ជនជាតិបរទេស បើករថយន្តកូរ៉ូឡា បុកម៉ូតូគុប របួសធ្ងន់ម្នាក់ សង១២០ដុលា្លរ បញ្ចប់រឿង
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបណ្តាលឲ្យ យុវជនម្នាក់របួសធ្ងន់ធ្ងរ ហើយម៉ូតូមួយគ្រឿង រួមជាមួយរថយន្ត មួយគ្រឿង ក៏ត្រូវរងការខូចខាត ផងដែរ ខណៈដែលជនជាតិ បរទេសម្នាក់ បើករថយន្តកូរ៉ូឡា មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលបុកម៉ូតូគុបជ្រុង ពេញទំហឹង នៅចំណុច ផ្លូវម៉ៅសេទុង កែងនិងផ្លូវ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ យុវជនរងគ្រោះ បានជិះម៉ូតូគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BW-4741 ធ្វើដំណើរតាមបណ្តោយផ្លូវ ម៉ៅសេទុង ក្នុងទិសដៅពី កើតទៅលិច ខណៈមកដល់ចំណុច ផ្លូវកេង៦៣ ត្រូវរថយន្តកូរ៉ូឡា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2C-5910 ដែលបើកបរដោយជនជាតិ ស្បែកខ្មៅម្នាក់ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីជើងទៅត្បូង បានជ្រុល បុកម៉ូតូគុបជ្រុង ពេញទំហឹងតែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួស ត្រូវរថយន្ត សាមុយ ដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកអន្តរាគមន៍ សម្របសម្រួសដោយ ឲ្យភាគីខាងម្ចាស់រថយន្ត សងសំណង ទៅឲ្យភាគីម្ចាស់ម៉ូតូ ចំនួន១២០ដុល្លារ ដើម្បីបញ្ចប់រឿង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល