អ្នកណាសម្លាប់ជា វិជ្ជា?
អ្នកណាសម្លាប់ ជា វិជ្ជា? នៅតែជាសំណួរដែលសាធារណជនបន្តចោទសួរ និងមិនទាន់មានចម្លើយអស់រយៈពេលជិត១០ឆ្នាំមកហើយ បន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ បានប្រកាសសាលដីកាដោះលែងឃាតករសិប្បនិមិត្ត លោក ប៊ន សំណាង និង លោក សុខ សំអឿន ឲ្យមានសេរីភាពទ្បើងវិញ ក្រោយការឃុំខ្លួនអ្នកទាំងពីរជិត៦ឆ្នាំដោយអយុត្តិធម៌។
ទោះបីយុត្តិធម៌ត្រូវបានផ្តល់ជូនទាំងស្រុងដល់ជនគ្មានទោសកំហុសទាំងពីរ ប៉ុន្តែនិទណ្ឌភាពនៅតែមាន ដោយសារជនដៃដល់ពិតប្រាកដ មិនទាន់ត្រូវបានសមត្ថកិច្ចវែកមុខយកមកផ្តន្ទាទោស។ អតីតមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដ៏មានប្រជាប្រិយភាព លោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ខណៈលោកកំពុងអានសារព័ត៌មាន នៅតូបកាសែតមួយ ក្បែររបងវត្តលង្កា រាជធានីភ្នំពេញ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ដែលតាមដានករណីនេះ ឲ្យដឹងថា ឃាតកម្មនេះត្រូវបានរៀបចំទុកជាមុន ដើម្បីបំបាត់សកម្មភាពរបស់លោកជា វិជ្ជា ដែលបានដឹកនាំកម្មករធ្វើបាតុកម្ម ទាមទារលក្ខខណ្ឌការងារឲ្យមានភាពប្រសើរទ្បើង។ លោកបន្តថា មុនឃាតកម្ម លោក លោក ជា វិជ្ជា បានទទួលសារតាមទូរស័ព្ទជាច្រើនដែលគំរាមសម្លាប់លោក។ បើទោះជាជនរងគ្រោះ បានប្តឹងសមត្ថកិច្ចឲ្យពិនិត្យមើលលេខទូរស័ព្ទ ដែលគ្រោងសម្លាប់លោក ប៉ុន្តែសមត្ថកិច្ចមិនហ៊ានស៊ើបអង្កេតលើម្ចាស់លេខទូរស័ព្ទនោះទេ។ លោក អំ សំអាត អះអាងថា ដើម្បីឲ្យដឹងថា អ្នកណាសម្លាប់លោក ជា វិជ្ជា អាជ្ញារធរមានសមត្ថកិច្ចត្រូវសួរទៅកាន់អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ លោកកំពុងជាប់ពន្ធនាគារពីបទឧក្រិដ្ឋជាច្រើន ពីព្រោះលោក ហេង ពៅ ជាអ្នកចាប់ខ្លួនលោក ប៊ន សំណាង និង លោក សុខ សំអឿន ៖ "គាត់អាចដឹងខ្លះ ពីព្រោះតាមខ្ញុំចាំបាន កាលពីលោកទៅម៉ាឡេស៊ី នៅក្នុងអត្ថបទសារណា ឬក៏យើងហៅថា ក្នុងអត្ថបទមួយដែលលោកសរសេរជាច្រើនទំព័រ នៅក្នុងនោះ លោកបានសរសេរថា ប៊ន សំណាង និងសុខ សំអឿន មិនមែនជាឃាតករបាញ់សម្លាប់លោកជា វិជ្ជា ទេអញ្ចឹងបានន័យថាលោកបានដឹងខ្លះ ថានណារជាអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកជា វិជ្ជា នោះ"។
លោកយល់ថា ឃាតកម្មនេះ ក៏ពាក់ព័ន្ធនឹងនយោបាយផងដែរ ពីព្រោះលោក ជា វិជ្ជា ជាមេដឹកនាំសហជីពកម្មករមួយ ដែលស្និទនឹងគណបក្សប្រឆាំង គឺគណបក្សសមរង្ស៊ី ដែលកាលនោះមានលោក សម រង្ស៊ី ជាប្រធាន ៖ "លោក ជា វិជ្ជា បានចូលរួមសកម្មភាពជាច្រើន ដើម្បីបម្រើឲ្យគណបក្សសមរង្ស៊ី ជាពិសេសគឺការដឹកនាំក្រុមបាតុករក្នុងការធ្វើកូដកម្ម ក្នុងការទាមទារផលប្រយោជន៍កម្មករ ហើយនេះក៏ជាប្រជាប្រិយភាពមួយសម្រាប់គណបក្សសមរង្ស៊ី នៅតាមរោងចក្រ"។
