ម៉ែ ឪ បច្ចុប្បន្ន​គ្មាន​គុណ

10/11/2013 0 Comments A+ a-

វិស័យ​អប់រំ គឺជា​ឆ្អឹង​ខ្នង និង​ជា​សរសៃ​ឈាម​រស់ របស់​នគរ​ខ្មែរ​ដ៏​កម្សត់។ ការ​រៀន បង្រៀន​កុមារ យុវជន និង​មនុស្ស​ចាស់​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ការ​បណ្តុះ​បណ្តាល តម្រង់​ទិស​វិជ្ជាជីវៈ និង​បំណិន​ជីវិត​សម្រាប់​យុវជន ការ​បង្រៀន គរុកោសល្យ ការ​ធ្វើ​វិក្រឹត្យការ​សម្រាប់​គ្រូ​បង្រៀន ការ​ពង្រឹង​គុណភាព​អប់រំ តម្លៃ​សីលធម៌​សង្គម​តាម​រយៈ ការ​ប្រឡង​ប្រកប​ដោយ​យុត្តិធម៌ និង​អាច​ទទួល​យក​បាន…សុទ្ធ​តែ​ជា​ការងារ​ស្នូល និង​ចម្បង​បង្អស់​របស់​រាជ​រដ្ឋាភិបាល និយាយ​ជា​រួម សម្រាប់​ឯកឧត្តម​រដ្ឋ​មន្រ្តី និង​ក្រសួង អប់រំ និយាយ​ដោយ​ឡែក។
ហេតុ​អ្វី​ប្រព័ន្ធ​អប់រំ​មាន​បញ្ហា​មិន​ចេះ​ចប់? ហេតុ​អ្វី​គ្រូ​បង្រៀន គ្មាន​មនសិការ​វិជ្ជាជីវៈ? ហេតុអ្វី​កុមារ និង​យុវជន ទទួល​បាន​ការ​អប់រំ​គ្មាន​គុណភាព? ហេតុ​អ្វី​ម៉ែ​ឪ​គ្មាន​គុណ? នៅ​ក្នុង​រជ្ជកាល​ឯកឧត្តម អ៊ឹម សិទ្ធី បាន​តែង​តាំង និង​ប្រែ​ក្លាយ​ប្រធាន​នាយកដ្ឋាន​មួយ​ចំនួន​ដូចជា នាយកដ្ឋាន ហិរញ្ញវត្ថុ នាយកដ្ឋាន ទ្រព្យ​សម្បត្តិ​រដ្ឋ នាយកដ្ឋាន បុគ្គលិក នាយកដ្ឋាន ធានា​គុណភាព​សិក្សា នាយកដ្ឋាន រដ្ឋបាល នាយកដ្ឋាន សវនកម្ម​ផ្ទៃ​ក្នុង នាយកដ្ឋាន មធ្យម​សិក្សា​ចំណេះ​ទូទៅ នាយកដ្ឋាន អប់រំ​ក្រៅ​ប្រព័ន្ធ នាយកដ្ឋាន តម្រង់​ទិស​វិជ្ជាជីវៈ នាយកដ្ឋាន ស្រាវជ្រាវ វិទ្យាសាស្រ្ត នាយកដ្ឋាន នីតិកម្ម នាយកដ្ឋាន សំណង់ គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ រហូត​ដល់​អគ្គ​នាយក​រង រដ្ឋបាល និង​ហិរញ្ញវត្ថុ…ឲ្យ​ទៅ​ជា​ព្រះ​នារាយណ៍ ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង បង្កើត​បក្ខពួក បង្ក​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ​យ៉ាង​ជ្រាល​ជ្រៅ និង​ចំហ ដែល​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​បាន​ឡើយ។
