៅគ្រប់ទីកន្លែងក្រសួង មន្ទីរ គ្រប់ខេត្តក្រុង ឲ្យកាន់ការងាររដ្ឋ ជំនួសរាជការជំនាញការជាអ្នកសម្រេចការងារហើយមន្ត្រីខ្មែរ បានត្រឹមលើកបក្សឲ្យធំជាងរដ្ឋ បក្សមាន រដ្ឋក្រ មន្ត្រីធាត់ រាស្ត្រស្គម ចំណែកកិច្ចការ ទី២ គឺលើកបន្តុប ជួយជ្រោមជ្រែងក្រុមដឹកនាំមួយក្រុម ដែលមានសិទ្ធិអំណាចសម្រេចកិច្ចការធំៗ កាន់គោលនយោបាយជាតិធំៗ ត្រួតមើលការងាររដ្ឋធំៗ ក្រោមយុទ្ធសាស្ត្រ ៣ សម្លាប់ ៤ មធ្យោបាយ គឺ ក.សម្លាប់ជាតិសាសន៍ក្នុងប្រទេសនោះទាំងផ្ទាល់ ទាំងប្រយោលទាំងភ្លឺទាំងងងឹត ខ.សម្លាប់ សេដ្ឋកិច្ចនិងកម្ទេចធនធានធម្មជាតិ គ.សម្លាប់ស្មារតីជាតិនិយម នៃពូជសាសន៍ក្នុងប្រទេសនោះ តាមរយៈមធ្យោបាយ ៤ យ៉ាង។
មធ្យោបាយ ទី១.សម្លាប់ក្រោមរូបភាពសង្គ្រោះ សំដៅដល់ការជួយរំដោះឆ្នាំ ១៩៧៩ ទី២.បំពុល ក្រោមរូបភាពបំប៉នសំដៅដល់រោងបារ៍គ្រប់ទីកន្លែងស្រីស្រាល្បែង ទី៣.បំផ្លាញក្រោមរូបភាព កសាង ជ្រកក្រោមស្លាកអភិវឌ្ឍតែកាប់បំផ្លាញព្រៃឈើជីកកកាយរ៉ែ ទី៤.កម្ទេចខ្លឹមសារពិតនៃធម៌ ក្រោមរូបភាពធ្វើបុណ្យ ប្រែក្លាយវត្តអារ៉ាមទៅជាមន្ទីរបក្សមេវត្តគឺមេបក្សសង្ឃ ហាមឃាត់សង្ឃមិនឲ្យចូលរួមជួយសង្គមក្រោមលេសវិន័យសាសនាប្រជែងគ្នាទេសនាធ្វើបុណ្យយកស័ក្តិលើកមុខតម្កើងរូបភាព តែមិនយល់ខ្លឹមធម៌ពិតមិនដឹងធាតុបុណ្យច្បាស់ សង្ឃមិនចំសង្ឃ បាយបិណ្យជាបាយបាត្រ។ តើនេះគឺជារឿងយល់សប្តិចៃដន្យ?
ទី៣ .រណសិរ្សសេដ្ឋកិច្ចក្រុមហ៊ុនយន្តហោះរបស់រដ្ឋ Royal Cambodia មានតែមិនមើលថែទាំ សុខចិត្តទុកឲ្យស្លាប់ ហើយទៅបង្កើត Cambodia Angkor Air ចូលហ៊ុនជាមួយខាងកើតមានតែឈ្មោះខ្មែរ តែយន្តហោះប្រតិបត្តិការគេ។ ក្រុមហ៊ុនទូរស័ព្ទប្រទេសជិតខាងមួយ ចូលស្រុកខ្មែរ ៦ ខែធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកខាតលុយរាប់លានបិទទ្វារជាបន្តបន្ទាប់ ដែលក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទនៃក្រសួង ការពារជាតិរបស់ប្រទេសគេ ដោយឮគេថាក្រុមហ៊ុននេះ មានបំពាក់ម៉ាស៊ីនចារកម្មយោធាពីរគ្រឿងទុកស្តាប់សំឡេង។ សេវាក្រុមហ៊ុននេះ មានតម្លៃថោកខ្លាំង ចែកលេខសេរីឲ្យនគរបាល ទាហាន សិស្សនិស្សិតមន្ត្រីរាជការ។ យកដីសម្បទានរាប់ម៉ឺនហិកតា បញ្ចូលអតីតយោធិនមកគ្រប់គ្រងមួយគ្រួសារមួយហិកតា កុងត្រាពី ៧០ ទៅ ៩០ ឆ្នាំ ធ្វើកសិឧស្សាហកម្មគ្រប់គ្រងដង្ហើមសេដ្ឋកិច្ចកសិករខ្មែរ ប្រែក្លាយម្ចាស់ដី ទៅជាកញ្ជះស៊ីឈ្នួលគេ បរទេសជាថៅកែរកស៊ីផងធ្វើនយោបាយលេបដីផង។ ផលិតទំនិញថោក នាំចូលមកលក់ថោកជាងទំនិញក្នុងស្រុកដើម្បីសម្លាប់សហគ្រាសតូចតាចក្នុងស្រុកឲ្យរលំ។ ធ្វើកិច្ចព្រមព្រៀងព្រំដែនទឹកប្រវត្តិសាស្ត្របន្ថែមក្តោបដង្ហើម សមុទ្រលាតសន្ធឹងកំពង់ផែ អូកែវ។ តើនេះគឺជារឿងយល់សប្តិឬចៃដន្យ?
