អង្គការព័ត៌មាន និងសង្គមស៊ីវិលអំពាវនាវ ឲ្យរដ្ឋាភិបាលគោរពសេរី ភាពពលរដ្ឋ និងអ្នកសារព័ត៌មាន
អង្គការព័ត៌មានក្នុង និងក្រៅស្រុក និងសង្គមស៊ីវិល អំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ធានាការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិទទួលបានព័ត៌មាន សិទ្ធិបញ្ចេញមតិ និងសេរីភាពរបស់អ្នកសារព័ត៌មានក្នុងការបំពេញការងាររបស់គេ។
សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី៩ ខែតុលា និងចេញផ្សាយនៅថ្ងៃនេះរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) រួមជាមួយវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាអំពីប្រព័ន្ធផ្សព្វផ្សាយ(CIMS) សម្ព័ន្ធអ្នកសារព័ត៌មានប្រចាំតំបន់អាស៊ីអាគ្នេយ៍(SEAPA) អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ខុមហ្វ្រែល(Comfrel) ឲ្យដឹងថា នៅក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់បច្ចុប្បន្ន ប្រជាពលរដ្ឋត្រូវការព័ត៌មានដែលគួរឲ្យទុកចិត្ត និងឯករាជ្យ ដើម្បីឲ្យពួកគាត់អាចធ្វើសេចក្តីសម្រេចចិត្ត។
សេចក្តីថ្លែងការណ៍រួម បានលើកទ្បើងពីការបង្ក្រាបរបស់សមត្ថកិច្ច ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ទៅលើសកម្មជនដីធ្លីដែលធ្វើកូដកម្មអត់អាហារ នៅរមណីយដ្ឋានវត្តភ្នំ ដែលបណ្តាលឲ្យពួកគាត់ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិរងរបួស។
សេចក្តីថ្លែងការណ៍ ជំរុញឲ្យអាជ្ញាធរកម្ពុជា គោរពសេរីភាពសារព័ត៌មាន ដើម្បីឲ្យបណ្តាញសារព័ត៌មានទាំងអស់អាចរាយការណ៍គ្រប់រឿងទាំងអស់ ក្នុងអំទ្បុង និងក្រោយការបោះឆ្នោត។
អង្គការព័ត៌មាន និងសង្គមស៊ីវិល ក៏អំពាវនាវឲ្យឥស្សរជននយោបាយលើកកម្ពស់វិន័យក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដើម្បីឲ្យពួកគេមានសមត្ថភាពបំពេញការងារក្នុងការថែរក្សាសន្តិភាព។
សេចក្តីថ្លែងការណ៍រួម ក៏អំពាវនាវឲ្យមានការផ្តល់កិច្ចការពារដល់អ្នកសារព័ត៌មាន ដែលរាយការណ៍ព័ត៌មានក្រោយការបោះឆ្នោតផងដែរ។
VOD មិនអាចទាក់ទងមន្ត្រីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលបាននៅទ្បើយទេ៕