ជំនួបចរចា ព្រមព្រៀងលើ លក្ខខណ្ឌជាច្រើន តែមិនទាន់មានតម្រុយ ចូលប្រជុំសភា លើកដំបូងរួមគ្នា នៅឡើយ
ភ្នំពេញ៖ ជំនួបចរចារវាងសម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ រយៈពេលជិត ៥ម៉ោង បានសម្រេចនូវផ្លែផ្កាល្អប្រសើរ ដោយព្រមព្រៀងគ្នាលើលក្ខខណ្ឌជាច្រើន តែមិនទាន់បង្ហាញពីគំនិតរូមគ្នាចូល ប្រជុំសភាលើកដំបូង តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ នាថ្ងៃទី២៣ ខែកញ្ញា នៅឡើយទេ។ នេះបើតាមលោក ប្រាក់ សុខុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជា និងជាអ្នកនាំពាក្យ នៃកិច្ចប្រជុំ។
លោក ប្រាក់ សុខុន នៅក្រោយជំនួបចរចាបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ជំនួបចរចានេះ បាន ប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ ដោយឈរលើស្មារតីរួបរួមរវាងខ្មែរ និងខ្មែរ។
លោកបានបន្តថា ភាគីទាំងពីរបានព្រមព្រៀងដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ដែលបានចេញមកអំពាវ នាវនាថ្ងៃនេះ ឲ្យបន្តរក្សានូវស្ងៀមស្ងាត់ និងបញ្ចៀសឲ្យបានរាល់អំពើហិង្សានានា។
បើតាមលោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរព្រមព្រៀងគ្នា បង្កើតយន្តការធ្វើកំណែទម្រង់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោកប្រាក់ សុខុន បន្តបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរចូលប្រជុំសភាលើកដំបូង តាមការ កោះអញ្ជើញរបស់ព្រះមហាក្សត្រនៅថ្ងៃទី២៣ ខែកញ្ញា ទោះបីគណបក្សសង្រ្គោះជាតិពហិការក៏ដោយ។
ដោយឡែកសម្រាប់លោក យឹម សុវណ្ណ មន្រ្តីគណបក្សសង្រ្គោះជាតិវិញ បានថ្លែងថា គណៈបក្សសង្រ្គោះជាតិ ក្នុង កិច្ចពិភាក្សានេះ នៅតែទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីពិនិត្យភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត ។
ឆ្លើយបតបញ្ហាលោក ប្រាក់ សុខុន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែទទួលយកលទ្ធផលឆ្នោត បប្រកាសដោយ គ.ជ.ប ហើយមិនអាចធ្វើអ្វីត្រឡប់ថយក្រោយបាននោះទេ គឺអនុវត្តន៍តាមផ្លូវច្បាប់ ដែលមាន គ.ជ. ប និងក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកដោះស្រាយលើបញ្ហានេះ។
ទោះបីជាយ៉ាងណា ទាំងលោក ប្រាក់ សុខុន និងលោក យឹម សុវណ្ណ បានបង្ហាញជំហររួមគ្នាថា ភាគីទាំងពីរនឹងបន្តយន្តការចរចាបន្ថែមទៀត ធ្វើយ៉ាងរកដំណោះស្រាយចុងក្រោយឲ្យបានឆាប់បំផុតមុនការបើកសម័យប្រជុំសភា លើកដំបូង។
ចំពោះការធ្វើមហាបាតុកម្មវិញ លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹងបន្តធ្វើរហូតដល់ថ្ងៃទី១៧ ខែកញ្ញា។