ទំនប់អាងកំពីងពួយ នៅជាប់សំណង់ទី២ បានបាក់ធ្លាយហើយ
បាត់ដំបង: នៅព្រឹកថ្ងៃទី៩ ខែតុលានេះ ទំនប់អាងកំពីងពួយ នៅជាប់សំណង់ទី២ បានបាក់ធ្លាយហើយ ដែលមានចំងាយយ៉ាងវែង ចាប់ពីសំណង់ទី២ រហូតដល់ជើងភ្នំ ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ចំណែកនៅក្បែរសំណង់ទី១ ស្ថិតនៅភូមិតាង៉ែន ដែលអាជ្ញាធរ បានយកគ្រឿងចក្រទៅកាយបើកមុខទឹកនោះ បានធ្វើឲ្យទំនប់បាក់កាន់តែធំឡើងៗ ដោយសារកម្លាំងទឹកហូរច្រោះ។ កម្លាំងទឹកនៅចំណុចបាក់ធ្លាយនោះ បានបុកផ្តាច់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ នាំយកទៅបាត់អស់។ សំណង់ទ្វារទឹកទី១ និងទី២ ដែលសាងសង់ដោយក្រុមហ៊ុនកូរ៉េ មិនបានបាក់ទេ។
តាមសេចក្តីរាយការណ៍ពីអ្នកឆ្លងឆ្លើយព័ត៌មាន នៅទំនប់អាងកំពីងពួយ បានឲ្យដឹងថា កម្លាំងទឹកដែលហូរចេញពីអាងកំពីងពួយ ត្រង់ចំណុចបាក់ធ្លាយនោះ មានសន្ទុះខ្លាំងណាស់ មិនមាននរណាហ៊ានចូលទៅជិតបានទេ។ ចំណែកផ្ទះដែលទឹកហូរនាំយកទៅបាត់នោះ ក៏នៅពុំទាន់ដឹងពីតួលេខច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេគ្រាន់តែដឹងថា ផ្ទះដែលនៅចំមុខទឹក គឺបាក់រលំទាំងអស់ដែលមានចំនួនច្រើនខ្នង។ ចំណែកឯមនុស្ស និងសត្វពាហនៈ មិនបានរងគ្រោះនោះទេ ព្រោះត្រូវបានជម្លៀសចេញទៅទួលសុវត្ថិភាព បានទាន់ពេលវេលា ។
គឺមុនពេលដែលមានការបាក់ធ្លាយទំនប់នេះ កម្លាំងសមត្ថកិច្ច កងប្រដាប់អាវុធជាច្រើនរយនាក់ អាជ្ញាធរខេត្ត បានចុះទៅជួយអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដឹកជញ្ជូនចេញពីលំនៅដ្ឋាន ដើម្បីទៅរកទីទួលសុវត្ថិភាព ខ្លះមានមធ្យោបាយដូចជា គោយន្តកន្ត្រៃ ឬឡានតូច-ធំ បានរើឥវ៉ាន់ដឹកដោយខ្លួនឯងផងដែរ៕
