សង្កាត់ចំនួន៥ក្នុងទឹកដី ខណ្ឌសែនសុខរងការ លិចលង់ដោយទឹកភ្លៀង និងជំនន់ទន្លេមេគង្គ
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខបានឱ្យដឹងថា សង្កាត់ចំនួន៥ក្នុងចំណោម៦សង្កាត់នៃខណ្ឌសែនសុខជាយរាជធានីភ្នំពេញបានរងការលិចលង់ដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ក្នុងនោះប្រជាពលរដ្ឋចំនួន៣៥គ្រួសារត្រូវបានជម្លៀសចេញពីលំនៅឋានដើម្បីរកទីទួលសុវត្ថិភាព ចំណែកផ្លូវ៤ខ្សែបានរងការលិចលង់ផងដែរ តែមិនបង្កឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ទេ។
លោកលី សាវេត អភិបាលខណ្ឌសែនសុខបានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី៩ តុលា នេះថា សង្កាត់ពញាពន់ សង្កាត់ព្រែកព្នៅ និងសង្កាត់សំរោងត្រូវលិចលង់ដោយទឹកជំនន់នៃទន្លេមេគង្គ ហើយផ្ទះចំនួន៣៥ខ្នងរងការលិចលង់កាលពីពេលថ្មីៗនេះ ។
លោកបន្តថា សង្កាត់ចំនួន២ទៀត គឺសង្កាត់ទឹកថ្លា និងសង្កាត់ភ្នំពេញថ្មីបានរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយផ្លូវចំនួន៤ខ្សែ គឺផ្លូវ២០០២ ផ្លូវ២០០៤ ផ្លូវណតប្រ៊ីត និងផ្លូវ១៩៨៦ បានរងការលិចលង់ស្ទើរទាំងស្រុងទៅហើយ៕
ប្រភព ពីកោះសន្តិភាព
ប្រភព ពីកោះសន្តិភាព

