ក្មេងស្រីដ៏គួរឲ្យអាសូរ ត្រូវឳពុកបាញ់សម្លាប់ ខូចចិត្តប្រពន្ធរត់ចោល
អាមេរិក : តាមរយៈព័ត៌មានដែល បានចុះផ្សាយពីគេហទំព័រ បរទេសមួយនៅ ថ្ងៃទី២៦ ខែវិច្ឆិកាបានឲ្យដឹងថា បុរសម្នាក់រស់នៅក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីគេបានសម្លាប់កូនស្រីដ៏តូច និងគួរឲ្យស្រលាញ់ម្នាក់ដែលបុរសម្នាក់នេះ អះអាងថាមិនអាចរស់នៅដោយ គ្មាននាងបានឡើយ។
ឃាតកជាឪពុកឈ្មោះ McKoy Merrick អាយុ២២ឆ្នាំ បានបាញ់សម្លាប់កូនស្រី អាយុទើបតែបាន១៩ខែប៉ុណ្ណោះ ហើយប៉ុនប៉ងធ្វើឃាត ខ្លួនឯងផងដែរ។ មុនពេលបាញ់កូនស្រីស្លាប់ McKoy Merrick បានថតរូប ជាមួយកូនហើយបង្ហោះលើហ្វេសប៊ុក ដោយសរសេរពាក្យពេចន៍ដែលមាន អត្ថន័យថា គាត់មិនអាចរស់នៅ ដោយគ្មាននាងឡើយ វាមិនមែនជារឿង កំប្លែងនោះទេ។
ការសម្រេចបញ្ចប់ជីវិតកូនស្រី និងបាញ់ខ្លួនឯងបែបនេះ ក្រោយពី McKoy Merrick បែកបាក់ជាមួយប្រពន្ធជាម្តាយក្មេងឈ្មោះ Kim Phanthavongsa អាយុ២១ឆ្នាំ ដោយនាងបានប្តឹងលែង លះព្រោះតែប្តីរូបនេះ ប្រើអំពើហិង្សាក្នុងគ្រួសារ។
ម្តាយក្មេងបាននិយាយថា នៅថ្ងៃនោះនាងនិងប្តី ឃោរឃៅនេះមានជម្លោះជាមួយគ្នាហើយ នាងក៏បានរត់ចេញដោយខ្លាចប្តីវាយ ប៉ុន្តែកូនស្រីគឺនៅក្នុងផ្ទះជាមួយឪពុក។ ដោយឃើញថាប្តីនាងមានកាំភ្លើង Kim ក៏បានរាយការណ៍ប្រាប់ប៉ូលីស តែវាយឺត ពេលព្រោះនៅពេលប៉ូលីសមកដល់ បុរសជាឪពុកបានបាញ់សម្លាប់កូន ទៅហើយនិងបានបាញ់ខ្លួនឯង ប៉ុន្តែមិនស្លាប់ ត្រូវប៉ូលីសនាំយកទៅកាន់មន្ទីរពេទ្យ។ បន្ទាប់ពីនោះ McKoy នឹងត្រូវប៉ូលីស បញ្ជូនទៅតុលាការកាត់ទោសផងដែរ៕