បុរស ជនជាតិជប៉ុន ដួលសន្លប់ កំពុងបំពេញការងារ បានស្លាប់ មុនពេល បញ្ជូនដល់មន្ទីរពេទ្យ
ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញៈ បុរសវ័យចំណាស់ ជាជនជាតិជប៉ុនម្នាក់ ដួលសន្លប់ ខណៈកំពុងបំពេញ ការងារនៅក្នុងរោងចក្រ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នករួមការងារជាច្រើនទៀត ហើយបាននាំគ្នាដឹកបញ្ជូន ទៅកាន់គ្លីនិកដើម្បី ជួយសង្គ្រោះអាយុជីវិតបន្ទាន់ ប៉ុន្តែពេលបញ្ជូនទៅដល់គ្លីនិក ក្រុមគ្រូពេទ្យបានពិនិត្យហើយប្រាប់ថា ជនរង គ្រោះបានស្លាប់បាត់ទៅហើយ ប៉ុន្តែ ដោយអ្នកជូនទៅ មិនអស់ចិត្ត ក៏សុំឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះហើយ ក្រុមគ្រូពេទ្យក៏ព្រមជួយសង្គ្រោះ ប៉ុន្តែមិនអាចជួយសង្គ្រោះមនុស្សស្លាប់ឲ្យរស់វិញបានទេ ។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងអគារទី១២ នៃរោងចក្រកាត់ដេរ ប្លុកសួនឧស្សាហកម្មកាណាឌីយ៉ា មានទីតាំងនៅ ភូមិត្រពាំង ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ តូគីប៉ូរ៉ា ភេទប្រុស អាយុ៧២ឆ្នាំ មាន មុខរបរ ជំនាញបច្ចេកទេសផ្នែកម៉ាស៊ីន ស្នាក់នៅកន្លែងធ្វើការក្នុងរោងចក្រ ។
តាមប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅធ្វើការងារ ជាធម្មតា ទៅតាម ជំនាញរបស់គាត់ដូចរាល់ថ្ងៃ មិនមានអ្វីប្លែកនោះទេ ស្រាប់តែកំពុងបំពេញការងារសុខៗ ស្រាប់តែ ជនរង គ្រោះដួលភីងទៅនឹងដី ធ្វើឲ្យមានការភ្ញាក់ផ្អើល អ្នកដែលបំពេញការងារផ្សេងទៀត ក៏នាំគ្នាដឹកបញ្ជូនជន រងគ្រោះ តាមរថយន្តរបស់ក្រុមហ៊ុន មកកាន់គ្លីនិកមូលមិត្ត ដែលនៅក្បែរនោះដែរ ប៉ុន្តែពេល បញ្ជូនមកទៅ ដល់គ្លីនិក ក្រុមគ្រូពេទ្យបានពិនិត្យហើយ ប្រាប់អ្នកជូនទៅថា ជនរងគ្រោះបានស្លាប់បាត់ ទៅហើយ ប៉ុន្តែ ក្រុមអ្នកជូនទៅ មិនអស់ចិត្តក៏សំណូមពរ ឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ ក្រែងលោជួយបាន ប៉ុន្តែ ទោះបីជា យ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានដែរ ពីព្រោះមនុស្សស្លាប់ មិនអាចជួយសង្គ្រោះ បានឡើយ ពេលដឹងច្បាស់ថា ជនរងគ្រោះស្លាប់នោះ ក៏នាំគ្នាប្តឹងទៅនគរបាល ឲ្យចុះទៅពិនិត្យ និងធ្វើ កោសល្យវិច័យ រួចហើយក៏ដឹកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួល យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណីនៃសាសន៍នីមួយៗ ៕