ទី៤.រណសិរ្សសង្គម បំពុលក្រោមរូបភាពបំប៉ន តាមរយៈការពង្រីករោងបារ៍ បនស្រីស្រាល្បែងដោយបង្កើតហាងពេស្យាចារ ជនជាតិខាងកើតគ្រប់ទីកន្លែងពង្រីកហាងស៊ីផឹក បំពុលយុវជនខ្មែរបង្កើតក្លិបល្បែងតាមព្រំដែនប្រើប្រាស់ហាងកាហ្វេជាប្រភពយកការណ៍ប្រមូលព័ត៌មានសង្គមគ្រប់គ្រងដោយរដ្ឋាភិបាលស្រមោលគឺសមាគមជនជាតិខាងកើត ២៤ ខេត្តក្រុង មើលថែរក្សាយកចិត្តទុកដាក់ទំនុកបម្រុងលើកស្ទួយការពារជនជាតិគេ និគមជនគេ។ តើនេះគឺជារឿងយល់សប្តិ ចៃដន្យ?
អាចមានមនុស្សយល់ថា វាមិនអាចទៅរួចឬថាវាជាការយល់សប្តិការរវើរវាយរបស់អ្នកពន្ធ ប៉ុន្តែប្រវត្តិសាស្ត្រ បានកើតឡើងរួចទៅហើយ ហើយចូរចាំថា អ្វីៗដែលកើតឡើង ក្នុងនយោបាយ មិនមែនកើតឡើងដោយការយល់សប្តិទេ គឺសុទ្ធតែកើតឡើងពីការរៀបចំទុកជាមុន។ យកចរន្តសម្ភារនិយមរបស់សង្គម ធ្វើជាចំណុចខ្លាំងប្រើប្រាស់ការបែកបាក់សាមគ្គីជាតិខ្មែរ ជាចំណុចខ្សោយវាយក្រៅបំបែកក្នុង រុញទូកបណ្តោយទឹកឲ្យតម្លៃសម្ភារខ្ពស់ជាងមនុស្សបែងចែកមានក្រ បណ្តុះជំងឺអាត្មានិយម យករួចខ្លួន មិនខ្វល់ពីអ្នកណានៅក្នុងសង្គមឡើយ។
ទី៥.រណសិរ្សវប្បធម៌ អប់រំសុខភាព ពោលគឺ អ្វីដែលគួរឲ្យខ្លាចជាងគេបំផុត ក្នុងលោកនេះ គឺមនុស្សល្ងង់។ ឫសគល់រឹងមាំខ្លាំងក្លារបស់ជាតិមួយគឺនៅនឹងវប្បធម៌ ឫសកែវនៃវប្បធម៌ គឺនៅនឹងសង្គមធម៌ អ្នកកសាងសង្គមធម៌ គឺមនុស្សខ្មែរ ប្រើប្រាស់មធ្យោបាយអប់រំ បណ្តុះបណ្តាលគំនិតសាបព្រោះវប្បធម៌ ភាសាអក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ ទស្សនវិជ្ជា សិល្បៈផ្ទុយមកវិញចង់រំលាយជាតិសាសន៍មួយ ត្រូវបំផ្លាញឫសគល់វប្បធម៌ ចង់កម្ទេចឫសគល់វប្បធម៌ ត្រូវបំពុលមនុស្សខ្មែរឲ្យទន់ខ្សោយចង់ធ្វើឲ្យខ្មែរទន់ខ្សោយ គឺត្រូវបំផ្លាញមូលដ្ឋានគ្រឹះអប់រំ បើដំបូលសាលាធ្លុះធ្លាយ ដំបូលជាតិក៏បែកបាក់។
បណ្តុះពូជតែគ្មានខ្លឹមបង្កើតរូបភាព តែគ្មានសារជាតិ មានពណ៌តែគ្មានរស់ជាតិមិនឲ្យរៀនប្រវត្តិសាស្ត្រជាក់ស្តែង បង្រៀនតែត្រូវមិនបង្រៀនខុស មិនចាំមេរៀនអតីតកាល បំភ្លេចដូនតាមើលងាយម្តាយឯង បែងចែកល្អអាក្រក់មិនបានកំណត់សត្រូវនិងមិត្តមិនដាច់ស្រេចជាតិសាសន៍ដែលមិនស្គាល់ខ្លួនឯង ជាជាតិសាសន៍ដែលទន់ខ្សោយបាត់បង់អំនួតជាតិ មើលងាយពូជសាសន៍ខ្លួនឯង បែកបាក់សាមគ្គីគ្មានការឯកភាពជាតិ។
