ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ជនសង្ស័យ ២ នាក់ជួញដូរគ្រឿងញៀន ២៩០ ដុល្លារ
ភ្នំពេញ: បុរសម្នាក់ និងស្ត្រីម្នាក់ ជាជនជាតិវៀតណាម ត្រូវប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនពីបទ ជួញដូរគ្រឿងញៀន ដែលមានតម្លៃ ២៩០ ដុល្លារ កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ នៅផ្ទះជួលផ្លូវលេខ៣៦៩ “ម្តុំដេប៉ូឈើ ” ក្នុងភូមិដើមចាន់ ក្រុម៦ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ។
ប៉ូលិសប៉ុស្តិ៍ច្បារអំពៅទី២ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ គឺទី១-ឈ្មោះ វិន យ៉ាំងវ៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករលាបថ្នាំតុទូ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៦៩ ក្នុងភូមិដើមចាន់ ក្រុម៦ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ និងទី២-ឈ្មោះ ង្វៀន ធីលី ភេទស្រី អាយុ ២២ឆ្នាំ ជាអ្នកលក់នំបញ្ចុក ស្នាក់នៅ ផ្ទះជួលម្តុំមេភ្លើង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
លោកអនុសេនីយ៍ទោ ទេព បូរ៉ា នាយប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃកម្លាំងប៉ូលិសប៉ុស្តិ៍តែងតែល្បាត និងចុះធ្វើរដ្ឋបាល ក្នុងតំបន់ស្មុគស្មាញក្នុងភូមិសាស្ត្រ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ពេលល្បាតមកដល់ចំណុចម្តុំដេប៉ូឈើ ផ្លូវ៣៦៩ ក្នុងភូមិដើមចាន់១ ក៏ប្រទះឃើញមុខសញ្ញាសង្ស័យ ឈ្មោះ វិន យ៉ាំងវ៉ៃ ដែលជាជនធ្លាប់លួចដុតផ្ទះអ្នកភូមិនៅទីនោះ និងស្រីម្នាក់ទៀត ដោយមានការសង្ស័យទើបកម្លាំងសមត្ថកិច្ចហៅសាកសួរ។ ដោយឃើញសមត្ថកិច្ចហៅសួរនាំ ជនសង្ស័យបានគ្រវាត់កញ្ចប់បារីចោល។ នៅក្នុងកញ្ចប់បារីនោះ សមត្ថកិច្ច បានឆែករកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកពណ៌សថ្លាចំនួន ៥៨ កញ្ចប់ប្លាស្ទិក។ ពេលនោះកម្លាំងសមត្ថកិច្ច ក៏ឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់ យកមកកាន់ប៉ុស្តិ៍ច្បារអំពៅ២ តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ វិន យ៉ាំងវ៉ៃ បានសារភាពថា ថ្នាំញៀននេះ ពួកគេបានទិញពីម្តុំផ្សារកណ្តាលចំនួន ១០ កញ្ចប់ ក្នុងតម្លៃ ១ កញ្ចប់ធំ តម្លៃ ១០ ដុល្លារ ហើយរំលែកដាក់កញ្ចប់តូចៗបានចំនួន ៥៨ កញ្ចប់យកមកលក់បន្តក្នុង ១ កញ្ចប់ តម្លៃ ៥ ដុល្លារ។
បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ រួមទាំងវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន ៥៨ កញ្ចប់រួចបញ្ជូនទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភពពី CEN