មន្ត្រី​សហជីព​សេរី​កម្មករ​ ម្នាក់​រង​ការ​គំរាម​សម្លាប់​ តាម​ទូរស័ព្ទ​​

9/30/2013 0 Comments A+ a-

មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ​ខេ​ម​បូ​ហែ​ន​សាំ​ពីរ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ គំរាម​សម្លាប់​តាម​ទូរស័ព្ទ។​
​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​កាត់ដេរ​ខេ​ម​បូ​ហែ​ន​សាំ​ពីរ លោក វ៉ាន់ បូ​រ៉េ​ត ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​៣០ ខែកញ្ញា​នេះ​ថា លោក​ត្រូវ​បាន​​ជន​​មិន​​ស្គាល់​​អត្ត​សញ្ញាណ​​​ហៅ​ទូរស័ព្ទ​​ទៅ​លោក​នៅ​ព្រឹក​មិញ​នេះ ដោយ​ព្រមាន​ថា បើ​មិន​ឈប់​ធ្វើការ​នេះ​ទេ គេ​នឹង​សម្លាប់ចោល​។ លោក​បន្ត​ថា​ តាំងពី​ចាប់ធ្វើការ​មក លោក​មិន​ដែល​មាន​សត្រូវ​ជា​មួយ​អ្នកណា​ទេ តែ​កន្លងមក​លោក​ធ្លាប់​បាន​ប្រមូល​កម្មករ​ឲ្យទៅ​បោះឆ្នោត​ជូន​គណបក្សស​ង្គ្រោះ​ជាតិ​។ បន្ទាប់​ពី​មាន​គេ​គំរាម​សម្លាប់​ហើយ លោក​បាន​ទៅប្តឹង​សមត្ថកិច្ច​នៅ​សង្កាត់​​ចោមចៅ តែ​សមត្ថកិច្ច​មិន​បាន​ចាត់ការ​អ្វី​ទេ​គ្រាន់តែ​ឲ្យ​លេខ​ទូរស័ព្ទ​ពីរ​ខ្សែ​សម្រាប់​ទាក់ទង​ពេល​មាន​បញ្ហា​ប៉ុណ្ណោះ​។​
​លោក វ៉ាន់ បូ​រ៉េត សំណូមពរ​ឲ្យ​ស្ថាប័នពា​ក់​ព័ន្ធ​ជួយ​ស៊ើបអង្កេត​ពី​ករណី​នេះ ដោយ​លោក​បារម្ភ​ពី​សុ​វត្ថិ​ភាព​ផ្ទាល់ខ្លួន ៖ "ខ្ញុំ​អំពាវ​នាវ​ឲ្យ​គ្រប់​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ហ្នឹង​​ឲ្យ​គាត់​ជួយ​​ស៊ើប​​អង្កេត​ករណី​ហ្នឹង​ផង ហើយ​​ណា​មួយ​ខ្ញុំ​ជា​កម្មករ​រោង​ចក្រ​ចឹង​​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ពីព្រោះ​ខ្ញុំ​ទៅ​ធ្វើការ​ចឹង​​ខ្ញុំ​អត់​ដឹង​ថា អ្នក​ណា​​គេ​ស្អប់​ខ្ញុំចឹ​ង​ណាស់" ។
VOD បាន​ទាក់ទង​មេ​ប៉ូលិស​សង្កាត់​ចោមចៅ តែ​​លោក​មេ​ប៉ូលិស​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូបនោះ អះ​អាងថា មិន​មាន​អ្នកប្តឹង​ពី​ករណី​នេះ​។​
​បើ​តាម​ជនរងគ្រោះ​ឲ្យដឹង​ថា លេខ​ទូរស័ព្ទ​ដែល​ហៅចូល ហើយ​គំរាម​សម្លាប់​​នោះ ​គឺ​លេខ ០៩៧ ៨២ ២០ ៧៦៥​។ ប៉ុន្តែ​លេខ​នេះ នៅពេល​VOD បាន​ទាក់​ទង​អ្នកទទួល អះអាងថា​ ​ជា​លេខ​ទូរស័ព្ទ​​សាធារណៈ​។​
VOD មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ទេ​នៅ​ល្ងាច​នេះ​។​
​អគ្គលេខាធិការរង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ថន ថុល ទទួច​ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រណ៍ដោ​យ​ស៊ើបអង្កេត​ជា​បន្ទាន់ ព្រោះ​​ការគំរាមកំហែង​​បែប​​នេះ​​តែងតែ​កើតមាន​​ជា​​ញឹក​ញាប់ លើ​មន្ត្រី​ និង​សមាជិក​សហជីព​សេរី​កម្មករ​ ៖ “​ខ្ញុំ​មាន​ការព្រួយបារម្ភ​​ចំពោះ​គាត់ សូមឲ្យ​អាជ្ញាធរ​ចាត់​វិធានការ ឲ្យ​បាន​​ឆាប់​​ទៅ​លើ​ជន​ដែល​បង្កហេតុ ព្រោះ​​ច្រើនលើក​ច្រើនសារ​ហើយ​ដែល​គំរាម​កំហែង មក​លើ​សកម្មជន​និង​ថ្នាក់ដឹកនាំ សហជីព​សេរី​កម្មករ​យើង​”​។​
​គួរបញ្ជាក់​ថា កាលពី​ឆ្នាំ​២០០៤ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ល្បី គឺ​លោក ជា វិជ្ជា ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ផ្ញើ​សារ​​ចូល​ទូរស័ព្ទ​របស់​លោក​គំរាម​សម្លាប់​។ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​លោក ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​នៅ​មុខ​តូប​លក់​កាសែត ជិត​វត្ត​ល័ង្កកា​រ រាជ​ធានី​​ភ្នំពេញ បើទោះជា​លោក​បាន​ប្តឹង​ករណី​នេះ​ទៅ​សមត្ថកិច្ច​រួចហើយ​ក៏​ដោយ​។ រហូត​មក​ទាល់​ពេលនេះ​ជិត​១០​ឆ្នាំ​ហើយ​តែ​ឃាតករ​ពិត មិន​ទាន់​ត្រូវ​សមត្ថ​កិច្ច​ចាប់​មក​ផ្តន្ទាទោស​នៅ​ឡើយ​ទេ​៕