វិភាគ៖ តើវិបត្តិនយោបាយ កំពុងរុញច្រានទៅរកវិបត្តិ សេដ្ឋកិច្ច និងសង្គមមែនឬទេ ?
ភ្នំពេញ៖ ការជាប់គាំងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជាបានធ្វើអោយស្ថានភាពសេដ្ឋកិច្ចខ្មែរជាទូទៅមានការថមថយក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ។ ការថមថយនេះគឺបណ្តាលមកពីការចំណាយបស់អ្នកប្រើប្រាស់ថយចុះ ការវិនិយោគថយចុះ កម្ចីពីធនាគារក្នុងទ្រង់ទ្រាយធំតឹងរឹងជាងមុនបន្តិច។
ចាប់តាំងពីថ្ងៃបោះឆ្នោតទី២៨ខែកក្កដាឆ្នាំ២០១៣ រហូតមកដល់ពេលនេះ សកម្មភាពរកស៊ីទទួលទានជាទូទៅនៅក្នុងប្រទេសកម្ពុជាបានទទួលរងសម្ពាធអវិជ្ជមានពីស្ថានភាពនយោបាយមិនច្បាស់លាស់នៅក្នុងប្រទេសកម្ពុជា ជាពិសេស ក្នុងអំឡុងពេលរៀបចំមហាបាតុកម្មអហិង្សា និង ការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធពាសពេញទីក្រុងភ្នំពេញ។
ការប្រកាសធ្វើមហាបាតុកម្មម្តងហើយម្តងទៀតៗ និងវត្តមានកងកម្លាំងប្រដាប់អាវុធបានធ្វើអោយអ្នកជំនួញមួយចំនួនធំសម្តែងក្តីបារម្ភដោយមិនហ៊ានបញ្ជារទិញទំនិញថ្មីៗ ឬមិនទានវិនិយោគបន្ថែមឡើយ។ ចំណែកឯធនគារមួយចំនួនវិញ ពួកគេមិនហ៊ានអោយកម្ចីថ្មីក្នុងទ្រង់ទ្រាយធំទេ ក្នុងអំឡុងពេលមានមហាបាតុកម្ម តែចំពោះកម្ចីណាដែលព្រមព្រៀងគ្នាមុនពេលបោះឆ្នោតនៅដំណើរការដដែល។
អ្នកបញ្ញើរប្រាក់មួយចំនួននាំគ្នាទៅដកប្រាក់មួយចំនួនធំចេញពីធនាគារយកមកទុកនៅផ្ទះវិញ។ អ្នកមានធនធានធូរធាមួយចំនួននាំគ្នារត់ចេញទៅប្រទេសថៃដើម្បីគេចចេញពីស្ថានការណ៍ដែលអាចកើតមានជាអំពើហិង្សានៅក្នុងប្រទេសកម្ពុជា។
អ្នកទេសចរបរទេសលុបជើងហោះហើរមកក្នុងប្រទេសមួយរយៈដែលប្រការជំរុញអោយរដ្ឋបាត់បង់ចំណូល អ្នករកស៊ីទទួលទានបាត់បង់ប្រយោជន៍ មនុស្សអត់ការងារធ្វើ។ អ្នកជំនួញដែលពាក់ព័ន្ធជាពិសេសជាមួយភ្ញៀវទេសចរបរទេសបានបាត់បង់ប្រាក់ចំណូលប្រមាណជា៣០ភាគរយ។
