មនុស្ស​ពីរ​នាក់​កាន់​ចន្លុះ​ដុត​ព្រៃ​យក​ដី​ដើម្បី​ធ្វើ​ស្រែ

11/12/2013 0 Comments A+ a-

131112_02ដូរ មិន​ដូរ ៗៗៗ…! ឈ្នះ​មិន​ឈ្នះ ៗៗ…! ជា​ពាក្យ​ដែល​មេ​ដឹក​នាំ ២នាក់ បង្កើត​ឡើង ដើម្បី ទាញ​សន្លឹក​ឆ្នោត បង្កើត​ព្យុះ​គំនិត​ប្រជាជន ព្រម​ជាមួយ​គោល​នយោបាយ​របស់​ខ្លួន ដែល​សង្ខេប​ខ្លីៗ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ម្ចាស់​ឆ្នោត។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ទាំង ២ ថែម​ទាំង​និយាយ​ខ្លាំង​ខុស​ពី​គេ​ខុស​ពី​ឯង ដោយ​មិន​ខ្លាច​រអា​នរណា​ម្នាក់​ឡើយ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ត្រូវ​ចិត្ត​រាស្រ្ត​ណាស់ (… រដ្ឋាភិបាល​ពុករលួយ កាត់​ដី​ឲ្យ​យួន អាយ៉ង​យួន កាប់​បំផ្លាញ​ព្រៃឈើ រំលោភ​ដី​ធ្លី​រាស្រ្ត….) ពាក្យ​ទាំង​នេះ ជា​ពាក្យ​ដែល​គេ​បាន​មើល​ឃើញ ស្តាប់​ឮ ស្ទើរ​គ្រប់ៗ​គ្នា។ ពាក្យ​ទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​រាស្រ្ត​ពុះ​ពោរ ប្រៀប​ដូចជា យក​គំនរ​អុស​ស្ងួត​ទៅ​ថែម​ក្នុង​ព្រៃ​ក្រាស់ នៅ​រដូវ​ប្រាំង​រង់​ចាំ​តែ​ភ្លើង​ចន្លុះ​ប៉ុណ្ណោះ។
ក្រោយ​ការ​បោះឆ្នោត ពាក្យ​ថ្មី​ដែល​អ្នក​នយោបាយ​ទាំង ២នាក់ និយាយ​គឺ (គ.ជ.ប ជា​ចោរ​ពួក​ចោរ គេ​លួច​យើង គេ​លួច​សន្លឹក​ឆ្នោត​យើង ស្ទើរ​ពេញ​ប្រទេស​គ្រប់​ទិស​ទី) គ្មាន​អ្នក​ណា​ដឹង​ទេ​ថា ការ​ពិត​យ៉ាង​ណា ខ្ញុំ​និង​អ្នក​ក៏​មិន​ដឹង​ថា អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់ អ្នក​ណា​និយាយ​ពិត អ្នក​ណា​កុហក តែ​បើ​តាម គ.ជ.ប គឺ ជំរំ​ទេវតា​បាន ៦៨ និង​ជំរំ​ព្រះអាទិត្យ​បាន ៥៥ តែ​ប៉ុណ្ណោះ ហើយ​មុន​ពេល និង ក្រោយ​ពេល​ប្រកាស​លទ្ធផល​ឆ្នោត លោក សម រង្ស៊ី និង​លោក កឹម សុខា តែង​តែ​និយាយ​ដដែលៗ​ថា មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត ត្រូវ​បង្កើត​គណៈកម្មការ ស្វែង​រក​ការ​ពិត​ជូន​ម្ចាស់​ឆ្នោត ស្ទើរ​រាល់​ថ្ងៃ​តាម​វិទ្យុ​អន្តជាតិ។
ក្នុង​សៀវភៅ​វិទ្យាសាស្រ្ត​នយោបាយ​ជាច្រើន បាន​សរសេរ​ស្រដៀងៗ​គ្នា​ថា «គណបក្ស​នយោបាយ គឺជា​ក្រុម​មនុស្ស​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ធំ​បំផុត គឺ​ដណ្តើម​យក​អំណាច» បើ​បក្ស​ប្រឆាំង​មិន​ចង់​បាន​អំណាច​មាន​តែ​ល្ងង់ នោះ​ហើយ​ជា​ហេតុ​ផល​ដើម្បី​ការ​ចរចា​បិទ​ទ្វារ។ វា​គ្រាន់​តែ​ខុស​គ្នា​ត្រង់​ថា សម្រាប់​អ្នក​នយោបាយ​ខិល​ខូច អំណាច​គឺជា​គោល​ដៅ​ចុង​ក្រោយ​សម្រាប់​ពួកគេ ដើម្បី​ស្វែង​រក​លាភ​សក្ការៈ ប្រមូល​ទ្រព្យ​នគរ​ធ្វើ​មាន ធ្វើ​បាន តែ​សម្រាប់​អ្នក​នយោបាយ​មាន​គុណធម៌ អំណាច​មិន​មែន​ជា​គោលដៅ​ចុង​ក្រោយ​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​មធ្យោបាយ ដើម្បី​ស្វែង​រក​សុភមង្គល​ជូន​រាស្ត្រ​ក្រោម​មេឃ ប្រឆាំង​អយុត្តិធម៌ លើក​ទង់​ច្បាប់ ប្រើ​ដាវ​គុណធម៌​កម្ចាត់​មនុស្ស​អាក្រក់​លើក​ស្ទួយ​អ្នក​ទន់​ខ្សោយ។
នៅ​ក្នុង​ការ​ចរចា​កន្លង​ទៅ ជំរំ​ព្រះអាទិត្យ ទាមទារ​អំណាច​តុល្យភាព​ក្នុង​សភា និង​ធ្វើ​កំណែ​ទម្រង់​រដ្ឋ ដូច​ជា​យក​តំណែង​ប្រធាន​សភា​ជាន់​ទាប តែ​មេទ័ព មេទ័ព​រង និយាយ​ប្រាប់​ប្រជាជន​ថា ត្រូវ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ហើយ​ថា ការ​ទាមទារ​នេះ គឺ​ជា​ផែនការ ក្នុង​ចង្កោម​យុទ្ធសាស្ត្រ ដើម្បី​យុត្តិធម៌​ម្ចាស់​ឆ្នោត តែ​បើ​មើល​ទៅ ហាក់​ដូច​ជា​គ្រាន់​តែ​ចង់​ឲ្យ​ខ្យល់​អាគ្នេយ៍​បោក​បក់​ឲ្យ​ខ្លាំង ដើម្បី​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​ឲ្យ​ឆាប់ ទាន់​រដូវ​សម្រក ចុង​ខែ កត្តិក រំលាយ​ព្រៃ​ឲ្យ​ទៅ​ជា​ដី​រាប ដែល​សមល្មម​ខ្លួន​គាត់​ធ្វើ​ស្រែ​ដាំ​ស្រូវ​មួយ​ចម្ការ​ទៀត​តែ​ប៉ុណ្ណោះ ដើម្បី​ចម្អែត​កូន​ទាហាន​ក្នុង​បន្ទាយ និង​បំពេញ​ចិត្ត​រា្រស្ត​ក្នុង​នគរ ព្រោះ​គាត់​ដឹង​ថា បក្ស​ប្រឆាំង​របស់​ពួក​គាត់​បាន​តែ ៥៥ នាក់ មិន​គ្រប់​គ្រាន់​ធ្វើ​ស្រែ​មួយ​ព្រៃ​នោះ​ទេ ហើយ​យ៉ាង​ហោច​ណាស់ ត្រូវ​រង់ចាំ​មួយ​រដូវ​ទៀត ដើម្បី​ដុត​ព្រៃ​ថែម​ដី​ចម្ការ។
