សង្គ្រោះជាតិទទួលបាន ការគាំទ្រទាំងកាយចិត្តនិងថវិកា
ភ្នំពេញៈ ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរាប់ពាន់នាក់ នៅទីលានប្រជាធិបតេយ្យបានស្រែកហោកញ្ជ្រៀវ ខណៈលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឡើងលើវេទិកា និងបានប្រៀបធៀបបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ទៅនឹងបាតុកម្ម ដែលធ្វើឡើងដោយគណបក្សកាន់អំណាច ដែលមានភាពខុសគ្នាទាំងស្រុង។
ភាពខុសគ្នា ដែលមេបក្សប្រឆាំងរូបនេះ បានបញ្ជាក់ ដោយស្រែកតាមមីក្រូខ្លាំងៗនោះគឺថា៖ «គណបក្សប្រជាជន ប្រើលុយ ដើម្បីជួលមនុស្សឲ្យមកធ្វើបាតុកម្ម។ ប៉ុន្តែប្រជាពលរដ្ឋ ដែលមកចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ គឺបងប្អូនមកដោយស្ម័គ្រចិត្ត និងនាំយកថវិការាប់រយពាន់មកចូលរួមជាមួយយើងខ្ញុំ ដើម្បីរៀបចំបាតុកម្ម មិនមែនតែបីថ្ងៃនេះទេ គឺយើងអាចធ្វើបានច្រើនរាប់រយថ្ងៃថែមទៀត ប្រសិនបើយើងមិនទទួលបានយុត្តិធម៌ទេនោះ»។
នៅថ្ងៃ ទី១ នៃការធ្វើបាតុកម្ម រយៈពេលបីថ្ងៃ របស់គណបក្សសង្គ្រោះជាតិ ក្រុមអ្នកគាំទ្រមកពីគ្រប់ទីកន្លែងធ្វើការចោទសួរពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតជាតិខែ កក្កដា និងបានបង្ហាញអំពីសាមគ្គីភាពរបស់ពួកគេជាមួយនឹងសេចក្តីរីករាយ ដោយថែមទាំងបរិច្ចាគប្រាក់ និងអាហារសម្រាប់ការធ្វើបាតុកម្មនេះ។ ក្រុមអ្នកស្ម័គ្រចិត្តរបស់គណបក្សសង្គ្រោះជាតិ បានប្រចាំការនៅកន្លែងផ្សេងៗ នៃទីលានប្រជាធិតេយ្យ ដើម្បីមើលប្រអប់ធុងបរិច្ចាគប្រាក់ ដែលប្រជាជនជាច្រើនបាននាំគ្នាដាក់ប្រាក់បរិច្ចាគ។
លោក ចឿន សារៀម ដែលឈរនៅពីក្រោយតុដាក់ធុងបរិច្ចាគប្រាក់បានថ្លែងថា៖ «ខ្ញុំមិនអាចរាប់បានទេ ពីព្រោះមានចំនួនច្រើនណាស់»។ លោកបានបន្ថែមថា លោកបានឃើញការបរិច្ចាគមានចាប់ពី ១ ដុល្លារ រហូតដល់ ៥០ ដុល្លារ។
អ្នកស្ម័គ្រចិត្តម្នាក់ទៀត បានថ្លែងថា នៅក្នុងបាតុកម្មលើក ទី ៣ ដែលចាប់ផ្តើមកាលពីថ្ងៃពុធនេះ លោកបានឃើញមានការបរិច្ចាគប្រាក់ច្រើនជាងការបរិច្ចាគ កាលពីបាតុកម្មរយៈពេលបីថ្ងៃកាលពីខែមុន។
ស្រ្តីម្នាក់អាយុ ៥៤ ឆ្នាំ ដែលពាក់មួកឆាង និងចងកន្សែងបូដែលមានសរសេរពាក្យគណបក្សសង្គ្រោះជាតិ បានបរិច្ចាគប្រាក់ចំនួន ១០ ដុល្លារ និងបានថ្លែងថា សីលធម៌របស់អ្នកស្រី បានជំរុញឲ្យអ្នកស្រីធ្វើការបរិច្ចាគប្រាក់នេះ។ ស្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានថ្លែងបន្តទៀតថា៖ «ខ្ញុំស្រឡាញ់យុត្តិធម៌ ខ្ញុំស្រឡាញ់ឯករាជ្យ ខ្ញុំស្រឡាញ់សន្តិភាព ដូច្នេះខ្ញុំត្រូវតែគាំទ្រ»។