ពេល​នេះ ដល់​រជ្ជកាល ឯកឧត្តម ហង់ ជួនណារ៉ុន ដែល​មាន​ឪពុក និង​ឪពុក​ក្មេក ជា​អតីត​រដ្ឋ​មន្រ្តី​ក្រសួង អប់រំ ជា​ឥស្សរជន ល្បីល្បាញ​ផ្នែក សេដ្ឋកិច្ច ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ជា​អ្នក​សកម្ម​ការងារ ជា​បុគ្គល​សាមញ្ញ និង​ល្បី​ថា​ស្អាត​ស្អំ…អាច​ទប់​ទល់​ឥទ្ធិពល​របស់​ព្រះ​នារាយណ៍ លើក​កម្ពស់​គុណភាព​ប្រឡង កម្ចាត់​អំពើ​ពុករលួយ ការ​បែក​ធ្លាយ​វិញ្ញាសា បក្ខពួក​និយម ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន ពង្រឹង​គុណភាព​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​ដោយ​ចាប់​ផ្តើម​តាំង​ពី​បឋម ត្រួត​ពិនិត្យ​គុណភាព​សិក្សា​ទាំង​រដ្ឋ ឯកជន បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បចេ្ចកទេស អភិវឌ្ឍ​សមត្ថភាព​យុវជន និង​វិស័យ កីឡា…បាន​ដែរ​ឬ​ទេ? នេះ​គឺជា​វិញ្ញាសា​ដ៏​តឹង​តែង​បំផុត ដែល​ត្រូវ​ទាមទារ​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​និង​មាន​ប្រសិទ្ធភាព​។
តើ​ឯកឧត្តម​រដ្ឋ​មន្រ្តី​ថ្មី មាន​សមត្ថភាព​វះកាត់ និង​ព្យាបាល​ជំងឺ​មហារីក អប់រំ​បាន​ឬ​ទេ? តើ​ឯកឧត្តម​មាន​វិធានការ​បែប​ណា ដើម្បី​ដោះ​ដូរ​មន្រ្តី​ពុករលួយ​ទាំង​នោះ? បើក​ប្រាក់​ខែ​នគរ ចាយ​លុយ​នគរ លួច​កិប​កេង​ទ្រព្យ​សម្បត្តិ​នគរ ដើរ​ធ្វើ​ព្យុះ​ភ្លៀង បង្កើត​បក្ខពួក បង្ក​បញ្ហា​រាល់​ការ​ប្រឡង បែក​ធ្លាយ​វិញ្ញាសា គិត​លទ្ធផល​ទុក​ជា​មុន ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ទម្លាក់​កំហុស​ឲ្យ​លោក​គ្រូ អ្នក​គ្រូ ចោទ​ប្រកាន់​ថា​ជា​រឿង​នយោបាយ…តើ​ពួក​គេ​ជា​មន្រ្តី​ស្អី​ទៅ? មន្រ្តី​ចោលម្សៀត​ចេះ​ធ្វើ​ជា​ម៉ែ​ឪ​គ្រូ ប៉ុន្តែ​ទុក​ឲ្យ​កូន ក្លាយ​ជា​ស្មូម​យក​លុយ​សិស្ស!