រាស្រ្ត ម្នាក់ៗ​គិត​ថា ដូរ​ហើយៗ យើង​រួច​ពី​បរទេស បាន​ដី​ស្រែ​មក​វិញ​ហើយ បាន​ព្រៃ បាន​ឈើ​មក​វិញ​ហើយ ពួក​គេ​ប្តូរ​ស្លាប់​ជាមួយ មេទ័ព និង​លោក មេទ័ព​រង​ណាស់ តែ​គាត់​ថា កុំ​ក្បត់​គាត់ បើ​ក្បត់​គាត់ ចូល​ជាមួយ​បក្ស​ប្រជាជន គាត់​នឹង​ដុត​ថែម​មួយ​ចន្លុះ​ទៀត ឲ្យ​ឆេះ​ចម្ការ​អត់​ស្រូវ​ដាក់​ជង្រុក​តែ​ម្តង។ មើល​ទៅ​រាស្ត្រ​ខ្មែរ ហាក់​ដូច​ជា​រត់​ប្រសាច​នៅ​លើ​ក្តារ​អុក​ធ្វើ​ឲ្យ​មេទ័ព​ក្រពុល មុខ​មិន​ស្ទើរ​ទេ ព្រោះ​មាន​អ្នក​បំភ្លៃ​ព័ត៌មាន បង្កើត​សង្គ្រាម​ចិត្តសា្រស្ត​ក្នុង​ជំរំ ព្រះអាទិត្យ ដូច​ជា​មេទ័ព និង​មេទ័ព​រង​ថា រក​យុត្តិធម៌ បើ​បាន​យុត្តិធម៌​ហើយ ត្រូវ​ទៅ​ចែក​អំណាច​សភា និង​កែ​ទម្រង់​ស្ថាប័ន​រដ្ឋ​ធំៗ រួម​ទាំង គ.ជ.ប ស្រាប់​តែ​មាន​គេ​និយាយ​ថា បក្ស​ប្រឆាំង​ចូល​បក្ស​ប្រជាជន​បើ​ចូល​មាន​តែ​រំលាយ​បក្ស?
បើ​បក្ស​ប្រឆាំង​ចូល​រដ្ឋាភិបាល មាន​តែ​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​ប្រជាជន​? ដូច​នេះ​បើ​ជំរំ​ព្រះអាទិត្យ មិន​ឆាប់​ចាត់​ការ​ចារកម្ម​ផ្ទៃ​ក្នុង​បំភ្លៃ​ព័ត៌មាន​ទេ នោះ រឿង​មិន​ពិត និយាយ​មួយ​ពាន់​នាក់ បន្ទរ​មួយ​ម៉ឺន​ដង បែក​ពេញ​ជំរំ រឿង​មិន​ពិត ក៏​ក្លាយ​ជា​ពិត ច្បាស់​ជា​កុន​ក​មិន​ខាន ដូច​គេ​ថា «ពេល​ខ្លះ​រឿង​កុហក​សប្បាយ​កុហក​ជាង​រឿង​ពិត​ទៅ​ទៀត»។
បាតុកម្ម ដ៏​ធំ​បាន​ចាប់​ផ្តើម​ហើយ​ការ​ខ្វែង​គំនិត​គ្នា ក៏​ចាប់​ផ្តើម​ដែរ លោក​មេទ័ព និង​មេទ័ព​រង ចង់​បាន​បាតុកម្ម ដើម្បី​ដាក់​សម្ពាធ​ចរចា​យក​កៅអី​ប្រធាន​សភា​ជាន់​ទាប ប្រៀប​ដូច​ជា​ចង់​ដុត​ព្រៃ​យក​ដី​ធ្វើ​ចម្ការ សុំ​ត្រឹម​តែ ២ ហិកតា តែ​រាស្រ្ត ចង់​ដុត​ព្រៃ​ទាំង​មូល យក​ដី​ទាំង​អស់ ទោះ​ធ្វើ​មិន​ទាន់​កើត​ក៏​ដោយ ក៏​ត្រូវ​យក ទាំង​អស់​មក​ទុក​សិន​ដែរ​។ រាស្រ្ត​ខ្លះ​សម្ភាស​នៅ​អាស៊ី​សេរី វីអូអេ និយាយ​ថា ចង់​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី លោក កឹម សុខា ជា​ប្រធាន សភា បាន​គាត់​ព្រម…! គាត់​ខំ​លក់​ឆ្កែ លក់​ជី ដើម្បី​មក​បាតុកម្ម​ចង់​បាន​អ៊ីចឹង…! ខ្ញុំ​គិត​ថា បក្ស​ប្រឆាំង​ស្រងាក​ចិត្ត​ណាស់ ពេល​ដែល​ស្តាប់​ឮ​អ៊ីចឹង ហេតុ​អី គាត់​ចង់​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​ត្រឹម​ដី ២ ហិកតា តែ​ភ្លើង​ឆេះ​ព្រៃ​នោះ​នៅ​តែ​ឆេះ ឆេះ​មិន​ស្រុត​កម្លាំង ឆេះ​រាល​ទៅ​មុខ មិន​ថយ ហើយ​ប្រហែល​ជា​លោក​មេទ័ព​ទាំង​ពីរ កំពុង​តែ​ឆ្ងល់​ផង​ថា ហេតុ​អ្វី​ក៏​ឆេះ​សាហាវ​ម៉្លេះ​? កុំ​ឆ្ងល់​អី! គឺ​វា​មក​ពី ចន្លុះ​ទាំង​ពីរ របស់​លោក​មេទ័ព និង​មេទ័ព​រង ដែល​ដើរ​ដុត ៥ ឆ្នាំ​នឹង​ឯង​។ និយាយ​មិន​រើស​ពាក្យ បរិភោគ​មិន​រើស​អាហារ ដេក​មិន​រើស​កន្លែង គឺជា​ត្រណម​របស់​មេទ័ព​។ និយាយ​ទៅ រាស្ត្រ​ក៏​មាន​ហេតុផល​ត្រឹម​ត្រូវ​របស់​គាត់​ដែរ ដែល​ហាម​កុំ​ឲ្យ​ជំរំ ព្រះអាទិត្យ​ចូល​ទៅ​ពាក់​ព័ន្ធ​នឹង​ជំរំ​ទេវតា​ព្រោះ៖ ទី១. មិន​ក្រោម ២ លើក​ទេ​នៅ មុន​ការ​បោះឆ្នោត លោក​នាយក​រដ្ឋ​មន្ត្រី តែង​តែ​និយាយ​ថា កែ​ទម្រង់​យុទ្ធសាស្រ្ត​ចតុកោណ​ជា​ដំណាក់កាលៗ យុទ្ធសាស្រ្ត​ជំហាន​គីង្គក់ កំណែ​ទម្រង់ ស៊ី​ជម្រៅ​ប៉ុន្មាន​ដង​ហើយ នៅ​តែ​មិន​អាច​ធ្វើ​បាន ព្រៃ​ក៏​អស់ រ៉ែ​ក៏​អស់ យក​ពន្ធ​បាន​តិច​តួច យក​ដូច​ឲ្យ យក​ដូច​អត់​យក ធ្វើ​ឲ្យ​រាស្រ្ត​មិន​ទុក​ចិត្ត។
ទី២. ពួក​គាត់​ខ្លះ​មិន​ចង់​ឮ មិន​ចង់​ខ្វល់ ពី​រឿង​នយោបាយ​នោះ​ទេ ពួក​គាត់​ចង់​បាន​តែ​សុខ​ខ្លួន​គាត់ គ្រួសារ​គាត់ តែ​ពួក​គាត់​មិន​អាច​នៅ​ស្ងៀម​បាន ដោយ​នៅ​សុខៗ​បាត់​ដី នៅ​សុខៗ គេ​បំផ្លាញ​ដីធ្លី ស្រែ​ចម្ការ ផ្ទះ​សម្បែង ដែល​ធ្វើ​ឲ្យ​គាត់​ឆ្អែត​ចិត្ត​ណាស់។ ចំណុច ទី២ នេះ អាច​និយាយ​បាន​ថា សុខ​ចិត្ត​ស្លាប់​ខ្លួន​គាត់ ចូល​តវ៉ា​ជាមួយ​បក្ស​ប្រឆាំង ព្រោះ​គាត់​គិត​ថា បើ​មាន​ការ​ផ្លាស់​ប្តូរ គាត់​ជឿ​ជាក់​ណាស់​ថា នឹង​បាន​ដី​ស្រែ​ចម្ការ របស់​ពួក​គាត់​មក​វិញ អ្នក​ណា​មិន​ចង់ ទាំង​ខ្ញុំ​ទាំង​គេ។
ទី៣. ប្រាក់​ខែ នៅ​តែ​តិច​រស់​យ៉ាង​វេទនា ថែម​ទាំង​មេ​ជញ្ជក់​ពី​លើ​ទៅ​ទៀត រហូត​នៅ​ថ្ងៃ​បោះឆ្នោត​មាន​កូន​ទាហាន​ម្នាក់​ហ៊ាន​សរសេរ​ពាក្យ​រិះគន់ ពី​ការ​កាត់​ប្រាក់​ខែ​គាត់ យក​ទៅ​ដាក់​នៅ​ក្នុង​ហឹប​ឆ្នោត​ទៅ​ទៀត មិន​ថា​តែ​ទាហាន​នោះ​ទេ គ្រូ​បង្រៀន មន្រ្តី​រាជការ​សាធារណ: កម្រិត គ. និង ឃ. ក៏​មាន​រឿង​ដូច​គ្នា​ផង ដែរ តើ​ពួក​គាត់​នៅ​ស្ងៀម​ទេ? បើ​គាត់​មក​បាតុកម្ម​មិន​បាន​ចុះ​ប្រពន្ធ កូន ចៅ របស់​គាត់​អាច​នៅ​សម្ងំ​ស្ងៀម​ទេ?