ក្រៅពីការបរិច្ចាគប្រាក់ក្រុមអ្នកគាំទ្រជាច្រើន បានធ្វើការបរិច្ចាគអ្វីក៏ដោយ ដែលពួកគេអាច ដូចជា អ្នកនាង សុខ លាង ដែលជាអាជីវករ នៅផ្សារ អូឡាំពិក បានផ្តល់បាយ ៣០០ ប្រអប់និងទឹកសុទ្ធចំនួន ២៤០ កេស។
អ្នកស្រី សុខ លាង បានថ្លែងបន្តថា តូបរបស់អ្នកស្រីត្រូវបានបិទមិនលក់ដូរទេ ក្នុងអំឡុងការធ្វើបាតុកម្មនេះ។ អ្នកស្រីបញ្ជាក់ថា៖ «យើងបរិច្ចាគទ្រព្យសម្បត្តិរបស់យើង ដើម្បីឧបត្ថម្ភប្រជាជន ដែលមកចូលរួមក្នុងបាតុកម្មនេះ។ យើងត្រូវតែស្វែងរកការពិត និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតជាតិ»។
មិនមែនមានតែអ្នកស្រី សុខលាង ទេ ដែលផ្តល់បាយប្រអប់ និងទឹកសុទ្ធ ដល់បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ អាជីវករនៅតាមផ្សារផ្សេងទៀត ក៏បានចូលរួមជួយឧបត្ថម្ភយ៉ាងសកម្មផងដែរ។
ស្ត្រីអាជីវករ ម្នាក់ លក់ពងទា និងមី នៅផ្សារ អូឫស្សី ដែលបដិសេធមិនប្រាប់ឈ្មោះ បានបរិច្ចាគប្រាក់ ២០ ម៉ឺនរៀល និងអង្ករមួយបាវ ខណៈដែលស្ត្រីអាជីវករម្នាក់ទៀត បានទិញបាយ ៥០ ប្រអប់ យកទៅឧបត្ថម្ភដោយផ្ទាល់នៅទីលានប្រជាធិបតេយ្យជាមួយនឹងអ្នកឧបត្ថម្ភជាច្រើនផ្សេងទៀត។
នៅត្រឹមល្ងាចថ្ងៃពុធ លោក វ៉ាន់ តារា ហិរញ្ញិករបស់គណបក្សសង្គ្រោះជាតិ មិនទាន់អាចរាប់ចំនួនប្រាក់ ដែលសប្បុរសជនបានជួយឧបត្ថម្ភនោះបាននៅឡើយទេ ប៉ុន្តែ តំណាងរាស្រ្តគណបក្សប្រឆាំងលោកស្រី មូរ សុខហួរ បានថ្លែងក្នុងអំឡុងពេលនោះថា ពួកគេទទួលបានប្រាក់បរិច្ចាគប្រហែល ២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ក្នុងអំឡុងបាតុកម្មកាលពីខែមុន។ លោកស្រីបន្តថា ភាពសប្បុរសធម៌របស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បង្ហាញពីជំនឿរបស់ពួកគេ ចំពោះគោលការណ៍របស់គណបក្សសង្គ្រោះជាតិ។
លោកស្រីបានថ្លែងកាលពីថ្ងៃពុធថា៖ «យើងមិនបានធ្វើការអំពាវនាវសម្រាប់ការបរិច្ចាគទេប្រជាជនមកផ្តល់ប្រាក់ដោយស្ម័គ្រចិត្ត»។ លោកស្រីបន្តទៀតថា៖ «សកម្មភាពរបស់ពួកគេ បង្ហាញថា គណបក្សសង្គ្រោះជាតិ ជាគណបក្សរបស់ពួកគេ យើងដឹកនាំបុព្វហេតុជាតិ ធ្វើឲ្យពួកគេមានឆន្ទៈ ក្នុងការចូលរួមជួយឧបត្ថម្ភ»៕ PS
_____________
ប្រភពពី- ភ្នំពេញប៉ុស្តិ៍
