ស្ត្រីអាជីវកររកស៊ីប្តូរលុយម្នាក់ វាយអ្នកលក់បន្លែនៅផ្សារដើម គរបង្កការភ្ញាក់ផ្អើលទាំងព្រឹក
រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកលក់បន្លែនៅផ្សារដើមគរម្នាក់ត្រូវស្ត្រីជាអាជីវកររកស៊ីប្តូរលុយមានគ្នា៣ទៅ៤នាក់ ព្រួតគ្នាវាយ និងចាក់បន្លែចោលអស់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២៧ តុលា ២០១៣ នៅចំណុចផ្លូវលេខ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពពីកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការវាយតប់គ្នានេះដោយសារស្ត្រីអាជីវកររកស៊ីប្តូរលុយខឹងស្ត្រីលក់បន្លែលក់ទើសផ្លូវពិបាកដល់ប្រជាពលរដ្ឋចូលមកដូរលុយនៅកន្លែងរកស៊ីរបស់គាត់។
សកម្មភាពនេះត្រូវបានក្រុមអ្នកលក់បន្លែនាំគ្នារិះគន់ថា ពិតជាមិនសមទាល់តែសោះដែលពួកគេមកវាយអ្នកលក់បន្លែដូច្នេះ ព្រោះពីកន្លែងដូរលុយមកកន្លែងលក់បន្លែស្ថិតនៅឆ្ងាយពីគ្នា។
ក្រោយកើតហេតុប៉ូលិសប៉ុស្តិ៍ផ្សារដើមគរបានហៅភាគីទាំង២ទៅកាន់អធិការដ្ឋានប៉ូលិសដើម្បីធ្វើការសួរនាំ៕