សិស្សានុសិស្ស​ត្រូវ​ភ​ម៉ែ ឪ និង​យក​លុយ​ពី​ផ្ទះ មក​ឲ្យ​គ្រូ​ទាំង​ទើស​ទាល់។ គ្រូ​លក់​នំ គ្រូ​លក់​មេរៀន គ្រូ​លក់​វិញ្ញាសា គ្រូ​លក់​ពិន្ទុ គ្រូ​លក់​វត្តមាន គ្រូ​បង្រៀន​គួរ​ក្នុង​ម៉ោង​រដ្ឋ..ដើម្បី​បាន​លុយ​កាក់​ខ្លះ​ចិញ្ចឹម ក្រុម​គ្រួសារ​និង​ដាក់​ស្រោម​សំបុត្រ​ឲ្យ​នាយក​សាលា​ ឯ​នាយក​សាលា​យក​ឲ្យ​មន្ទីរ ចំណែក​មន្ទីរ​វេច​យក​ឲ្យ​ថ្នាក់​ដឹក​នាំ​នាយកដ្ឋាន និង​ក្រសួង​តាម​រយៈ​កាដូ ផឹក​ស៊ី​ស្រី​ញី​ជាដើម។ ឲ្យ​តែ​មាន​ការ​ប្រឡង​ម្តងៗ បើ​មិន​ឆ្លៀត​ឱកាស​ច្បាស់​ជា​ដាច់​បាយ ត្រូវ​តែ​បង្ខំ​ចិត្ត​ប្រមូល​លុយ​ពី​សិស្ស​។ បើ​ធ្វើ​ជា​ម៉ែ ឪ មិន​ចេះ​គិត​គូរ​កូន ទុក​ឲ្យ​កូន ស៊ី​អត់​ស៊ី​ឃ្លាន ក្រាញ​ននៀល​ខាំ​ស្មៅ រង​ពាក្យ​រិះគន់​ជេរ​ប្រមាថ គ្រប់​បែប​យ៉ាង​។ តើ​ចាត់​ទុក​ថា ជា​ម៉ែ ឪ​មាន​គុណ​បាន​ដែរ​ឬ​ទេ? ខ្លួន​ធ្វើ​ជា​ម៉ែ ឪ ដេក​ស្រួល​ស៊ី​ស្រួល តែ​កូន​ត្រូវ​ដើរ​សុំ​ទាន ដើរ​លួច ដើរ​សម្លុត​គេ​យក​លុយ​មក​ចិញ្ចឹម​ឪពុក​ម្តាយ​យ៉ាង​ទៀង​ទាត់ តើ​ត្រូវ ចាត់​ទុក​ជា​ម៉ែ ឪ មាន​គុណ​ដូចម្តេច? បើ​គ្រាន់​តែ​បង្កើត​កូន​រួច ហើយ​ទុក​ចោល​ដូច​សត្វ​ធាតុ​គ្មាន​ការ​ថែរក្សា គ្មាន​ជួយ​ឈឺ​ឆ្អាល គ្មាន​ដឹង​សុខ​ទុក្ខ​រឿង​គ្រូ​អត់​បាយ រឿង​កូន​គ្រូ​ទៅ​រៀន​បង់​លុយ រឿង​គ្រូ​បង្រៀន​ត្រូវ​គេ​មើល​ងាយ​មើល​ថោក​ជេរ​ស្តី​គ្រប់​បែប​យ៉ាង​តើ​ម៉ែ ឪ ដែល​ជា​ក្រសួង អប់រំ ទុក​ឲ្យ​លោក​គ្រូ អ្នក​គ្រូ ដែល​ជា​កូន​ចៅ​វេទនា​ដល់​ពេល​ណា?
អប់រំ ដើម្បី​ទាំង​អស់​គ្នា​ទាំង​អស់​គ្នា​ដើម្បី​អប់រំ! ស្តាប់​មួយ​ភ្លែត​ពិត​ជា​ពីរោះ ពិត​ជា​ត្រឹម​ត្រូវ​ណាស់។​ទី​ណា ក៏​ជា​សាលារៀន ទីណា​ក៏​មាន​ការ​អប់រំ ទី​ណា​ក៏​មាន​គ្រូ​បង្រៀន​ដែរ​។ ទោះ​បី​ជា​គ្រូ​បណ្តុះ គ្រូ ដាំ​គ្រូ ថែ​គ្រូ​ផ្លែ​ផ្កា…ក៏​ដោយ​។​ពួក​គាត់​នៅ​តែ​ជា​គ្រូ គឺ​គ្រូ​បង្រៀន​មួយ​ជីវិត។ ហេតុ​អ្វី​បាន​ជា​គេ​នាំ​គ្នា​មើល​ងាយ​គ្រូ? តើ​អ្នក​ណា​ម្នាក់ ដែល​ចេះ​ដឹង​ដោយ​គ្មាន​គ្រូ?