ល្បិចបោកស្រីតាមទូរសព្ទ ខ្លះសន្យាឲ្យសុទ្ធតែឡានមួយគ្រឿង!
យុវតីមួយចំនួនបានឲ្យដឹងថា ខ្លួនសុទ្ធតែធ្លាប់មានបទពិសោធន៍មានបុរសទូរសព្ទមកញ៉ែ ដោយប្រើយុទ្ធសាស្ត្រប្លែកៗ ក្នុងការលួងលោមនាងឲ្យលង់ក្នុងអន្លង់ស្នេហ៍។ អ្នកខ្លះថា ដោយសារគេធ្លាប់ឮមិត្តភ័ក្ដិប្រាប់ពីល្បិចទាំងនោះពីមុនមក កុំអីគេអាចនឹងចាញ់បោកដែរហ្នឹង។ ទោះបីយ៉ាង យុវតីទាំងនេះមិនចង់ឲ្យយុវតីដ៏ទៃទៀត ដែលពុំបានដឹងរឿងបែបហ្នឹង ចាញ់បោកគេឡើយ ដូច្នេះគេបានចែករំលែកបទពិសោធន៍តាមរយៈគេហទំព័រSabayខាងក្រោមនេះ៖
យុវតី ណក់ ធារី អាយុ២៦ កម្មការិនីរោងចក្រនៅម្ដុំបឹងក្រពើ រាជធានីភ្នំពេញ ឲ្យដឹងថា កញ្ញាធ្លាប់មានអ្នកមិនដែលស្គាល់សោះទូរសព្ទចូលមក ហើយនិយាយថា ខ្លួនច្រឡំលេខ។ ក្រោយពីកញ្ញាថាសុំលា បុរសម្នាក់នោះក៏បានសុំរាប់អានកញ្ញាធ្វើជាមិត្ត និងសុំទូរសព្ទមកលេងកញ្ញានៅរាល់ពេលល្ងាច ក្រោយចេញពីធ្វើការ។
រូបតំណាង (រូបភាព៖ Globerove & Stickmanbangkok)
កម្មការិនីរូបនេះថា៖ “គាត់ទូរសព្ទមករាល់ថ្ងៃពុំសូវដាច់ឡើយ ហើយម្ដងណាក៏តែងតែសុំខ្ញុំជួបផ្ទាល់ដែរ។ ដោយទទូចសុំខ្ញុំជួបច្រើនដងពេក ខ្ញុំក៏ចាប់អារម្មណ៍ថា គេមានបំណងចង់បោកខ្ញុំតែម្ដង។ មើល៍ ពេលទូរសព្ទមកដំបូង គេថាសុំធ្វើត្រឹមមិត្ត ក្រោយមកសួរខ្ញុំថាធ្វើការងារអ្វី រួចហើយសួរអាយុ និងសម្បុរ ព្រមទាំងកម្ពស់កំពទៀត។ មិនទាន់បានប៉ុន្មានផង គេបែរជាចង់ជួបមុខផ្ទាល់ទៀត។ ប៉ុណ្ណឹងហើយ បើគេមិនបោក ស្អីទៀត”។
ចំណែកកញ្ញា តោ បានអុក អាយុ២៣ឆ្នាំ និស្សិតនៃសាកលវិទ្យាល័យឯកជនមួយ ក្នុងរាជធានីភ្នំពេញ ឲ្យដឹងថា មានអ្នកស្គាល់កញ្ញាតាមហ្វេសប៊ុក បានស៊ើបរកលេខទូរសព្ទរបស់កញ្ញាតាមមិត្តភ័ក្ដិ ហើយបានខលមកកញ្ញាដោយហៅឈ្មោះច្បាស់ៗតែម្ដង។ ដោយសារចង់រាប់អានមិត្តផង យុវតីរូបនេះបានបន្តនិយាយទូរសព្ទឆ្លើយឆ្លងជាមួយគេ និងបានប្រាប់ពីស្ថានភាពនៃការសិក្សារបស់ខ្លួនដល់បុរសនោះផង។
លុះថ្ងៃមួយ កញ្ញាត្រូវធ្វើដំណើរទៅកាន់ខេត្តសៀមរាបរយៈពេលមួយសប្ដាហ៍ ដើម្បីប្រមូលព័ត៌មានសម្រាប់សរសេរសារណារបស់ខ្លួន បុរសរូបនោះបែរជាសុំស្ម័គ្រជូនទៅខេត្តនោះ ដោយអះអាងថា ខ្លួនមានឡានជូនទៅទាក់ទងដល់កន្លែងស្រង់ព័ត៌មានទាំងនោះតែម្ដង។
