អង្គការអន្តរជាតិ កំពុងស្វែងរក អត្តសញ្ញាណ ក្នុងរូបភាពស្ត្រីម្នាក់ យកកាំភ្លើងភ្ជង់ ក្បាលក្មេងស្រី អាយុ២ឆ្នាំ បង្ហោះតាម Facebook
បណ្តាញអង្គការអន្តរជាតិកំពុងតាមប្រមាញ់ស្វែងរកអត្តសញ្ញាណក្នុងរូបភាពស្ត្រីម្នាក់ដែលបានយកកាំភ្លើងភ្ជង់ទៅលើក្បាលក្មេងស្រីអាយុប្រមាណ២ឆ្នាំ ដែលបានបង្ហោះតៗគ្នាក្នុងបណ្តាញសង្គម Facebook ខណៈដែលអ្នកលេង Facebook បានរិះគន់យ៉ាងខ្លាំងទៅលើរូបភាពនេះថា ជាអំពើហិង្សាដ៏សាហាវ។ ក្រុមអង្គការអន្តរជាតិបានស្រាវជ្រាវជាបឋមឃើញថា រូបភាពហិង្សាលើកុមារ ដែលត្រូវបានគេបង្ហោះតាមបណ្តាញសង្គម Facebook នេះ មានប្រភពដំបូងចេញពីប្រទេសអាហ្សង់ទីន នៃទ្វីបអាមេរិកខាងត្បូង។
ទោះយ៉ាងណាបណ្តាញអង្គការអន្តរជាតិនេះមិនទាន់កំណត់បាននៅឡើយថា តើកាំភ្លើងដែលស្ត្រីម្នាក់យកមកភ្ជង់លើក្បាលក្មេងស្រីនោះជាកាំភ្លើងពិតប្រាកដឬក៏ក្លែងក្លាយនោះទេ ប៉ុន្តែ រូបភាពនេះត្រូវបានអ្នកលេង Facebook មានប្រតិកម្មរិះគន់យ៉ាងខ្លាំងថា អំពើរំលោភបំពានលើសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរបំផុត ហើយពួកគេក៏មានក្តីបារម្ភខ្លាំងផងដែរចំពោះវាសនាក្មេងស្រីក្នុងរូបភាពនោះ ប្រសិនបើវាជាសកម្មភាពពិតប្រាកដ៕
ប្រភពពី DTN7