​ឆ្មា​ស៊ី​ត្រី​អាំង គេ​នាំ​គ្នា​ជេរ និង​ដេញ​វាយ​ប្រហារ​ឆ្មា។ ចុះ​ពេល​ខ្លា​ស៊ី​គោ​វិញ​? មើល​ចុះ​កញ្ចប់​ថវិកា​ជាតិ សម្រាប់​ការ​អប់រំ មាន​មិន​ដល់ ២០% ផង។ ចុះ​ថវិកា​ជាតិ សម្រាប់​ក្រសួង ការពារ​ជាតិ​? ចុះ​ថវិកា សម្រាប់​កញ្ចប់​នាយក​រដ្ឋ​មន្រ្តី? បើ​មើល​ទៅ​ប្រាក់​ខែ​គ្រូ​តិច​តួច​ណាស់ បើក​មិន​ទៀង​ទាត់ គ្មាន​ដំណោះស្រាយ​រាប់​សិប​ឆ្នាំ គ្មាន​ការ​គិត​គូរ​ដល់​ទុក្ខ​លំបាក​របស់​គ្រូ​បង្រៀន គឺ​បាន​ត្រឹម​តែ​និយាយ​យក​មុខ យក​សំឡេង​ឆ្នោត​។ ពេល​ទឹក​ដល់​ច្រមុះ ចេះ​ដំឡើង​ប្រាក់​ខែ​ឲ្យ​លោក​គ្រូ អ្នក​គ្រូ ដែល​ជិត​ចូល​និវត្តន៍​ដែរ​តើ​! ការ​សាង​សង់​អគារ​សិក្សា នៅ​តាម​សាលារៀន​មាន​បញ្ហា​ពុករលួយ​នៅ​ពី​ក្រោយ​ខ្នង​យ៉ាង​ក្រាស់​ឃ្មឹក? សាលារៀន គ្រាន់​តែ​ជា​និមិត្តរូប គុណភាព​អប់រំ​មាន​កម្រិត​ទាប សញ្ញាបត្រ​គ្មាន​តម្លៃ គ្រឹះស្ថាន​រដ្ឋ ៣៩ ឯកជន​ជាង ៦០ ខ្វះ​ការ​ត្រួត​ពិនិត្យ​តាម​ដាន​ដំណើរការ​រៀន និង​បង្រៀន។
ប្រទេស​មួយ​រីកចម្រើន​លូត​លាស់ ទាល់​តែ​ប្រព័ន្ធ​អប់រំ​ជឿន​លឿន និង​មាន​គុណភាព​ខ្ពស់។ ចង់​ឲ្យ​ប្រព័ន្ធ​អប់រំ​រឹងមាំ ត្រូវ​មាន​ធាតុ​ផ្សំ​យ៉ាង​ហោច​ណាស់ បី​យ៉ាង ដែល​ជា​មុំ​ចង្រ្កាន​គឺ ទី១ បង្កើន​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ការ​អប់រំ លើក​កម្ពស់​ជីវភាព និង​សមត្ថភាព​របស់​គ្រូ​បង្រៀន​ម្នាក់ៗ​ឲ្យ​មាន​កម្រិត​ខ្ពស់​។ ទី២ សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បណ្តា​ប្រទេស​ជា​ដៃ​គូ ដើម្បី​បើក​ចំហ​ជើង​មេឃ​សម្រាប់​ការ​អប់រំ ដែល​មាន​លក្ខណៈ​សកលភាវូបនីយកម្ម។ ត្រូវ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​តម្រង់​ទិស​ការ​អប់រំ តាំង​ពី​បឋម​សិក្សា រហូត​ដល់​ឧត្តម​សិក្សា និង​ក្រោយ​ឧត្តម។ ទី៣ ត្រូវ​តែ​ហ៊ាន​ឆ្កឹះ​កកាយ​ដង្កូវ​ក្នុង​សាច់ ដោយ​យក​ច្បាប់​ជា​គោល​។​ដំណាក់កាល​នេះ គឺជា​ដំណាក់កាល​វះកាត់ និង​ព្យាបាល​។ មិន​ត្រូវ​ឱប​ក្រសោប​ប្រធាន​នាយកដ្ឋាន ដែល​ជា​ប្រភេទ​មន្រ្តី​ព្រះនារាយណ៍​ទៀត​ទេ។