កញ្ញាបានអុកបន្ថែមថា៖ “ពេលខ្ញុំបដិសេធហើយ ហើយគេក៏យល់ព្រមដែរ តែមួយសន្ទុះក្រោយមក គេក៏ទូរសព្ទមកម្ដងទៀត រួចនិយាយរឿងសុំជូនខ្ញុំទៅដដែល។ ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំក៏នៅតែមិនយល់ព្រម។ ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍ថា គេមានបំណងអ្វីមិនល្អមកលើខ្ញុំហើយ ដូច្នេះខ្ញុំក៏ដូរលេខទូរសព្ទ កុំឲ្យគេខលចូលរហូត។ ខ្ញុំគិតថា យុវតីដទៃទៀត គួរតែចាប់អារម្មណ៍អ្នកខលចូលមក និងទទូចចង់បានអ្វីមួយពីយើងដដែលៗ នោះហើយគឺជាល្បិចបោក”។
រីឯកញ្ញា សៅ ស៊ីណាត អាយុ២៦ឆ្នាំ អ្នកទទួលភ្ញៀវនៅភោជនីយដ្ឋានបរទេសមួយក្នុងខេត្តសៀមរាប ឲ្យដឹងថា កញ្ញាធ្លាប់គេទាក់ទងតាមទូរសព្ទនៅពេលយប់។ កញ្ញាឲ្យដឹងថា បុរសទាំងនោះប្រាកដជាធ្លាប់ឃើញកញ្ញាពីមុនមក ពីព្រោះមានមនុស្សចូលហាងពិសាអាហារនៅហាងកញ្ញាជាប្រចាំ ព្រមទាំងបានសុំលេខទូរសព្ទផ្ទាល់ខ្លួនរបស់កញ្ញា ដោយប្រាប់ថា ងាយស្រួលកក់តុមុន។
អ្នកទទួលភ្ញៀវរូបនេះថា៖ “បុរសៗទាំងនោះខលចូលមកសរសើរនោះសរសើរ។ អ្នកខ្លះថា បើការជាមួយគេ គេមានផ្ទះល្វែងឲ្យនៅ និងទិញឡានឲ្យជិះទៀតផង។ ខ្ញុំមិនចោទថា គេបោក ឬមិនបោកនោះទេ ប៉ុន្តែឲ្យតែចេញក្រឡាអួតប៉ុណ្ណឹងហើយ ដឹងតែបោកហើយសម្រាប់ខ្ញុំ។ ខ្ញុំចេះតែអឺអើទៅ ប៉ុន្តែឲ្យយកប្រាកដប្រជា គឺអត់ទេ”។
កញ្ញា ហង្ស លីដា (ឈ្មោះសុំដាក់ក្លែងក្លាយ) អាយុ២៨ឆ្នាំ បុគ្គលិកក្រុមហ៊ុនឯកជនមួយ ថ្លែងថា កញ្ញាធ្លាប់មានបុរសវ័យកណ្ដាលម្នាក់ទូរសព្ទចូលមក ហើយហៅកញ្ញាថាកូនៗ ដោយអះអាងថា លោកបានបាត់កូនម្នាក់តាំងពីតូចមក ពេលគាត់ទៅធ្វើការនៅបរទេស។ លុះកញ្ញាប្រកែកទៅ បុរសរូបនោះក៏រៀបរាប់ថា កញ្ញាមុខដូចកូនគាត់ ដែលបានបាត់ទៅនោះ បេះបិទតែម្ដង។
លីដាថា៖ “ខ្ញុំមានឪពុកម្ដាយតើ ម៉េចទៅជាកូនរបស់គាត់ទៅកើត! ខ្ញុំគិតថា គាត់បោកហ្មង ព្រោះគាត់ទទូចហើយទទូចទៀត ចង់ជួបខ្ញុំនៅកន្លែងណាមួយ ដែលធ្វើឲ្យខ្ញុំចាប់ចំណុចខ្សោយរបស់គាត់បាន។ គាត់ថែមទាងសន្យាថា បើខ្ញុំជួយរកកូនឲ្យគាត់ឃើញ គាត់នឹងឲ្យឡានមួយគ្រឿងទៀតផង”។
បុគ្គលិកក្រុមហ៊ុនឯកជនរូបនេះយល់ថា បុរសរូបនោះប្រាកដជាមនុស្សធ្លាប់ស្គាល់កញ្ញា និងចង់ទាក់កញ្ញាឲ្យមេរបស់គាត់។ កញ្ញាថា ខ្លួនមិនចាញ់បោកល្បិចបែបនេះទេ ប៉ុន្តែអ្វីដែលកញ្ញាស្ដាយនោះ គឺក្មេងស្រីដែលពុំសូវមានចំណេះដឹងខ្ពង់ខ្ពស់ ប្រាកដជាអាចចាញ់បោកគេយ៉ាងស្រួលមិនខាន ដោយគេគ្រាន់តែសន្យាឲ្យរបស់មានតម្លៃអ្វីមួយ៕
ចុះមានយុវតីណាទៀត ដល់ថ្នាក់គេសន្យាឲ្យឡានបែបហ្នឹងដែរអត់?
អត្ថបទ៖ មាស រ័ត្ន