រថយន្តរបស់ ថៅកែលក់ គ្រឿងសំណង់ ឆៃ លី ក្រោយបុក អ្នកកាសែត៣នាក់ ឲ្យរងរបួសធ្ងន់ ឥឡូវបុកក្មេង ប្រុសស្រីស្លាប់ និងរបួស២នាក់ទៀត
ផ្តល់សិទ្ទិដោយ៖looking today.com
មណ្ឌលគិរី ៖ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុក រថយន្តរបស់អ្នកកាសែត ៣នាក់ បណ្តាលឲ្យរង របួសធ្ងន់រួមមាន សហការីទូរទស្សន៍ ហង្សមាស សហការី ទូរទស្សន៍អប្បរា និងសហការី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលរួចមក ឥឡូវនេះរថយន្ត របស់ថៅកែលក់ គ្រឿងសំណង់ ឆៃ លី បានបង្កគ្រោះថ្នាក់ ចរាចរណ៍មួយថែមទៀតនោះគឺ ទៅបុកក្មេងប្រុសក្មេងស្រី២នាក់ ជាបងប្អូនបង្កើត បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ឋត់មួយនេះ បានបណ្តាលឲ្យ កុមារា កុមារី ពីរនាក់បងប្អូនស្លាប់ និងម្នាក់រង របួសបាក់ដៃបាក់ជើង គួរឲ្យសង្វែកបំផុត កាលពីវេលាម៉ោង៣នឹង៥០នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវឆ្ពោះទៅរមណីយដ្ឋាន ទឹកជ្រោះដំណាក់ស្តេច ក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។
សាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត កូរ៉េពណ៍ខៀវពាក់ស្លាកលេខ 2K-3731 មួយគ្រឿង បើកបរយ៉ាងលឿនពី ក្រុងសែនមនោរម្យទៅ ភូមិជ្រៃសែន ខណៈមកដល់កន្លែងកើតហេតុ ត្រង់ផ្លូវបំបែកជាបួន រថយន្តបាន បើករេពេញផ្លូវទំនងស្រវឹងស្រា ក៏ជ្រុលទៅបុក ម៉ូតូរងគ្រោះ ម៉ាកវ៉េវអ៊ីពណ៌ ក្រហមពាក់ ស្លាកលេខ កំពង់ចាម 1C-1651 ពីចំហៀង ពេញទំហឹង អូសជាង៣០ម៉ែត្រទំាង មនុស្ស និងម៉ូតូ។
មន្រ្តីនគរបាល ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី បានឲ្យដឹងនៅល្ងាចថ្ងៃដដែលថា ចំពោះករណីគ្រោះថ្នាក់ ចរាចរណ៍នេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានធ្វើការឃាត់ខ្លូនជនបង្ក នៅនឹងកន្លែងដែលមានឈ្មោះ សុខ រី ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចំប៉ក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។
មន្រ្តីនគរបាលចរាចរ បានបន្តទៀតថា រថយន្តបង្ក បុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបូសធ្ងន់នោះ ជារថយន្ត ដឹកសម្ភារៈ គ្រឿងសំណង់ របស់ថៅកែលក់គ្រឿងសំណង់ឈ្មោះ ឆៃ លី ដែលកាលពីថ្ងៃមុនបានបង្កគ្រោះថ្នាក់ ចរាចរណ៍ បុករថយន្តរបស់ អ្នកកាសែតបីនាក់ ឲ្យរងរបួសធ្ងន់ ដោះស្រាយមិនទាន់រួចរាល់ផងនោះ។
ជនរងគ្រោះមានទី១-ឈ្មោះ ទិត្យ ចាន់បូរមី ភេទស្រី អាយុ១៥ឆ្នាំ របួសធ្ងន់ ទី២-ឈ្មោះទិត្យ ចាន់សូរិយា ប្រុស អាយុ១៤ឆ្នាំ ស្លាប់ ទាំងពីរនាក់ រស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។ ក្រោយកើតហេតុ ទាំងរថយន្ត និងម៉ូតូត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្ត រង់ចាំដោះស្រាយនៅពេលក្រោយ៕

