ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជិតដល់ចំណុចរួមគ្នា ករណីប្រទេសស៊ីរី
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវគេរំពឹងថា នៅថ្ងៃសុក្រនេះ នឹងបោះឆ្នោតអនុម័តលើដំណោះស្រាយជាប្រវត្តិសាស្ត្រមួយនៃការបំផ្លាញឃ្លាំងអាវុធគីមី ប្រទេសស៊ីរី ដែលជាសេចក្ដីស្នើរួម រវាង អាមេរិក និងរុស្ស៊ី ។
ប្រភពអ្នកការទូត ដែលត្រូវបានស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន បារាំងAFP មកចុះផ្សាយនៅថ្ងៃនេះថា ការអនុម័តនឹងធ្វើឡើង ប្រសិនបើ ក្រុមអង្គការប្រឆាំងអាវុធគីមី(OPCW) ទទួលយកផែនការអាមេរិក រុស្ស៊ី ហើយសម្រេចដាក់ឃ្លាំងអាវុធគីមីប្រទេសស៊ីរី ជាផ្នែកមួយនៃការត្រួតពិនិត្យអន្តរជាតិ។
ប្រភពអ្នកការទូតបារាំង និយាយថា សេចក្ដីសម្រេចនេះ នឹងធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស នៃប្រទេសមហាអំណាច ចំនួន៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានគម្រោងជួបពិភាក្សាបញ្ហានេះ ដោយផ្ទាល់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉កនៅថ្ងៃនេះ។
ឯកអគ្គរដ្ឋទូតអាមេរិក នៅអង្គការសហប្រជាជាតិ លោក Samantha Power និយាយថា អាមេរិកសង្ឃឹមថា អង្គការ OPCW ដែលជួបគ្នានៅក្រុងឡាអេប្រទេសហូឡង់នៅថ្ងៃនេះ នឹងយល់ព្រមតាមសំណើររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសុំរំលាយចោលឃ្លាំងអាវុធគីមី ប្រទេសស៊ីរី ។
អ្នកកាទូត Samantha Power ថ្លែងថា អាមេរិក មានសុទិដ្ឋិនិយម ថានឹងមានការគាំទ្រដោយសំឡេង ឯកច្ឆន្ទ លើដំណោះស្រាយនេះ ដោយសមាជិក ទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