ប្រធានព្រឹទ្ធសភាហ្វីលីពីន គាំទ្រតួនាទីអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះនយោបាយនៅកម្ពុជា
ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Franklin M. Drilon បង្ហាញការគាំទ្រគណបក្សសង្ក្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងការទាមទារបង្កើតយន្តការឯករាជ្យមួយ នៅចំពោះកិច្ច ដើម្បីស្វែងរកការពិតនៃភាពមិនប្រក្រតី នៃការបោះឆ្នោតសភានីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា តាមរយៈការដើរតួនាទីយ៉ាងសកម្មរបស់អង្គការសហប្រជាជាតិ។
តាមរយះលិខិតរបស់ Franklin M. Drilon ប្រធានព្រឹទ្ធសភាហ្វីលីពីន ដែលផ្ញើជូនប្រធានគណបក្សសង្គ្រោះជាតិ ហើយ VOD បានមើលឃើញ នៅលើទំព័រ Facebook លោកសម រង្ស៊ី នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ។ លោក Franklin M. Drilon បានបន្តថា លោកមានការសោកស្ដាយ ចំពោះព័ត៌មាន មួយដែលថាគណបក្សកាន់អំណាច ច្រានចោលការស្នើសុំបង្កើតយន្តការឯករាជ្យស្វែងរកការពិតអំពី ភាពមិនប្រក្រតី នៃការបោះឆ្នោត ខណៈមានការរកឃើញថាភាពមិនប្រក្រតីនៃការបោះឆ្នោតបានកើតមានជាប្រព័ន្ធ។
លិខិតរបស់លោក Franklin M. Drilon ប្រធានព្រឹទ្ធសភាហ្វីលីពីន បន្តទៀតថា ការអំពាវនាវសុំឲ្យអង្គការសហប្រជាជាតិ ដើរតួនាទី ដែលស្នើឡើងដោយលោក សម រង្ស៊ី គឺពិតជាមានសារៈសំខាន់ នៅក្នុងឱកាសមួយនៃដំណើរការប្រជាធិបតេយ្យពិតៗ នៅកម្ពុជា ដែលសម្រាប់រូបលោកសូមគាំទ្រ ការតស៊ូរបស់ប្រជាជនកម្ពុជា និង គោលជំហររបស់លោក តាមការបញ្ចេញមតិដោយអហិង្សាដែលនាំឲ្យមានការប្រែល្អប្រសើរ ស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា៕