ទី៤: គ្រួសារ​យុទ្ធជន​ពលី បាន​ប្រាក់​ឧបត្ថម្ភ​តិច ហើយ​អ្នក​ខ្លះ​បាត់​ឈ្មោះ ខ្លះ​មាន​ឈ្មោះ​តែ​អត់​លុយ ខ្លះ​បើក​បាន​តែ​ពាក់​កណ្តាល រដ្ឋ​ឲ្យ​ដី​ស្រែ​ធ្វើ មិន​ទាន់​រាស់​ក្តៅ​ដី​ផង លោក​ធំៗ​ខ្លះ​យក​ដី​ទៅ​ដាំ​ដំឡូង ដាំ​កៅស៊ូ បាត់​ធ្វើ​ព្រងើយ ថា​ក្រ​អត់​ដី ឲ្យ​តែ​មាន​ផ្ទះ​នៅ រដ្ឋ​ធ្វើ​ផ្ទះ​ឲ្យ​កូន​ទាហាន បែរ​ជា​មេ​យក​លក់​ឲ្យ​អ្នក​ផ្សេង​ទៅ​វិញ តើ​ក្នុង​ចិត្ត​គាត់​គិត​យ៉ាង​ណា​? ចុះ​យុទ្ធជន​ពិការ? ពិការ​ហើយ​គឺ​ចប់ មាន​ឈ្មោះ​បើក​លុយ​បាន ១ ឆ្នាំ​ក៏​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី ឬ​ត្រូវ​គេ​លក់​ឈ្មោះ ទៅ​ឲ្យ​អ្នក​ផ្សេង​ឯណា​ឯណី​ទៅ​វិញ​។ ទាំង​អស់​នេះ គឺ​សុទ្ធ​តែ​ជា​ឈើ​ស្ងួត ដែល​ត្រូវ​ការ​តែ​កម្ដៅ​ចេញ​ពី​ភ្លើង​ចន្លុះ​ប៉ុណ្ណោះ ម៉េច​មិន​ឆេះ?