ឯកឧត្តម​រដ្ឋ​មន្រ្តី អប់រំ ថ្មី មាន​បេសកកម្ម ២ ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់ គឺ ទី១ វះកាត់​សាច់​ស្អុយ និង​ឆ្កឹះ​ដង្កូវ​ចេញ​ពី​សាច់ ដើម្បី​បង្កើត​ជំនឿ​ទុក​ចិត្ត​ពី​រាស្រ្ត និង​ពី​គ្រូ​បង្រៀន​។ ទី២ អភិវឌ្ឍ និង​ពង្រឹង​វិន័យ​គ្រួសារ​ឡើង​វិញ​។​នគរ​មាន​ច្បាប់​គ្រួសារ​មាន​វិន័យ​។​កូន មិន​បាន​ការ​ត្រូវ​តែ​ចាត់​ការ និង​ដាក់​ពិន័យ​តាម​ច្បាប់​អប់រំ​។​តើ​ត្រូវ​យក​មន្រ្តី​អសកម្ម​ទាំង​នោះ​ទៅ ទុក​នៅ​ឯណា? តើ​ត្រូវ​ទុក​លើ អាសនៈ​ទៀត​មែន​ទេ? នេះ​ហើយ ជា​សមត្ថភាព និង​ឥទ្ធិពល​របស់​ឯកឧត្តម​រដ្ឋ​មន្រ្តី​ថ្មី​។ បើ​សិន​គ្មាន​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​វិស័យ​អប់រំ ទាន់ ពេល​វេលា​ទេ ច្បាស់​ជា​មាន​ភាព​វឹកវរ ចលាចល និង​បាតុភាព​អសកម្ម​ក្នុង​ស្រទាប់​យុវជន គ្រូ​បង្រៀន​បញ្ញវន្ត និង​រីក​រាល​ដាល​ដល់​នគរ​ទាំង​មូល ដែល​មិន​អាច​ទប់​ស្កាត់​បាន​ឡើយ​។ ពេល​នោះ​រដ្ឋាភិបាល​អាណត្តិ ទី ៥ ច្បាស់​ជា​ធ្លាក់​ទឹក​ពាក់​កណ្តាល​អាណត្តិ​ជា​មិន​ខាន​។ រឿង​រ៉ាវ​ទាំង​នោះ​គេ​ហៅ​ថា “ឈ្នះ​លើ​សមរភូមិ មិន​អាច​ឈ្នះ​ចិត្ត​រាស្រ្ត”។
សម័យ​នេះ​មិន​ដូច​សម័យ​មុន អាណត្តិ​នេះ​មិន​ដូច​អាណត្តិ​មុន​។ ថ្ងៃ​នេះ មិន​ដូច​ថ្ងៃ​មុន។ យុវជន គ្រូ​បង្រៀន បញ្ញវន្ត រហូត​ដល់​រាស្ត្រ​សាមញ្ញ ក្នុង​នគរ សុទ្ធ​តែ​អាច​ដឹង​ព័ត៌មាន អាច​ចែក​ចាយ និង​បង្ហោះ បង្ហើប​ព័ត៌មាន​ចេញ​បាន​គ្រប់​រូបភាព គ្រប់​ពេល​វេលា ជា​ពិសេស​តាម​បណ្តាញ​សង្គម​។ ពេល​នោះ​រាស្រ្ត​ក្នុង​នគរ​ច្បាស់​ជា​ដឹង​រឿង​ស​ខ្មៅ អាក្រក់​ល្អ​ជាក់​ជា​មិន​ខាន​។ ថ្ងៃ​នេះ​គ្រូ​បង្រៀន​ម្នាក់ ខ្សឹប​ប្រាប់ ពី​ម្នាក់​ទៅ​ម្នាក់​!ចុះ​ថ្ងៃ​ស្អែក ថ្ងៃ​ខាន​ស្អែក…ខែ​នេះ ខែ​ក្រោយ ឆ្នាំ​នេះ ឆ្នាំ​ក្រោយ…ច្បាស់​ជា​មាន​អ្នក​គាំទ្រ និង​ជួយ​ផ្សព្វ​ផ្សាយ​បន្ត​ជា​សាធារណៈ​ជា​មិន​ខាន​។ ផ្ទះ​គ្មាន​សសរ តើ​អាច​ឈរ​រឹង​មាំ​ដល់​ពេល​ណា? គណបក្ស​កាន់​អំណាច មិន​ខ្លាច ក៏​ត្រូវ​តែ​ក្រែង​ដែរ! នេះ​គឺជា​ការ​ពិត៕
ដោយ សេកសោម សូម​ចូល​រួម​យោបល់​តាម​រយៈ samnangsong69@gmail.com