ខ្មោចនាងក្រមុំ ដែលបន្សល់ទុក លិខិតតាមបទចមៀង លងគេផ្អើលភូមិ
ខេត្តបន្ទាយមានជ័យ៖ ក្រោយពីស្ដ្រី ក្រមុំម្នាក់ ដែលមានវិបត្តិស្នេហា ដោះស្រាយមិនចេញ បានសម្រេចចិត្ត យកក្រមាចងកសម្លាប់ខ្លួនរួចមក ប្រជាពលរដ្ឋរស់នៅក្នុង ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យមួយចំនួន មានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីមានការនិយាយតៗគ្នាថា ខ្មោចនាងក្រមុំ ស្រែកទ្រហ៊ោយំពេញភូមិ។
ហេតុការណ៍នេះបានកើតឡើង ក្រោយពេលធ្វើបុណ្យរយះពេល ២ថ្ងៃប៉ុណ្ណោះ បានឮសំឡេងនាងក្រមុំ មកស្រែកទ្រហ៊ោយំ នៅក្នុងបន្ទប់លើផ្ទះរបស់នាង។ ពេលនោះមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋ បានឡើងទៅមើល មិនឃើញនរណាយំនោះទេ គឺគេឃើញតែបងប្អូន សាច់ញាតិសពពុំមានការភ្ញាក់ផ្អើលឡើយ។បើតាមប្រភពប្រាប់ឲ្យដឹងថ្ងៃទី១០ កញ្ញា នេះថា៖ ប្រជាពលរដ្ឋមួយចំនួន នឹកគិតពដក់ជាប់ ក្នុងអារម្មណ៍ពីរឿងចងក សម្លាប់ខ្លួនរបស់នាងក្រមុំ ។ គេសង្កតឃើញសាច់ញាតិ និងឪពុកម្តាយបានរៀបចំ ធ្វើបុណ្យបញ្ជូនកុសលឲ្យនាងក្រមុំ បានទៅកាន់ភពស្ងប់សុខ ដូចនេះទំនងជាគ្មានរឿងអ្វីកើតឡើងទេ។
សូមរំលឹកថា ស្ត្រីរងគ្រោះមានឈ្មោះ អឿន លីតា ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បានចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ នៅលើផ្ទះរបស់នាង បន្ទាប់ពីដឹងថា មិនអាចរួមរស់ជាមួយ សង្សារ ខ្លួន ដោយសារឪពុកម្តាយ ឲ្យភ្ជាប់ពាក្យ ជាមួយបុរសផ្សេង ជិតរៀបការចោលប្រុសស្នេហ៍៕(វាលឥន្ទ្រី)
