លោកសម រង្ស៊ី ៖ ព្រះមហាក្សត្រ មិនទាន់ប្រទាន ព្រះរាជសារ កោះប្រជុំរដ្ឋសភា លើកដំបូង ដល់អ្នកតំណាងរាស្ត្រ ទើបជាប់ឆ្នោត
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៣នេះ បានចុះទៅសួរសុខទុក្ខក្រុមអាជីវករ នៅផ្សារអូរឫស្សី ដោយមានអាជីវករ ជាច្រើននាក់ បានចេញមកស្វាគមន៍។
នៅក្នុងឱកាសនោះ លោក សម រង្ស៊ី បានថ្លែងអំណរ គុណដល់បងប្អូន អាជីវករផ្សារអូឫស្សី និងបានថ្លែងទៅកាន់អ្នកកាសែតថា ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ ដែលផ្ញើជូនលោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)អំពីការកោះប្រជុំបេក្ខជន ជាប់ឆ្នោតជាតំណាងរាស្ត្រលើកដំបូង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ គឺគណបក្សសង្គ្រោះជាតិ នៅមិនជឿនៅឡើយទេ។ មកដល់ពេលនេះ ព្រះមហាក្សត្រ មិនទាន់ប្រទានព្រះរាជសារ កោះអញ្ជើញប្រជុំរដ្ឋសភា លើកដំបូង ដល់អ្នកតំណាងរាស្ត្រទេ។
លោក សម រង្ស៊ី ក៏បានប្រកាសផងដែរថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនទៅចូលរួមប្រជុំរដ្ឋសភា អាណត្តិថ្មី លើកដំបូងទេ បើសិនជាមិនមានដំណោះស្រាយសមស្រប លើការបោះឆ្នោតទេនោះ៕
ប្រភពពី Free Press Magazine