សាលាក្រុង មិនអនុញ្ញាតឱ្យខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្ម មុខទូតវៀតណាម នាថ្ងៃទី១៣ តុលាទេ
សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា ធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ខាងមុខទេ ដោយឱ្យលើកពេលធ្វើបាតុកម្មទៅថ្ងៃក្រោយវិញ។ នេះបើតាមសង្ឃដីការបស់ព្រះតេជគុណ សៀង សុវណ្ណារ៉ា តំណាងអង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅថ្ងៃព្រហស្បត្ត៏ ទី១០ ខែតុលានេះ។
ព្រះតេជគុណ សៀង សុវណ្ណារ៉ា ប្រធានស្តីទី សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បព្ជាក់ទៀតថា កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ តំណាងខាងអង្គការសមាគមខ្មែរកម្ពុជាក្រោម បានជួបពិភាក្សាជាមួយខាងសាលារាជធានីភ្នំពេញ អំពីការធ្វើបាតុកម្ម នៅមុខទូតវៀតណាម ប្រចាំនៅកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣។ ប៉ុន្តែខាងសាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើទេ ដោយឱ្យលើកពេលទៅថ្ងៃក្រោយវិញ។ ពីព្រោះការធ្វើបាតុកម្ម វាជាន់គ្នាជាមួយខាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលរៀបចំប្រារព្ធពិធីទិវាគ្រូបង្រៀនពិភពលោក នៅថ្ងៃទី១៣ ខែតុលាដែរ។
ព្រះអង្គបានមានសង្ឃដីកាបន្តថា ដោយមានការលើកឡើងបែបនេះ ខាងអង្គការសមាគមខ្មែរកម្ពុជាក្រោម ក៏បានសម្រេចលើកពេលដោយធ្វើបាតុកម្មនៅថ្ងៃក្រោយវិញ។ តាមគំរោងគឺគ្រោងនឹងធ្វើបាតុកម្ម នៅថ្ងៃទី១៦-១៧ ខែតុលា ខាងមុខនេះវិញ នៅទីលានប្រជាធិបតេយ្យ។
ព្រះតេជគុណ សៀង សុវណ្ណារ៉ា បានស្នើសូមឱ្យតំណាងខាងស្ថានទូតវៀតណាម និងខាងក្រសួងការបរទេសកម្ពុជា មកទទួលយកញ្ញត្តិរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម និងស្នើដល់រដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ ២អង្គ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ចំនួន ៧នាក់ ដែលតុលាការវៀតណាម បានកាត់ទោស កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីឱ្យពួកគាត់មានសេរីភាពឡើងវិញ។
សូមរម្លឹកថា កាលពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០១៣ តុលាការប្រទេសវៀតណាម បានបើកសវនាការ កាត់ទោសព្រះសង្ឃពីរអង្គ និងប្រជាពលរដ្ឋ ៧នាក់ផ្សេងទៀត ដោយចោទប្រកាន់ពីបទញ្ជូនព័ត៌មាន ចេញទៅក្រៅប្រទេស និងពីបទធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ឆ្នាប់សាធារណៈ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ៕
ប្រភពពី Free Press Magazine
