មេដឹកនាំបក្សប្រឆាំងភូមា ព្រមានឲ្យកែប្រែរដ្ឋធម្មនុញ្ញជាបន្ទាន់
លោកស្រី អ៊ុងសានសូជី មេដឹកនាំបក្សប្រឆាំងនៅភូមា ធំជាងគេ បានព្រមានថា នឹងមានការប្រឈមជាខ្លាំង ប្រសិនបើប្រទេសនេះ មិនមានការកែប្រែរដ្ឋធម្មនុញ្ញា ឲ្យទាន់មុនការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០១៥។
ការព្រមានរបស់លោកស្រីប្រមុខបក្សប្រឆាំងភូមា បានធ្វើឡើង នៅប្រទេសសិង្ហបូរី នៅក្នុងការថ្លែងសុន្ទរកថា របស់លោកស្រីនៅឯសន្និសីទកាសែតមួយ នៅមុនពេលលោកស្រីចាកចេញ ទៅកាន់អឺរ៉ុប នៅថ្ងៃនេះដើម្បីទទួលពានរង្វាន់ សាខារ៉ូវ ឆ្នាំ១៩៩០ ដែលអឺរុបផ្ដល់ឲ្យលោកស្រីក្នុងនាមជា ស្រ្តីឆ្នើមដើម្បីសេរីភាព។
ទោះជាយ៉ាងណា លោកស្រីមិនបានលំអិតអំពីកត្តាអ្វីខ្លះ ដែលនាំឲ្យភូមាប្រឈមនិងបញ្ហាសង្គម ដោយសារតែការមិនរុះរើរដ្ឋធម្មនុញ្ញ របស់អតីតពួកយោធានោះទេ។ ប៉ុន្តែលោកស្រី មានប្រសាសន៍ថា លោកស្រីនឹងបន្តជំរុញឲ្យមានការប្រែរដ្ឋធម្មនុញ្ញ ឲ្យបាននៅមុនការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០១៥ ចូលមកដល់។ លោកបញ្ជាក់ថា ប្រសិនបើរដ្ឋធម្មនុញ្ញត្រូវបានកែប្រែ គឺប្រទេសនេះ នឹងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
គេរំពឹងថា ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៥ គឺលោកស្រីប្រមុខបក្សប្រឆាំង ដ៏ល្បីល្បាញរូបនេះ នឹងឈ្នះការបោះឆ្នោត។
សូមជម្រាបថា សមាជិកសភាប្រទេសភូមា មាន៦៥០រូប ហើយបើតាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៧ របស់ពួកយោធា គឺមានសមាសភាពកងទ័ព ចំនួន២៥ភាគរយ នៃសមាជិកសរុប ហើយតម្រូវឲ្យកងទ័ព មានសំឡេងជាស្រេចក្នុងសភា ដែលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ នៅលើពិភពលោកមិនមានឡើយ៕