ពលរដ្ឋជិត១០០នាក់នឹង ប្រមូលផ្តុំគ្នានៅសាលា ដំបូងខេត្តព្រះសីហនុប្រឆាំង ការបណ្តេញចេញ
ប្រជាពលរដ្ឋជិត១០០នាក់ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ នឹងប្រមូលផ្តុំគ្នា តវ៉ាមុខសាលាដំបូងខេត្តនេះនៅថ្ងៃស្អែក ប្រឆាំងនឹងការបណ្តេញចេញ។
លោក ជិន សុផល ដែលអះអាងថា តំណាងពលរដ្ឋនៅឃុំបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រាប់VODនៅរសៀលថ្ងៃពុធទី១៦ខែតុលានេះថា នៅថ្ងៃទី១៧ខែតុលាស្អែកនេះ ពួកគាត់នឹងប្រមូលផ្តុំគ្នានៅមុខសាលាដំបួង និងសាលាខេត្តនេះ ជំទាស់នឹងពាក្យបណ្តឹង ដែលបង្គាប់ឲ្យពួកគាត់រុះរើពីលំនៅឋានបច្ចុប្បន្ន។
លោក ជិន សុផល បន្តថា តាមដីកាកោះរបស់តុលាការ ដើមបណ្តឹងនោះ ឈ្មោះចាន់ ហេង ស៊ួ សូហ្វាង និងលឹម ជូ ដែលពួកគាត់មិនធ្លាប់ស្គាល់។
មេឃុំបាក់រទេះ លោក ពិន សេម បញ្ជាក់ថា ពលរដ្ឋដែលកំពុងប្រឈមនិងការបណ្តេញចេញនោះ បានមករស់នៅតំបន់នេះ ចាប់ពី១០ឆ្នាំឡើងទៅ ចំណែកដើមបណ្តឹង ដែលអះអាងថាជាម្ចាស់កម្មសិទ្ធិ លោកថា ជាមនុស្សមិនដែលស្គាល់។
VODមិនទាន់ទាក់ទងដើមបណ្តឹង ដើម្បីអត្ថាធិប្បាយពីការលើកឡើងរបស់ពលរដ្ឋបានទេ នៅថ្ងៃពុធនេះ ។
បើតាមដីកាកោះរបស់សាលាដំបូងខេត្តព្រះសីហនុ ចុះហត្ថលេខាដោយចៅក្រម លោក ស្វាយ តុញ បង្គាប់ឲ្យពលរដ្ឋ៨៨គ្រួសារ ចួលខ្លួនមកតុលាការ នាថ្ងៃទី១៧ខែតុលា ដើម្បីសម្រុះសម្រួលជាមួយភាគីពាក់ព័ន្ធ ជាដើមណ្តឹង៕