អ្នកវិនិយោគក្រៅប្រទេសរង់ចំមើលពេលវេលាសមស្របដើម្បីបោះទុនវិនិយោគជាថ្មីនៅក្នុងប្រទេសកម្ពុជា។ ហើយស្របពេលជាមួយគ្នា ពួកគេក្រឡេកមើលទីផ្សារថ្មីនៅក្នុងប្រទេសភូមា ជាការជំនួសមកវិញ។ អ្នកវិនិយោគទុនម្នាក់នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ប្រាប់ថា គាត់«ធុញទ្រាញ់»នឹងស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជារៀងរាល់ការបោះឆ្នោត៥ឆ្នាំម្តង។ ដូច្នេះហើយ គាត់កំពុងស្វែងរកលទ្ធភាពការបោះទុនវិនិយោគនៅក្នុងប្រទេសភូមាដែលជាទីផ្សារថ្មី និងមានលក្តានុពល។
មិនមែនតែអ្នកវិនិយោគិនធំៗទេដែលមិនហ៊ានបោះទុននោះ សូម្បីតែអ្នកប្រើប្រាស់ក៏បន្ថយការចំណាយរបស់ខ្លួនដែរដោយបារម្ភខ្លាចស្ថានការណ៍នយោបាយចេះតែដុនដាបខ្លាំងជាមុន ហើយពួកគេគ្មាប្រាក់នៅនឹងដៃ។
ដោយសារតែការចំណាយទូទៅថយចុះនេះហើយ ទើបអាជីកម្មតូច មធ្យម និងធំមួយចំនួនកំពុងប្រឈមនឹងការខាតបង់។ ពួកគេនឹងបន្តខាតបង់តទៅទៀត ប្រសិនបើជម្លោះនយោបាយនៅក្នុងប្រទេសកម្ពុជាមិនអាចត្រូវបានដោះស្រាយអោយឆាប់រហ័សទេនោះ។ គណបក្សប្រឆាំងកាលពីពេលថ្មីៗកន្លងមកនេះ បានអំពាវនាវកុំអោយអ្នកវិនិយោគទុនបរទេសបណ្តាក់ទុកនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលវិបត្តិនយោបាយនេះ ជាពិសេសជាមួយរដ្ឋាភិបាលថ្មីដែល«មិនគ្រប់លក្ខណៈ»។ ម្យ៉ាងវិញទៀត គណបក្សសង្គ្រោះជាតិបានប្រកាសជាថ្មីម្តងទៀតធ្វើមហាបាតុកម្មនៅថ្ងៃទី២៣ខែតុលាខាងមុខនេះ។
ដំណឹងខាងលើទាំងអស់នេះសុទ្ធតែជំរុញអោយអ្នកជំនួញ តូច ធំ រារែកក្នុងការបោះទុនរកស៊ីទទួលទាន។ ជាការពិត អ្នកជំនួញមួយចំនួនធំបាន និងកំពុងខាតបង់ប្រាក់ដោយសារស្ថានភាពនយោបាយអាក្រក់មែន ប៉ុន្តែឈ្មួញលក់ដូរ«របស់របរហូបចុក»កេងប្រាក់ចំណេញបានយ៉ាងច្រើនដោយសារតែស្ថានភាពវឹកវរ ពីព្រោះអ្នកប្រើប្រាស់ភ័យស្លន់ស្លោរ នាំគ្នាទិញទំនិញស្តុកទុក។
សរុបសេចក្តីមកវិញ ប្រសិនបើសកម្មភាពមហាបាតុកម្មនៅតែបន្ត ការដាក់ពង្រាយកងកម្លាំងនៅតែមាន នោះសកម្មភាពវិនិយោគ និងសកម្មភាពអាជីកម្មនៅក្នុងប្រទេសកម្ពុជានៅតែបន្តធ្លាក់ចុះ។ បន្ទាប់មកវាអាចឈានទៅរកវិបត្តិសេដ្ឋកិច្ច ហើយនៅទីបញ្ចប់វិបត្តិសង្គមអាចនឹងកើតមានឡើង។ វិបត្តិសេដ្ឋកិច្ចនៅពេលនេះគឺមិនមែនបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុពិភពលោកទេ តែវាបណ្តាលមកពីវិបត្តិនយោបាយផ្ទៃក្នុងចែកអំណាចគ្នាមិនត្រូវ៕
ប្រភពពី ថ្មីៗ