សភាពការណ៍​ព្រំដែន​ល្អ​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ស៊ីឈ្នួល​នៅ​ស្រុកថៃ​ភាគច្រើន​ទៅ​ព្រឹក​វិល​ល្ងាច​

11/24/2013 0 Comments A+ a-

Rice_Sleep_Work_CEN_24_11_13-(1)ខេត្តបន្ទាយមានជ័យ: ​គេ​បាន​សង្កេតឃើញ​ជាក់ស្តែង​ថា​មាន​ពលករ​ខ្មែរ​រាប់រយ​ពាន់​នាក់​ក្នុង​មួយ​ច្រករបៀងៗ​នៃ​ព្រំដែន​កម្ពុជា​-​ថៃ បាននាំគ្នា​ចេញ​-​ចូលក្នុង​រូបភាព​ទៅ​ស៊ីឈ្នួល​តាម​វាលស្រែ​និង​ចំការ​របស់​ថៃ​ដែល​នៅ​ស្រុក​ជាប់ៗ​នឹង​ព្រំដែន​។​ពួកគេ​ទៅ​ព្រឹក វិល​ល្ងាច​។​ សកម្មភាព​នេះ​បានកើត​ឡើងវិញ​ខណៈ​ស្ថានភាព​ព្រំដែន​បន្ត​ស្ងប់ស្ងាត់ បរិយាកាស​អំណោយផល​ល្អ ចាប់តាំងពី​ក្រោយ​បកស្រាយ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ ថ្ងៃទី​១១ វិច្ឆិកា​។​
​    ​
​យោធា​និង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ អោយដឹង​ថ្ងៃទី​២៣ វិច្ឆិកា​ថា ច្រករបៀង មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ដែល ម្ចាស់​ស្រែ​-​ចម្ការ​និង​កងកម្លាំង កម្លាំង​ថៃ​បង្កលក្ខណៈ​ងាយស្រួល​អោយ​ពលករ​ខ្មែរ​ចូល​ព្រឹក ចេញ​ល្ងាច​ទៅ​ស៊ីឈ្នួល ប្រមូល​ផល​ស្រូវ​និង​ចម្ការ​ថៃ​គឺ​មួយ​ច្រកៗ មាន​ពលករ​រាប់រយ​នាក់​។​
​    ​
​ប្រភព​បន្តថា កងកម្លាំង​ថៃ​តាម​ព្រំដែន​(​ទាំង​ទាហាន​និង​នគរបាល​) ពុំបាន​បង្កើន​ចំនួន ឬ រឹតបន្តឹង​នោះទេ​។ ពួកគេ​និង​អាជ្ញាធរ​ដែនដី សម្រួល​អោយ​ម្ចាស់​ស្រែចម្ការ​ខ្លួន​(​ថៃ​)​អាច​យក​រថយន្ត​ឬ​ត្រាក់ទ័រ​មក​ដឹក​ពលករ​ខ្មែរ​នៅ​ព្រំដែន​នៅ​ព្រលឹម​ស្រាង រួច​ដឹក​ត្រលប់​វិញ​នៅពេល​ព្រលប់​។​
​    ​
​ពលករ​និង​អាជ្ញាធរ​ដែនដី​ភូមិ​-​ឃុំ​នៅ​ស្រុក​ថ្មពួក​, ស្វាយចេក​, អូរជ្រៅ ក្រុង​ប៉ោយប៉ែត​និង​ស្រុក​ម៉ាឡៃ​បាន​និយាយ​អោយដឹងថា​: ពលករ​ខ្មែរ​នៅ​មូលដ្ឋាន​ព្រំដែន​មាន​មួយ​ភាគ​និង​ពលករ​ពី​កន្លែង​ឯទៀត​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​មួយ​ភាគ​បាន​បោះជំរុំ​ប្លា​ស្ទិ​ច​ឬ​តង់​កៅស៊ូ​តូចៗ​រាប់សិប រាប់រយ​តាម​ព្រំដែន​ដើម្បី​ស្នាក់​នៅតែ​ពេលយប់​។ ពេល​ថ្ងៃ​នៅសល់តែ​កូនក្មេង​តូចៗ​មនុស្ស​ឈឺ​ចាំ​ជំរុំ​។​
​    ​
​តម្លៃ​ស៊ីឈ្នួល​ច្រូតស្រូវ​មួយថ្ងៃ​តម្លៃ​២០០​ទៅ​២៥០​បាត​(​ប្រាក់​ថៃ​)​គឺ​ប្រមាណ​ជាង​៣០.០០០​រៀល​។​ឯ​ធ្វើការ​តាម​ចម្ការ​ក៏​គិតថ្លៃ​មួយថ្ងៃៗ​ប្រហែល​គ្នា​នេះដែរ​។​
​    ​
​បើ​ថៃ​បង្កលក្ខណៈ​ងាយស្រួល​និង​ធានា​សុវត្ថិភាព សន្តិសុខ​បែបនេះ ពលករ​យើង​ពុំមាន​បញ្ហា​អ្វី​ទេ​។ ពលករ​សុខ​សប្បាយ​និង​កម្រៃ​ស៊ីឈ្នួល​ថ្លៃ​សមរម្យ​ផង​៕
រោងស្នាក់អាស្រ័យបណ្តោះអាសន្ន របស់ពលករ​ខ្មែរ​ចូល​ទៅ​ស៊ីឈ្នួល ប្រមូល​ផល​ស្រូវ​និង​ចម្ការ​ថៃ ​ព្រឹកចេញ​មកវិញល្ងាច
ប្រភពពី CEN