បើមើលតាមរឿងរ៉ាវថ្មីៗខ្លះៗកន្លងទៅបក្សកាន់អំណាចចង់ដោះដៃ ស្រាយចំណងលោតចុះពីលើខ្នងក្រពើរត់ទៅអោបចិនក្នុងរូបភាពទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រស៊ីជម្រៅ ដោយចាប់ផ្តើមធ្វើការងារបីធំ ជាមុន ទី១.ឈប់ជួលយន្តហោះ Cambodia Angkor Air មួយគ្រឿងតម្លៃ ៩០ លានដុល្លារក្នុងមួយឆ្នាំទៅជួលយន្តហោះចិនមួយគ្រឿងក្នុងតម្លៃដូចគ្នា សម្រាប់ក្រុមមេដឹកនាំខ្មែរហោះហើរទៅធ្វើការងារក្នុងពិភពលោក ធ្វើនេះគឺដើម្បីសុវត្ថិភាពមេដឹកនាំ ទី២.ទិញផ្កាយរណប មួយគ្រឿងតម្លៃ ៤០០ លានដុល្លារមកពី ចិន ប្រើប្រាស់សម្រាប់ទូរគមនាគមន៍របស់រដ្ឋដើម្បីផ្តាច់ព័ត៌មានពី ក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត នេះដើម្បីឯករាជ្យម្ចាស់ការព័ត៌មានដោយខ្លួនឯង។ ទី៣.ពីមួយ អាណត្តិ ទៅមួយអាណត្តិ ជាពិសេស នីតិកាល ទី៥ នេះ បានកាត់ដៃកាត់ជើងមន្ត្រីធំៗមួយចំនួន ដែលមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ តើប្រទេសដែលខឹតខំប្រើគ្រប់មធ្យោបាយដើម្បីលេបត្របាក់កម្ពុជា ព្រមលែងកម្ពុជាដែរឬទេ? គេហាក់ដូចជាដឹងថា មិនអាចទប់កម្ពុជានិងប្រជែងជាមួយចិនបានទេ។
បើពិតជាចង់ ធ្វើការងារធំពិតប្រាកដមែន ការងារដ៏សំខាន់ជាងគេបំផុត គឺកសាងមេដឹកនាំខ្លាំងមួយក្រុម បណ្តុះឧត្តមសេនីយ៍ខ្លាំងមួយកង និងបង្ហាត់ទ័ពខ្លាំងមួយបន្ទាយជាមុនសិន មុនចេញច្បាំង ពីព្រោះក្នុងសង្គ្រាមគ្មានទ័ពណា ដែលច្បាំងមិនដែលចាញ់នោះទេ មានតែទ័ពខ្លាំងពិតប្រាកដទេដែលអាចឈ្នះសមរភូមិច្រើនជាងគេ។ ហេតុអ្វីក៏មានមនុស្សមានជំងឺតួឯកនិយមច្រើនម៉្លេះដែលយល់ថា មានតែខ្លួន បក្សខ្លួន ពួកខ្លួន ក្រុមខ្លួនទេ ជាវីរបុរស ជាអ្នកស្នេហាជាតិ? ហេតុអ្វីមិនទុកប្រៃទុកសាប ទុករឹងទុកទន់ទៅម្ខាង ហើយយកត្រឹមតែទឹក មកលាយគ្នា ឲ្យទៅជាមហាទឹកឲ្យរាស្ត្រដែលកំពុងស្រេកទឹកបានផឹកមួយនគរទៅ? ឃើញច្បាស់នឹងភ្នែកបែបនេះទៅហើយតើនៅមានកូនល្ងង់ណាហានលើកដៃសម្លាប់ឈាមឯងទៀតទេ? ចង់ដោះស្រាយបញ្ហាដ៏ធំនេះ មិនអាចអំនួតតក់ក្រហល់ ការងារច្របូកច្របល់ គ្មានយុទ្ធសាស្ត្របានទេ។ តើខ្មែរពិតជាខ្សាច់រាយមួយចាន ដែលមិនអាចរួបរួមគ្នាបានមែនឬ? មានតែខ្មែររួបរួមគ្នាទេ ទើបខ្មែរខ្លាំង។ តើយើងអាចរួបរួមឈាមយើងដើម្បីម្តាយដ៏កំសត់របស់យើងបានទេ?
និស្សិតក្មេងវត្ត កូនអ្នកស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com ខេត្ត កំពង់ឆ្នាំង
____________________
ប្រភពពីភ្នំពេញប៉ុស្តិ៍