កម្មករ​សា​ឡង់​ម្នាក់ លង់ទឹក​ស្លាប់ មួយ​យប់​ទើប​ឃើញ​សព និង​កុមារា​ម្នាក់ លង់​ទឹកអណ្តូង ស្លាប់​

10/07/2013 0 Comments A+ a-

ខេត្តកំពត: ដោយ​មានការ​ជ្រោមជ្រែង​ពី​កម្លាំង​វរៈ​២៤១​នគរបាល​ការពារ​ព្រំ​ដែនទឹក និង​សមត្ថកិច្ច​កង​នាវាចរណ៍ ប្រចាំ​ខេត្តកំពត​-​កែប កាលពី​ថ្ងៃត្រង់ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៣ ក្រុមកម្មករ​សា​ឡង់​ដឹក​ខ្សាច់ បាន​រកឃើញ​សព​មិត្ត​រួមការ​ងារ​ម្នាក់ បន្ទាប់ពី​លង់​លិច​ចូល​ព្រែក ក្នុងភូមិ​សាស្ត្រ​ភូមិ​ជុំ​ក្រៀល ឃុំ ជុំ​ក្រៀល ស្រុក​ទឹកឈូ នា​រសៀល​ថ្ងៃទី​៦ ខែតុលា ព្រោះតែ​ការ​លោត​តាម​ចាប់​ធុងសាំង ធ្លាក់​ពីសា​ឡង់​។​
​ជនរងគ្រោះ ក្នុងករណីនេះ ឈ្មោះ ឡេ វ៉ាំ​ង​ងៀ អាយុ ៤៣​ឆ្នាំ ទីលំនៅ​ខេត្ត​ឡុង​អាង ប្រទេស​វៀតណាម ជា​កម្មករ​សា​ឡង់​ដឹក​ខ្សាច់​។​
​មិត្តភក្តិ​រួមការ​ងារ បានឱ្យដឹងថា ដោយសារ​មាន​សម្បក​ធុងសាំង​មួយ​បាន ធ្លាក់​ពីសា​ឡង់ និង​អណ្តែត​តាម​ទឹក កាលពី​វេលា​ម៉ោង​ប្រហែល ២​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៣ ក្រុមកម្មករ​បាន​បើកទូក​ម៉ាស៊ីន​តាម​។ ជា​ចៃដន្យ ពេល​ជិត​ដល់​ចំណុច​សម្បក​ធុង​អណ្តែត​ទៅហើយ ស្រាប់តែ​ទូក​បាន​កល់​ជាប់​នឹង​ដី ទើប​ជនរងគ្រោះ លោត​ចុះ ដើម្បី​ចាប់​អូស នាំយក​មកលើ​ទូក​។ ប៉ុន្តែ​ការ​លោត​ទៅនោះ ជនរងគ្រោះ បាន​លិច​បាត់ ដោយ​មិនឃើញ​ងើបឡើង​វិញ ទើប​កម្មករ​នាំគ្នា​ចុះ​មុជ រាវ​រកតែ​មិនឃើញ​។
​ដោយសារ​នៅ​ទីតាំង​នោះ ក្បែរ​នឹង​កន្លែង​ឈរជើង​របស់​កម្លាំង​វរៈ​២៤១ នគរបាល​ការពារ​ព្រំ​ដែនទឹក និង​សមត្ថកិច្ច​កង​នាវាចរណ៍ ប្រចាំ​ខេត្តកំពត​-​កែប ក្រុមកម្មករ​បាន​រាយ​ការណ៍​ប្រាប់ ក៏មាន​ការ​មកជួយ​ស្វែងរក​រហូតដល់​យប់​។
​ព្រោះតែ​ការរក​មិនទាន់​ឃើញ​សព នា​ព្រឹក​ថ្ងៃ​បន្ទាប់​នេះ (៧​តុលា​) ទាំង​កម្លាំង​សមត្ថកិច្ច ទាំង​កម្មករ​ទូក​បាន​បន្ត​មុជ​រាវរក​ទៀត រហូតដល់​ម៉ោងជាង​១២​ថ្ងៃត្រង់ ទើប​ប្រទះ​សព​នៅ​បាត​ទឹក ត្រង់ចំណុច​បាត់​ខ្លួន​។​
​លោក គង់ សុខន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​ឲ្យ​ដឹងថា ដោយឡែក​នា​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៣ កុមារា​ម្នាក់ ឈ្មោះ ប៉ាល់ វិសាល អាយុ ៨​ឆ្នាំ បាន​ធ្លាក់ទឹក អណ្តូង​ស្លាប់ ក្នុងភូមិ​ក្រាំង ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ក្រោយពី​ឪពុកម្តាយ នាំ​មកពី​ខេត្ត​ព្រះសីហនុ ដើម្បី​សួរសុខទុក្ខ​សាច់ញាតិ នៅ​ភូមិ​ឃុំ​កើត​ហេតុនេះ ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​។
​ក្រោយ​ស្រង់​ពី​អណ្តូង ក្រុមគ្រួសារ បាន​នាំយក​កុមារ​រងគ្រោះ ទៅ​មន្ទីរពេទ្យ​ដែរ តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់ថា​កុមារ​រងគ្រោះ បាន​ស្លាប់​ទៅហើយ​៕​


Read more: http://www.cambodiapage.info/?p=18196#ixzz2h38f2whw