អាណិតកុមារកំព្រា ពៅ បញ្ញាពេជ្រ សម្រេចចេញច្រៀងទាំងឈឺ
អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ បានស្ម័គ្រចេញច្រៀងលើកដំបូងតាំងពីវិលត្រឡប់ពីបរទេសមកសម្រាកព្យាបាលជំងឺនៅក្នុងស្រុកវិញ។ ជាប់ជាមួយនឹងសកម្មភាពនេះ កញ្ញា ទទូចសុំការគាំទ្រដល់រូបនាងផង។
នៅក្នុងឃ្លិបវីដេអូមួយដែលបង្ហោះលើបណ្ដាញសង្គមយប់មិញ កញ្ញា ពៅ បញ្ញាពេជ្រ បានប្រាប់ថា នៅថ្ងៃទី ២០ ខែតុលាខាងមុខនេះ កញ្ញា នឹងចេញច្រៀងក្នុងកម្មវិធីតន្ត្រីមួយនៅខេត្តកោះកុង ដែលរៀបចំដោយសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ កញ្ញា បន្តថា កម្មវិធីធ្វើឡើងដើម្បីរកថវិកាជួយកុមារកំព្រាខេត្តកោះកុង ជាមួយនឹងការដាំដើមឈើ និងជំរុញឲ្យកុមារឲ្យអានសៀវភៅឲ្យបានច្រើន។
ពៅ បញ្ញាពេជ្រ បញ្ជាក់ថា កញ្ញាចូលរួមច្រៀងក្នុងកម្មវិធីនេះ គឺជាការងារសប្បុរសធម៌ ហើយក្នុងនាមជាអ្នកជំងឺម្នាក់ កញ្ញាចង់ធ្វើបុណ្យ ក៏ដូចជាធ្វើអ្វីដែលកញ្ញាអាចធ្វើបាន។ ដូច្នេះក្នុងខណៈនេះ កញ្ញាស្នើសុំឲ្យប្រិយមិត្តចូលរួមធ្វើបុណ្យទាំងអស់គ្នា និងសូមជួយគាំទ្រ តាមរយៈការទិញសំបុត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រខាងត្បូងវិមានឯករាជ្យ ដែលបានចាប់ផ្ដើមលក់តាំងពីថ្ងៃច័ន្ទម្សិលមិញ។
វិលមកស្ថានភាពជំងឺរបស់ខ្លួនឯងផ្ទាល់វិញ កញ្ញា ពៅ បញ្ញាពេជ្រ ប្រាប់ថា កញ្ញានៅតែត្រូវការព្យាបាលវែងឆ្ងាយតទៅ។ ដូច្នេះកញ្ញា នៅតែត្រូវការជំនួយសប្បុរសធម៌ ពីសប្បុរសជននានាជាចាំបាច់ ខានពុំបានឡើយ។ អីចឹងហើយ កញ្ញា រីករាយស្វាគមន៍រាល់ជំនួយសប្បុរសធម៌ទាំងឡាយចំពោះកញ្ញា និងសូមថ្លែងអំណរគុណទុកជាមុន៕
អត្ថបទ៖ទារិកា