មន្រ្តីពន្ធដារម្នាក់ បើករថយន្ត បញ្ច្រាសផ្លូវ ជ្រុលទៅបុកម៉ូតូ រួចហើយ ម៉ូតូដួលប៉ះរថយន្តមែកសឺដេស រងការខូចខាត

11/18/2013 0 Comments A+ a-

ភ្នំពេញ៖ បុរសម្នាក់ដែល សមត្ថកិច្ច អះអាងថា ជាមន្រ្តីបម្រើការងារ នៅនាយកដ្ឋានពន្ធដារកម្ពុជា បានបើករថយន្តមិន គោរពច្បាប់ចរាចរណ៍ ដោយបើកបញ្ច្រាសផ្លូវ ស្រាប់តែ ទៅមុខមិនរួច ក៏ថយមកក្រោយវិញ បានបណ្តាលឲ្យ ប៉ះម៉ូតូមួយគ្រឿង ហើយម៉ូតូខាងលើ ក៏ដួលចំរថយន្ត ម៉ាកមែកសឺដេស ពេលកំពុងចតលើ ចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូខាត។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយមន្រ្តីនៅ នាយកដ្ឋានគយ និងរដ្ឋាករ មិនគោរពច្បាប់បើកបរ ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ ៦៖៤៥នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលេខ១៧៨ កែងផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
សេចក្តីរាយការណ៍ ពីសាក្សីដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បាននិយាយថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក Toyata Hilux ពណ៌ស ពាក់ស្លាកលេខ រដ្ឋ10-2-0067 បើកដោយបុរសម្នាក់ រួមដំណើរជាមួយស្រ្តីម្នាក់ ប្រហែលជាប្រពន្ធ តាមបណ្តោយផ្លូវលេខ ១៧៨ ក្នុងទិសដៅបញ្ច្រាសទិស សញ្ញាចរាចរណ៍ លុះមកដល់ចំណុច ផ្លូវលេខ ៥១ ស្រាប់តែទៅមុខលែងរួច ពេលនោះ អ្នកបើករថយន្តរូបនេះ បានថយក្រោយ ក៏ជ្រុលទៅបុកម៉ូតូ របស់ប្រជាពលរដ្ឋ មួយគ្រឿង ពេលកំពុងបើកតាមផ្លូវ។
ពេលនោះ បានបណ្តាលឲ្យម៉ូតូ ដួលប៉ះរថយន្តមែកសឺដេស មួយគ្រឿង ដែលកំពុងចតចោល នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតជាដំណំ។
ក្រោយពីទទួលព័ត៌មាន ខាងលើនេះ និងដឹងថា អ្នកបើករថយន្ត បង្កហាក់បីដូចមិន ទទួលការខុសត្រូវនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយ អន្តរាគមន៍ តាមរយៈការនាំខ្លួន អ្នកបើករថយន្តបង្ករូបនេះ និងជនរងគ្រោះយកមកសួរនាំ និងដោះស្រាយគ្នាតាមផ្លូវច្បាប់ ពោលត្រូវ ផ្តល់សំណងដល់ អ្នកបើកម៉ូតូ និងម្ចាស់រថយន្តម៉ាកមែកសឺដេស ។
ក្រោយការសួរនាំ សមត្ថកិច្ច បានបញ្ជាក់ថា អ្នកបើករថយន្តបង្ក ជាមន្រ្តីបម្រើការងារនៅ នាយកដ្ឋានពន្ធដារកម្ពុជា តែមិនស្គាល់ឈ្មោះនៅឡើយទេ ។
ប្រជាពលរដ្ឋ មួយចំនួន នៅកន្លែងកើតហេតុ បានរិះគន់ថា ក្នុងនាមជាមន្រ្តី បម្រើការងារនៅក្នុងជួររាជរដ្ឋាភិបាល និងជាមន្រ្តីរបស់រដ្ឋ បែរជាបើករថយន្តមិន គោរពច្បាប់ចរាចរណ៍ជើងគោក ទៅវិញ ដែលទាំងនេះហើយ នាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរបួស ជាច្រើននាក់។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយការសម្របសម្រួល អ្នកបើករថយន្តរូបនេះ បានសងថ្លៃការខូចខាត ចំនួន៦០ម៉ឺនរៀល តែអ្នកបើករថយន្ត មែកសឺដេស បានឲ្យលុយទាំងនេះ ទៅឲ្យក្រុមសមត្ថកិច្ច ដែលជួយមក ដោះស្រាយ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល