បទវិភាគ ៖ សម្លកកូរ
ចាប់តាំងពីថ្ងៃបោះឆ្នោតទី២៨កក្កដាមកដល់ពេលនេះមានរយៈពេលជាង៣០ថ្ងៃ មកហើយ ហើយកម្លាំងចល័តទ័ព រថក្រោះ ចូលរាជធានីចាប់តាំងពីល្ងាចប្រកាសលទ្ធផលបណ្ដោះអាសន្ន ដែលបានធ្វើឲ្យរាស្ត្រនាំគ្នាភ័យ ដេកមិនលក់ បក់មិនល្ហើយ កុំថាតែពូស៊ីក្លូ ដេកនៅមាត់ទន្លេ កណ្តាលវាលថាក្តៅ សូម្បីតែអ្នកមានដេកបន្ទប់ម៉ាស៊ីនត្រជាក់ ដាក់ចង់ដកសូន្យអង្សាក៏នៅតែខ្មៅភ្នែកដែរ ព្រោះដេកមិនលក់។ លើសពីនេះក្រុមហ៊ុនទូរស័ព្ទក៏ចំណេញមិនស្ទើរដែរ ព្រោះតែទាក់ទងទៅរកសាច់ញាតិ អ្វីដែលធ្វើឲ្យបេះដូងលោតកាន់តែញាប់គឺពាក្យថាមហាបាតុកម្ម។ ខ្លះបាននិយាយលួងចិត្តថា កុំភ័យ! កុំភ័យ! កុំភ័យឲ្យសោះ មហាបាតុកម្មនេះមិនកើតឡើងទេ ដាច់ខាតមិនកើតទេ។
គេធ្វើលេងដូចមែន មែនដូចលេង បើអ៊ីចឹងថាតើធ្វើលេងឬធ្វើមែន? ចម្លើយគឺលេងទេ តែត្រូវធ្វើឲ្យដូចមែនទែនទើបអ្នកមើលទះដៃ ហើយបន្លំភ្នែកខាងកើតផង។ មែន ឬមិនមែន វាទាល់តែគណៈកម្មការពិសេសស៊ើបអង្កេតចេញ ឬ មិនចេញ?
សម្លកកូរមួយឆ្នាំងនេះ គឺស្លមិនឆ្អិនទេ មិនមែនមេចុងភៅ និងកូនកាំបិត មិនត្រូវគ្នា គ្មានសមត្ថភាព ហើយក៏មិនមែនខ្វះបន្លែ ខ្វះគ្រឿង ខ្វះទឹក ហើយរឹតតែមិនមែនខ្វះសាច់ ហើយនិងភ្លើងដែរ មានសាច់មួយដុំធំទុកជាងមួយខែ ឡើងចង់ផ្អូមទៅហើយ ព្រោះចែកគ្នាមិនដាច់ស្រេច មិនដឹងស្ងោរ ឬឆា មិនដឹងថា ត្រូវចៀនឬត្រូវអាំង មិនដឹងធ្វើទាំងអស់ឬកាត់ទុកមួយដុំ ចំណែកភ្លើងវិញគឺឆេះមួយនគរ ឆេះឡើងចង់រលត់ទៅវិញហើយដែរ។ យុទ្ធសាស្ត្រវាយក្រុងនិងយុទ្ធសាស្ត្រការពារក្រុងគឺខុសគ្នា បើវាយមែនគឺវាយយូរហើយ មិនចាំដល់ពេលនេះទេ។ ពាក្យថាបាតុកម្មគឺខុសគ្នាពីរដ្ឋប្រហារ។ អ្នកនយោបាយគួររៀនពាក្យខ្មែរ ដោយមើលវចនានុក្រមសម្តេចជួនណាត ឲ្យច្រើន បើមិនអ៊ីចឹង លោកសុគតបិទភ្នែកមិនជិតទេ។
ដល់ត្រង់ចំណុចនេះធ្វើឲ្យខ្ញុំនឹកឃើញរឿងស៊ុន ឈាន នគរតុងអ៊ូ ហៅទីប្រឹក្សាលូស៊ូ ឲ្យទៅទាមទារក្រុងជីងចូវ ពីព្រះបិតុលា លីវប៉ី។ លូស៊ូសួរម្ចាស់ខ្លួនថា «បើលោកម្ចាស់ជា លីវ ប៉ី វិញ តើលោកម្ចាស់គិតយ៉ាងម៉េច?»លោកម្ចាស់ប្រាកដជាមិនឲ្យ មិនឲ្យជាដាច់ខាត ហើយថែមទាំងរកលេសនេះលេសនោះ មកបកស្រាយដើម្បីកាន់កាប់ក្រុងបន្ត។ ដំបូងថាគ្មានក្រុងឈរជើង ធ្វើបន្ទាយ ដាក់ទាហាន ដល់ឥឡូវបានក្រុងតូច ស៊ីឈ័នហើយក៏ដោយ ក៏ប្រាកដជាយកលេសថា បន្ទាយសង់មិនទាន់ហើយ មេឃភ្លៀង ដីសើម សេះចាស់ ទាហានខ្សោយ ជាមិនខាន។
ស៊ុនឈានក៏សួរទីប្រឹក្សាបន្ត«បើអ៊ីចឹងយើងមិនបាច់ទារទេអី?» លូស៊ូតបថា «ទារគឺត្រូវតែទារដាច់ខាតបើទោះបីទារមិនបានក៏ត្រូវតែទារ។ ខាងគេមានលេស តែខាងយើងមានហេតុផលត្រឹមត្រូវ ត្រូវទារ តែមិនអាចប្រើតែមាត់ទារទេ គឺត្រូវយកដាវទៅជាមួយ»។ អ្នកទារ ទៅទារ ចំណែកអ្នកនៅបន្ទាយត្រូវទូងស្គរ សំលៀងដាវ ប្រមូលទ័ព រៀបចំស្បៀង ត្រៀមចម្បាំង ស្រែកហ៊ោកងរំពង។ បំណុលលើកនេះ គឺទុកកាន់តែយូរ កាន់តែច្រើន កាន់តែថ្លៃ។
អ្នកមិនចង់ឲ្យកើតបាតុកម្មជាងគេគឺមិនមែនជំរំព្រះអាទិត្យទេគឺបន្ទាយទេវតាតែម្តង។ ក្នុង៣០ថ្ងៃនេះ ដោយសារតែភ័យខ្លាច កសិករលែងចង់ដាំស្រូវ អាជីវករលេងចង់ទិញអីវ៉ាន់ អ្នកនេសាទលេងចង់រកត្រី អ្នកដឹកចេញលេងចង់ដឹក អ្នកយកចូលមិនហ៊ានដឹកចូល ធ្វើឲ្យស្បៀងនគរធ្លាក់ចុះមិនស្ទើរ នេះជាហេតុផលទីមួយ។ ចំណែកទី២ បើសិនជាទុកឲ្យឆេះមែន កុំថាឡើយយកទឹកទន្លេចតុមុខ ទោះដងពីទន្លេសាបមកទៀត ក៏ពន្លត់មិនឈ្នះដែរ។ បើដើរទៅមុខ ចំណេញម្នាក់បន្តិច ហេតុអីក៏មិនថយក្រោយបន្តិច ដើម្បីចំណេញច្រើនទាំងអស់គ្នា? ម្នាក់ៗមានគំនាបរៀងៗខ្លួន គាបក្នុង គាបក្រៅ ចង់ដាច់ខ្យល់ទៅហើយចង់យំ តែមិនហ៊ានហូរទឹកភ្នែក ចង់ស្រែកតែមិនហ៊ានហាមាត់ ចង់ឲ្យកូនគេ ខ្លាចអត់កូនឯង បើទុកឲ្យកូនឯងទាំងអស់គេមិនព្រម។ ចែកគឺច្បាស់ជាចែក ឲ្យគឺច្បាស់ជាឲ្យ តែរង់ចាំឱកាស កាលៈទេសៈល្អសិន។
ដូចនេះ សម្លកកូរមួយឆ្នាំងនេះ បើទោះបីជាស្លមិនឆ្អិន ក៏ត្រូវតែស្ល ហើយត្រូវស្លឆ្នាំងធំ ចង្ក្រានធំទៀតផង ដើម្បីដាក់សាច់ច្រើន បន្លែច្រើន គ្រឿងច្រើន ទឹកច្រើន ហើយថែមទាំងដុត ភ្លើងឲ្យខ្លាំង ឲ្យក្តៅដល់ភូមិបាល ឲ្យឈ្ងុយដល់ទេវតា ដើម្បីត្រៀមចម្អែតរាស្ត្រមួយនគរតែសម្លនេះចម្លែកបន្តិច គឺស្លទុកមើល ស្លទុកសែនទេ ញ៉ាំមិនបានទេ តែក៏ល្អដែរ មានសម្លខ្លះស្លហើយទុកមើល ក៏មានរសជាតិឆ្ងាញ់ជាងបានញ៊ាំទៅទៀត មិនចាំបាច់ភ្លក្សវាទេ គ្រាន់តែហិតក្លិនគឺដឹងឆ្ងាញ់ក៏ពេញចិត្តដែរ អ៊ីចឹងត្រូវមើលមេចុងភៅ និងកូនកាំបិត តើពូកែប៉ុនណា? តែចាំថា សម្លមួយឆ្នាំងគឺមិនមែនសម្រាប់មួយបន្ទាយព្រះអាទិត្យនោះទេ តែគឺសម្រាប់រាស្ត្រមួយនគរ ដូចនេះត្រូវប្រយ័ត្ន ត្រូវរើសអុស រើសបន្លែ រកទឹកល្អមួយឆ្នាំង បើមិនអ៊ីចឹងទេ មិនទាន់ឆ្អិនសាច់ផង ឆេះបន្ទាយខ្លួនឯងគឺចប់ ហើយក៏មិនត្រូវបង្ខំភ្លើងពេកដែរ ព្រោះអាចនឹងខ្លោច រសជាតិលែងឆ្ងាញ់។ ការពិតសម្លកកូរ គឺត្រូវដាក់បន្លែច្រើន តែកុំច្រើនមុខពេកព្រោះវាអាចក្លាយទៅជាបបរជ្រូកទៅវិញ។
គណៈកម្មការពិសេស ច្បាស់ជាកើតមុនថ្ងៃទី៧ ខែកញ្ញា។ ការដោះស្រាយដោយសន្តិវិធី គឺមានន័យថា នគរសុខ។ នគរបានសុខ គឺមានន័យថា រាស្ត្រជាអ្នកឈ្នះ។ រាស្ត្រឈ្នះ គឺមានន័យថា នគររុងរឿង។ សម្លមួយឆ្នាំងនេះ មិនឆ្អិនទេ បើស្លតែម្នាក់ឯង ដូចនេះគឺដល់ពេលបន្ទាយទេវតា បញ្ជូនមេចុងភៅម្នាក់ មកជួយស្ល ទើបឆ្អិនល្អ ហើយកុំភ្លេចយកចានមួយមកផង។ បើពេលនេះមេៗចុងភៅ បានជាស្ល សម្លកកូរមួយឆ្នាំងធំជាមួយគ្នាទៅហើយ អ៊ីចឹងដល់ពេលភ្ជុំបិណ្ឌ នាំគ្នាមកវេចនំអន្សមជាមួយគ្នាមួយខ្ទះទៀតទៅ ហើយឲ្យចេះជួយគ្នា រាប់រកគ្នាអ៊ីចឹងរហូតទៅ។ មន្ត្រីត្រូវគ្នារាស្ត្របានសុខ។
ពីនិស្សិតក្មេងវត្ត កូនអ្នកស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com កំពង់ឆ្នាំង
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍.
Read more: http://www.cambodiapage.info/?p=13151#ixzz2dp5Fr6tD