ជួលរថយន្តជិះ ដល់កន្លែងស្ងាត់ បាញ់ប្លន់ យករថយន្ត ម្ចាស់រងរបួសធ្ងន់
ផ្តល់សិទ្ទិដោយlooking today.com
កំពង់ចាម៖ កម្លាំងនគរបាល ស្រុកចំការលើ និងកម្លាំងសមត្ថកិច្ច ស្រុកបារាយ ខេត្តកំពង់ធំ បាននិងកំពុងដេញតាម ជនសង្ស័យម្នាក់ កំពុងបើករថយន្ត ជនរងគ្រោះ ពីចំណុចចំការកៅស៊ូ ក្នុងភូមិតាប្រុក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយបាញ់ម្ចាស់ រថយន្ត ត្រូវចំពោះបណ្តាលឲ្យ រងរបួសធ្ងន់ ដើម្បីប្លន់យក រថយន្តនាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣នេះ។
មេឃុំតាប្រុក ស្រុកចំការលើ លោក ខ្លូត សុខុម បានថ្លែងឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ ៨៖៥០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣នេះ មានករណីប្លន់ ប្រដាប់អាវុធមួយ បានកើតឡើងនៅក្នុងទឹកដី របស់លោកដោយ ជនសង្ស័យ បានបាញ់ អ្នកបើក រថយន្តឈ្នួល ម៉ាកកាម៉ារី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-0410 ខណៈពួកគេ ទាំងពីរនាក់ បានធ្វើដំណើរ ដល់ចំការកៅស៊ូ ។
បើតាមលោកមេឃុំ មុនពេលកើតហេតុ ជនសង្ស័យបានជួល រថយន្តរបស់ជនរងគ្រោះ ពីភ្នំពេញ ឆ្ពោះទៅក្រុងសួង ខេត្តកំពង់ចាម ប៉ុន្តែពេលមកដល់ ស្រុកចំការលើ ជនសង្ស័យបានប្រាប់អ្នកបើករថយន្តថា មានការសំខាន់ នៅខេត្តសៀមរាប ដូច្នេះឲ្យ អ្នកបើករថយន្ត ធ្វើដំណើរទៅ ខេត្តសៀមរាបវិញ ដោយធ្វើដំណើរឆ្លងកាត់ ភូមិតាប្រុក ឃុំតាប្រុក ស្រុកចំការលើនេះឯង។
លោកមេឃុំ បានបន្តទៀតថា ខណៈជនរងគ្រោះ និងជនសង្ស័យបានធ្វើដំណើរដល់ចំការកៅស៊ូ ដែលជាកន្លែងស្ងាត់ ស្រាប់តែជនសង្ស័យ ប្រាប់អ្នកបើករថយន្តឈប់ ដើម្បីឈឺនោម ហើយពួកគេទាំងពីរនាក់ បានឈរឈឺនោមជាដូចគ្នា។ ក្រោយនោមរួចហើយ ជនសង្ស័យបានរត់ មកចូលបើករថយន្ត តែត្រូវម្ចាស់រថយន្ត មកប្រតាយប្រតប់ ជាហេតុនាំឲ្យ ជនសង្ស័យបាញ់ ប្រហារតែម្តង បណ្តាលឲ្យរង របួសធ្ងន់ចំពោះ ។
ក្រោយធ្វើការបាញ់ប្រហារ ជនសង្ស័យបានទម្លាក់ជនរងគ្រោះ នៅកន្លែងស្ងាត់ ហើយរូបគេបានបើករថយន្ត ចេញទៅឆ្ពោះទៅខាង តំបន់កំពង់ថ្ម ស្រុកបារាយ ខេត្តកំពង់ធំ។ ជាមួយគ្នានេះ អធិការនគរបាល ស្រុកចំការលើ មិនទាន់អាចសុំការអធិប្បាយ បាននៅឡើយទេ នៅយប់ថ្ងៃដដែលនេះ ដោយសារតែរូបលោក កំពុងបញ្ជាកម្លាំងតាមចាប់។
ដោយឡែក មេបញ្ជាការ អាវុធហត្ថ ស្រុកបារាយ លោក ឃុន ប៊ុនហួរ បានថ្លែងឲ្យតាមទូរស័ព្ទថា ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ថាមានករណីនេះ លោកបានបញ្ជឲ្យកម្លាំង របស់លោកដាក់ស្ទាក់តាមផ្លូវ និងធ្វើការឆែករថយន្ត ដែលធ្វើដំណើរឆ្លងកាត់កំពង់ថ្ម ។ ប៉ុន្តែរហូតមកដល់ម៉ោង ៩៖០០នាទីយប់ថ្ងៃដដែលនេះ មិនទាន់បានឃាត់ជនសង្ស័យបាននៅឡើយទេ៕