បើ​ទោះ​បី​ជា​គ្មាន​បក្ស​ប្រឆាំង ក៏​ពួក​គាត់​មិន​ចូល​បក្ស​ប្រជាជន​ដែរ ព្រោះ​ថា ពួក​គាត់​ស្អប់​បក្ស​ប្រជាជន។ តួ​យ៉ាង បើ​ឲ្យ​ខ្ញុំ​និយាយ​ក៏​អាច​និយាយ​បាន​ទាយ​បាន​មិន​ឲ្យ​ខុស​ថា គឺ​អ្នក​ទៅ​បាតុកម្ម​ទាំង​នោះ​មាន​មនុស្ស​តែ ៣ ប្រភេទ​ប៉ុណ្ណោះ ក. សកម្មជន​បក្ស​ប្រឆាំង រួម​ទាំង​យុវជន​ជា​សិស្ស​និស្សិត ដែល​លង់​មនោគម បក្ស​ប្រឆាំង ខ.មនុស្ស​ល្អ​សម្បក​ក្រៅ​តែ​ក្នុង​ចង់​បាន​អំណាច ចង់​បាន​កេរ្តិ៍​ឈ្មោះ នៅ​ក្រៅ​បក្ស តែ​គាំទ្រ​បក្ស​ដើម្បី​ឲ្យ ពួក​គេ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​នៅ​ថ្ងៃ​ណា​មួយ ពេល​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត គ. គឺ​ក្រុម​រងគ្រោះ ទាំង ៤ យ៉ាង​ខាង​លើ យ៉ាង​ហោច​ណាស់​តំណាង​ឲ្យ ៧០% នៃ​បាតុករ​ទាំង​អស់។
លោក សម រង្ស៊ី និង លោក កឹម សុខា ដឹង​ថា បើ​ដុត​គឺ​ពន្លត់​មិន​ឈ្នះ ហេតុ​អី​នៅ​ចង់​ដុត? គាត់​អាច​ពន្លត់​នូវ​ចន្លុះ​ទាំង​អស់​របស់​គាត់ តែ​គាត់​គ្មាន​ទឹក​ពន្លត់​ភ្លើង ឆេះ​ព្រៃ​ទេ។ ឥឡូវ​នេះ​បក្ស​ប្រឆាំង មាន​មេទ័ព និង​មេទ័ព​រង តែង​និយាយ​ថា យើង​ធ្វើ​សមាជ ចង់​ដឹង​ថា តើ​ឲ្យ​យើង​ចូល​ឬ​មិន​ចូល​? ពាក្យ​នេះ មាន​ន័យ ច្បាស់​ណាស់​ថា មេទ័ព​ទាំង ២ នេះ កំពុង​រក​ច្រក​ចេញ​ពី​ភ្លើង​ព្រៃ បក្ស​ប្រជាជន បញ្ចេញ​ព័ត៌មាន​ឲ្យ​តំណែង ប្រហែល ១០ ក្រសួង ហើយ​ចង់​ស៊ើប​មើល​ថា តើ​ភ្លើង​ឆេះ​អស់​ឬ​នៅ ត្រជាក់​ឬ​នៅ​? តាម​ខ្ញុំ​យល់​មិន​អាច​ត្រជាក់​បាន​ទេ ព្រោះ​ពួក​គាត់ មាន​គំនិត​មួយ ស្អប់​បក្ស​ប្រជាជន ស្រឡាញ់​មេទ័ព​ធំ និង​មេទ័ព​រង​ណាស់។
ដូចនេះ មេទ័ព​ធំ មេទ័ព​រង​នៅ​តែ​ចង់​ចូល តែ​ខ្លាច​បើ​ចូល​ថ្ងៃ​នេះ ថ្ងៃ​ក្រោយ បាន​ភ្លើង​មក​ពី​ណា មក​ដុត​ព្រៃ​យក​ដី​ធ្វើ​ចម្ការ ហើយ​ចន្លុះ​នោះ ប្រហែល​ជា​ដុត​លែង​ឆេះ​ក៏​ថា​បាន។ ចង់​ឬ​មិន​ចង់ គាត់​ត្រូវ​តែ​រត់​តាម​ភ្លើង ឆេះ​ព្រៃ ដើម្បី​សល់​ភ្លើង​ទុក​ដុត នៅ​អាណត្តិ​ក្រោយ ហើយ​កុំ​ឲ្យ​ឆេះ​បន្ទាយ​ខ្លួន​ឯង មុន​ចប់​សង្គ្រាម តែ​ប៉ុន្មាន​ថ្ងៃ​នេះ​មេទ័ព មេទ័ព​រង ខ្ញុំ​មើល​ឃើញ​ថា កំពុង​គិត​រឿង​មួយ​ធំ​ជាង​ការ​ចរចា​មិន​ត្រូវ​គ្នា​ទៅ​ទៀត នោះ​គឺ ភ្លើង​ឆេះ​ព្រៃ​អាច​រលត់ ត្រជាក់ នៅ​ពេល​ណា ដោយ​សារ​តែ​ពេល​នេះ សម្ដី​មេទ័ព មេទ័ព​រង ជំរំ​ព្រះអាទិត្យ ដូចជា​ទន់​ហើយ៕
និស្សិត​ទាត់​ខ្យល់ សំ សច្ចារ samsacha26@yahoo.com ពី​ខេត្ត ស្វាយរៀង