ក្រោយការដោះលែងជនសង្ស័យទាំងពីរ លោក អំ សំអាត មិនគិតថា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ មានឆន្ទៈរកឃាតករពិតប្រាកដយកមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះទេ ៖ "មានឯកសារមួយទាក់ទងទៅនឹងឯកសារដែលលោក ហេង ពៅ គាត់បានផ្សព្វផ្សាយកាលគាត់នៅម៉ាឡេស៊ី មុននឹងគាត់ត្រូវបានបញ្ជូនមកប្រទេសខ្មែរ ក៏បានផ្សព្វផ្សាយព័ត៌មានមួយ ទាក់ទងទៅនឹងរឿងឃាតករសម្លាប់លោកជា វិជ្ជា ហ្នឹងដែរ អញ្ចឹងអាហ្នឹងទោះបីវាមិនទាន់ជា ឯកសារហ្នឹងវាមិនទាន់ច្បាស់លាស់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែយកឯកសារនេះមកប្រើប្រាស់ សម្រាប់ជាផ្លូវនាំឲ្យយើងធ្វើការបើកការស៊ើបអង្កេត ទៅរកជនដៃដល់បាន"។
ចំណែក ប្រធានស៊ើបអង្កេតកម្មវិធីសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក នី ចរិយា ក៏យល់ដូចលោក អំ សំអាត ដែលថា ឃាតកម្មនេះ មានការគិតទុកជាមុន។ លោកគិតថា រដ្ឋាភិបាលមិនមានការលំបាកក្នុងស្រាវជ្រាវរកឃាតករពិតប្រាកដទេ ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈធ្វើកិច្ចការនេះ។ លោក ស្នើឲ្យតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចស៊ើបអង្កេតលើម្ចាស់លេខទូរស័ព្ទ ដែលផ្ញើសារគំរាមសម្លាប់លោក ជា វិជ្ជា និងយកសេចក្តីថ្លែងការណ៍របស់លោក ហេង ពៅ មកធ្វើជាភស្តុតាង៖
លោកបញ្ជាក់ថា អង្គការសិទ្ធិមនុស្សនានា នឹងបន្តអំពាវនាវឲ្យអាជ្ញាធរស្វែងរកឃាតករពិតប្រាកដយកមកផ្តន្ទាទោស។
ដោយទ្បែក ប្អូនប្រុសលោក ជា វិជ្ជា គឺលោក ជា មុនី ដែលបន្តតំណែងជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ក៏អះអាងដែរថា ឃាតកម្មលើបងប្រុសលោក គឺពិតជាទាក់ទងនឹងរឿងនយោបាយ ពីព្រោះគាត់ជាមនុស្សស្និទ្ធនឹងគណបក្សសម រង្សី។ លោក ជា មុនី ក៏ទម្លាក់ការទទួលខុសត្រូវនៃឃាតកម្មនេះទៅលើរាជរដ្ឋាភិបាល ដែលមានលោក ហ៊ុន សែន ជាប្រមុខ៖
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងយ៉ាងខ្លីថា អាជ្ញាធររង់ចាំសេចក្តីសម្រេចជាលាយលក្ខណ៍របស់តុលាការ ដើម្បីស៊ើបអង្កេតទ្បើងវិញ ៖ "កន្លងមក យើងមានឯកសារដែលយើងជូនទៅស្ថាប័នតុលាការតែមួយហ្នឹងទេ ហើយដល់ឥឡូវតុលាការលោកថាដោះលែងហើយគ្មានទោស ដូច្នេះយើងរងចាំតុលាការលោកបញ្ជូនដីកាហ្នឹងមកយើងវិញមក យើងបន្តស៊ើបអង្កេតទៀតទៅ"។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមអាដហុក (ADHOC) និងគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការ-សមាគមការពារសិទិ្ធមនុស្សកម្ពុជា (CHRAC) បានចេញសេចក្តីថ្លែងការណ៍រួម ជម្រុញឲ្យអាជ្ញាធរត្រូវស៊ើបអង្កេតទ្បើងវិញនូវឃាតកម្មនេះ ដើម្បីបង្ហាញថា និទណ្ឌភាពមិនបន្តកើតមាននៅកម្ពុជា៕