តាមបង្ក្រាបចោរជំនាញខាងឡើងជញ្ជាំង គាស់ទ្វារបង្អួចលួចយកទ្រព្យសម្បត្តិ ផ្អើលក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចប៉ូលិស និងប៉េអិមស្ទើរមួយក្រុងព្រះសីហនុ បានចំណាយពេលជិត ២ម៉ោង និងផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងការតាមចាប់ជនសង្ស័យជាចោរលួចម្នាក់ ដែលបានព្យាយាមរត់ឡើង ដំបូលផ្ទះដំបូលអគារខ្ពស់ៗពីមួយទៅមួយដើម្បីគេចខ្លួន បង្កឲ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅត្រង់ចំណុចតំបន់ផ្ទះល្វែង ជាប់នឹងវិថីឯករាជ្យខាងមុខខារ៉ាអូខេអ៊ីចស្គូលស្ថិត ក្នុងក្រុមទី០៧ ភូមិលេខ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
សង្ស័យមានឈ្មោះ វី ជីវន្ត័ ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខរបរមិនពិតប្រាកដ។ មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាព ឡើងផ្ទះជាន់ទី២លូចយកបាឡូ ដាក់លុយនិងទូរស័ព្ទដៃមួយគ្រឿង របស់ជនរងគ្រោះឈ្មោះ សៅ វណ្ណ ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នកលក់សៀវភៅ មានទីលំនៅតំបន់កើតហេតុ។ ជនសង្ស័យបំរុងនឹងរត់គេចខ្លួនទៅហើយនោះ ក៏ស្រាប់តែសំណាងអាក្រក់ ត្រូវម្ចាស់ផ្ទះមកទាន់ ស្រែកឆោឡោឡើង ជាហេតុធ្វើជនសង្ស័យ ភ័យស្លន់ស្លោរត់ឡើងដំបូលផ្ទះ អ្នកជិតខាងនៅក្បែរៗនោះ ពីមួយទៅមួយរយៈពេលជិត ២ម៉ោងទើបចាប់ខ្លួនបាន។
បើតាមការប្រាប់ឲ្យដឹង ពីអ្នកដែលធ្លាប់ស្គាល់ ជនសង្ស័យឈ្មោះ វី ជីវន្ត័ បានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះ គឺជាចោរជំនាញបំផុត ខាងឡើងជញ្ជាំង គាស់ទ្វារ គាស់បង្អួចលួចយកទ្រព្យតាមផ្ទះ ឬ តាមផ្ទះសំណាក់ សណ្ឋាគារគឺឲ្យតែម្ចាស់ផ្ទះ ឬផ្ទះសំណាក់ សណ្ឋាគារទាំងនោះ ហ៊ានតែប្រហែសដេកមិនចាក់គន្លឹះ ច្បាស់ជាត្រូវជនសង្ស័យឈ្មោះ វី ជីវន្ត័ ចូលលួចទ្រព្យសម្បត្តិអស់ គ្មានសល់នោះឡើយ៕
ប្រភពពី វត្តភ្នំ
