បើកម៉ូតូឌុបគ្នា ជ្រុលទៅ បុកគូទរថយន្ត ចតលើចិញ្ចើមផ្លូវ ស្លាប់៣នាក់ រងរបួសធ្ងន់ម្នាក់ នៅលើផ្លូវ ជាតិលេខ១ (UPDATE)
ភ្នំពេញ៖ បុរសចំនួន៣នាក់ អាយុជាង២០ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារ តែជនរងគ្រោះទាំងនេះ បានបើក ម៉ូតូឌុបគ្នា ហើយជ្រុលទៅបុក គូទរថយន្ត ហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែលចតចោល នៅលើចិញ្ចើមផ្លូវ ស្ថិតនៅ មុខហាង ម្លប់ដូងក្បាលកោះ លើផ្លូវជាតិលេខ១ ស្ថិតក្នុង ភូមិក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣។
មន្រ្តីនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ ដែលចុះទៅជួយអន្តរាគមន៍ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ ជិះម៉ូតូ CITI 100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ដ-1437 ភព1 តាមបណ្តោយផ្លូវជាតិ លេខ១ ក្នុងទិសដៅពីលិចទៅកើត ពោលចេញពី រាជធានីភ្នំពេញ ស្រាប់តែដល់មុខ ហាងម្លប់ដូងក្បាលកោះ ក៏ជ្រុលទៅបុក គូទរថយន្ត HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0165 ដែលចតស្ងៀមលើ ចិញ្ចើមផ្លូវ បណ្តាលឲ្យ អ្នកបើកម៉ូតូ និងអ្នកជិះពីក្រោយ២នាក់ ស្លាប់ភ្លាមៗ និងអ្នកជិះ ពីក្រោយម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។
បើតាមមន្រ្តី នគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ បានឲ្យដឹងថា អ្នកបើកម៉ូតូមានឈ្មោះ ឆឹង កៅឡុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ បុរីមួយក្នុងខណ្ឌមានជ័យ ។
ដោយឡែក អ្នករួមដំណើរដែល ជិះពីក្រោយស្លាប់ ចំនួន២នាក់ រួមមានទី១ ឈ្មោះ ឈឿន សំរិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះ ហេង សំបាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករបុរីមួយ នៅខណ្ឌមានជ័យ អ្នកទាំងបី មានទីលំនៅ ភូមិរទាំង ភូមិឃុំធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី៣ ដែលរងរបួសធ្ងន់ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ។ មន្រ្តីនគរបាល ចរាចរ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើក ម៉ូតូបើកបរ លឿនខ្វះការ ប្រុងប្រយ័ត្ន ,ផ្ទុកមនុស្សលើចំណុះជិះគ្នា៤នាក់ ហើយរថយន្ត ចតមិនដាក់ សញ្ញាសម្គាល់ ។
បច្ចុប្បន្នទាំងរថយន្ត និងម៉ូតូត្រូវបានយក ទៅរក្សាទុក នៅការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
