សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ បង់​រំលស់​កូន​អ្នកក្រ​​ កាន់​តែ​មាន​សង្ឃឹម​

9/11/2013 0 Comments A+ a-

ដំណឹង​ថា​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​មាន​បង់​រំលស់​ ​បាន​​​បន្ថែម​ក្ដី​សង្ឃឹម​ដល់​សិស្ស​ក្រីក្រ​ ដែល​ខ្វះ​លទ្ធភាព​ក្នុង​ការ​បង់​ថ្លៃ​សិក្សា ឲ្យ​មាន​ពន្លឺ​នៃ​ជីវិត​ឡើង​វិញ។

ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​ខ្លះ​ៗ នៃ​ការ​សិក្សា​បង់​រំលស់​ នៅ​តាម​សាកលវិទ្យាល័យ និង​ធនាគារ ព្រម​ទាំង​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​​មួយ​ចំនួន។
បុគ្គលិក​សាកលវិទ្យាល័យចុះចែក​ខិតប័ណ្ណ ពេល​ប្រកាស​លទ្ធផល​ប្រលង​បាក់ឌុប ​នា​ពេល​កន្លងទៅ
សាកលវិទ្យាល័យ មេគង្គ​កម្ពុជា កម្ចី​អត្រា​ការ​ប្រាក់​០​ភាគរយ សម្រាប់​សិស្ស​ដែល​ក្រីក្រ ខ្វះ​លទ្ធភាព​បង់​ថ្លៃ​សាលា។ ការ​សង​ត្រលប់​ធ្វើ​ឡើង​នៅ​ឆ្នាំ​ទី​២ ​ឆ្នាំ​ទី៣ ឬ​ឆ្នាំ​ទី​៤។ សាកលវិទ្យាល័យ​ក៏​នឹង​ផ្ដល់​ឱកាស​ការងារ​សម្រាប់​និស្សិត​​ធ្វើការ​រក​ប្រាក់​សង​មក​សាកល​វិទ្យាល័យ​​ដែរ។ ដើម្បី​ព័ត៌មាន​លម្អិត​ ទាក់​ទង​តាម​ទូរសព្ទ​លេខ​ 093 75 56 55 ។
សាកលវិទ្យាល័យ​ បញ្ញា​ជាតិ នឹង​​ផ្ដល់​ឲ្យ​​សិស្ស​​ក្រីក្រ​​មួយ​ឆ្នាំ​៤២០​ដុល្លារ​សម្រាប់​បង់​ថ្លៃ​សាលា​ ប៉ុន្តែ​និស្សិត​ត្រូវ​​​សង​ត្រលប់​មក​វិញ ៥៩​ដុល្លារ​​រាល់​​ខែ រយៈ​៨​ខែ​។ ពិសេស​សម្រាប់​ឆ្នាំ​នេះ សាកលវិទ្យាល័យ​ក៏​ផ្ដល់​អាហារូបករណ៍​ឥត​បង់​ថ្លៃ សម្រាប់​និស្សិត​២០០​នាក់ ប៉ុន្តែ​ជាប់​លក្ខខ័ណ្ឌ​កិច្ចសន្យា​ធ្វើការ​នៅ​ក្រុមហ៊ុន​ដៃគូ​របស់​សាលា​ ដើម្បី​បាន​​ប្រាក់​ខែ​សង​ត្រលប់​មក​សាកលវិទ្យាល័យ​វិញ​។ ដើម្បី​ព័ត៌មាន​លម្អិត​ ទាក់​ទង​តាម​ទូរសព្ទ​លេខ​ 069​ 5555 82 ។
សាកលវិទ្យាល័យ​ វេស្ទើន​ កម្ចី​សម្រាប់​និស្សិត​ក្រីក្រ​ពិត​ប្រាកដ​ ដែល​ត្រូវ​មាន​បញ្ជាក់​ពី​ភូមិ​ឃុំ​ និង​មាន​អាណាព្យាបាល​មក​ធានា។ កម្ចី​អាច​មាន​រយៈ​ពេល​៤​ឆ្នាំ​ ដោយ​អត្រា​ការ​ប្រាក់​ស្មើ​០​ ភាគរយ ​ហើយ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​នោះ​​​ សាលា​មិន​កំណត់​ឲ្យ​សង​ត្រលប់​នោះ​ទេ។ ក្រោយ​រៀន​ចប់​​រយៈ​ពេល​៣​ឆ្នាំ​ អត្រា​ការ​ប្រាក់​ស្នើ 0.05 ក្នុង​មួយ​ខែ។ ដើម្បី​ឲ្យ​សិស្ស​មាន​លទ្ធភាព​សង​ត្រលប់​ នៅ​ឆ្នាំ​ទី​២ ទី៣ និង​ទី​៤ ​សាកលវិទ្យាល័យ​នឹង​ផ្ដល់​ឱកាស​ការងារ​សម្រាប់​និស្សិត​ទាំង​នោះ​។ ដើម្បី​ព័ត៌មាន​លម្អិត​ ទាក់​ទង​តាម​ទូរសព្ទ​លេខ​ 096 8000 112 ។
ធនាគារ ក្រេឌីត ម៉ង់ទុយអែល CMK កម្ចី​ផ្ដល់​ឲ្យ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត ការ​ផ្ដល់​សម្រាប់​សិស្ស​ក្រីក្រ ចាំបាច់​ត្រូវ​ឪពុកម្ដាយ​ដឹង​ឮ​។ ក្នុង​អំឡុង​ពេល​សិក្សា៤​ឆ្នាំ​ មាន​អត្រា​ការ​ប្រាក់​ ចំនួន​២​ភាគរយ​ក្នុង​មួយ​ខែ ហើយ​សិស្ស​អាច​ជ្រើសរើស​ការ​សង​រំលស់​ទាង​ការ​ទាំង​ដើម ឬ​សង​តែ​ការ​ប្រាក់​ក៏​បាន។ បើ​ក្នុង​ករណី​គ្មាន​លទ្ធភាព​សង​សោះ គឺ​អាច​រង់ចាំ​រហូត​ដល់​មាន​ការងារ​ធ្វើ​។ ដើម្បី​ព័ត៌មាន​លម្អិត​ ទាក់​ទង​តាម​ទូរសព្ទ​លេខ​ 077 400 335 ។
គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ AEON និស្សិត​អាច​ជ្រើសរើស​សាកលវិទ្យាល័យ​បាន​តាម​តម្រូវ​ចិត្ត និង​មិន​បាច់​ស្ថិត​ក្នុង​លក្ខខណ្ឌ​ក្រីក្រ​ក៏​បាន។ ចំណុច​សំខាន់​ មាន​ការងារ​ធ្វើ​ និង​មាន​បៀវត្សរ៍​ចាប់​ពី​​​១០០​ដុល្លារ​ឡើង​ទៅ​ គឺ​អាច​ខ្ចី​បាន ​ដោយ​មាន​អត្រា​ការប្រាក់​ចំនួន​ ១.២​ភាគរយ​ក្នុង​មួយ​ឆ្នាំ។​​ ប៉ុន្តែ​​និស្សិត​ដែល​បាន​​ខ្ចី​​​ត្រូវ​បង់​រំលស់​ទាំង​ដើម​ទាំង​ការ​ ត្រលប់​មក​​​វិញ​ជា​ប្រចាំ​ខែ​។ ដើម្បី​ព័ត៌មាន​លម្អិត​ ទាក់​ទង​តាម​ទូរសព្ទ​លេខ​ 023​ 988 700។
អត្ថបទ​៖​ កង ចាន់​បញ្ញា