ស៊ូប៊ែរឌី ថា កម្ពុជាកំពុងស្ថិតលើ ផ្លូវបំបែកឆ្ពោះទៅប្រជាធិបតេយ្យ
ភ្នំពេញៈ លោក ស៊ូរិយ៉ា ស៊ូប៊ែរឌី ប្រេសិតសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានប្រាប់ទៅអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា កម្ពុជាកំពុងស្ថិតនៅផ្លូវបំបែកដ៏សំខាន់មួយក្នុងវិថីឆ្ពោះទៅលទិ្ធប្រជាធិបតេយ្យដែលអាជ្ញាធរត្រូវតែជ្រើសរើស រវាងការទទួលយកនូវការផ្លាស់ប្តូរ ឬការបង្ក្រាបលើការមិនពេញចិត្ត និងប្រឈមនឹងផលវិបាក។
នៅចំពោះមុខក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ លោក ស៊ូប៊ែរឌី បានថ្លែងថា ការវិលទៅប្រើ «យុទ្ធសាស្រ្តចាស់ ដែលរំលោភសិទិ្ធពលរដ្ឋជាមូលដ្ឋាន» ប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការអត់ធ្មត់ជាច្រើនសប្តាហ៍ដោយអាជ្ញាធរ បានបង្ហាញយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងចំណុចសំខាន់មួយ។
កងរាជអាវុធហត្ថរាប់រយនាក់ បានបង្ខំព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណបក្សប្រឆាំង ឲ្យលះបង់កូដកម្មបង្អត់អាហារជាសាធារណៈ ដោយសន្តិវិធី កាលពីសប្តាហ៍មុន ខណៈដែលបាតុកម្មភ្លើងទៀន ដោយសកម្មជនតំបន់ បឹងកក់ រងការវាយប្រហារដោយបុរសពាក់សម្លៀកបំពាក់ស៊ីវិល ដោយមាននគរបាលជួយការពារ។
លោក ស៊ូប៊ែរឌី បានបញ្ជាក់ថា៖ «រាល់ប្រទេសទាំងអស់ដែលធ្វើអន្តរកាលឆ្ពោះទៅលទិ្ធប្រជាធិបតេយ្យប្រឈមនឹងខណៈមួយដែលការគ្រប់គ្រងត្រូវតែផ្លាស់ប្តូរ។ កម្ពុជាកំពុងប្រឈមនឹងខណៈនេះ ពេលនេះ»។ «ខ្ញុំសោកស្តាយក្នុងការនិយាយថា វាហាក់ដូចជាមិនទាន់យល់នៅឡើយទេ នៅកម្ពុជាដែលផ្នែកសំខាន់នៃដំណើរការលទិ្ធប្រជាធិបតេយ្យគឺ សម្រាប់ប្រជាជនទាំងអស់អាចសម្តែងមតិដោយសេរី ហើយតួនាទីរបស់រដ្ឋ ក្នុងបាតុកម្មសន្តិវិធីគឺត្រូវសម្រួល មិនមែនរារាំងពួកគេនោះទេ»។
លោក ស៊ូប៊ែឌី បានបន្តថា ដោយលទ្ធផលបោះឆ្នោតផ្លូវការបង្ហាញប្រជាជនគាំទ្រគណបក្សពីរផ្សេងគ្នាក្នុងសំឡេងឆ្នោតជិតស្មើគ្នា លោកសោកស្តាយចំពោះការបរាជ័យរបស់គណបក្សទាំងពីរដើម្បី សម្រេចបាននូវការសម្រុះសម្រួលគ្នា ហើយកាន់តែសោកស្តាយថែមទៀតដែលរដ្ឋសភាបើកសម័យប្រជុំដោយគ្មានតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំង ៥៥ រូប។
លោក ស៊ូប៊ែរឌី ក៏បានរិះគន់ចំពោះដំណើរការស៊ើបអង្កេតក្រោយការបោះឆ្នោត លើភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលអនុវត្តតាមតែមធ្យោបាយដែលចែងក្នុងរដ្ឋធម្មនុញ្ញ គឺផ្អែកលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញដែលទទួលរងការរិះគន់យ៉ាងខ្លាំង។ លោកបានបន្តថា៖ «ការទទូចធ្វើតាមតែយន្តការផ្លូវការនៃលទិ្ធប្រជាធិបតេយ្យដោយមិនគិតពីសិទិ្ធមនុស្សជាមូលដ្ឋាននេះ នឹងជាការផ្ទុយនឹងគោលបំណងរបស់រដ្ឋធម្មនុញ្ញ»។
លោក ឯក ថា អ្នកនាំពាក្យម្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងថា អ្វីគ្រប់យ៉ាងដែលរដ្ឋាភិបាលបានធ្វើក្នុងរយៈពេលក្រោយការបោះឆ្នោតនេះ បានធ្វើឡើងតាមអត្ថបទច្បាប់ និងលទ្ធផលបោះឆ្នោត។
លោកបានបន្ថែមថា៖ «យើងបានអនុវត្តតាមនីតិរដ្ឋនៅកម្ពុជា ទាក់ទងនឹងការបង្កើតរដ្ឋសភាថ្មី និងរដ្ឋាភិបាលថ្មី។ យើងមិនបានធ្វើអ្វីខុសទេ យើងគោរពសិទិ្ធមនុស្ស និងលទិ្ធប្រជាធិបតេយ្យ»។
លោកបានបន្ថែមថា សេចក្តីលម្អិតអំពីអ្វីដែលបានកើតឡើងនៅ វត្តភ្នំ កាលពីល្ងាចថ្ងៃអាទិត្យ មិនទាន់អាចពន្យល់បានទេ រហូតទាល់តែការស៊ើបអង្កេតបានធ្វើចប់។
លោកឲ្យដឹងទៀតថា៖ «យើងមិនអាចនិយាយអ្វីទេ បើគ្មានការស៊ើបអង្កេតអ្នកមិនអាចឈានដល់សេចក្តីសន្និដ្ឋានទេ។ ខ្ញុំអាចប្រាប់អ្នកថារាជរដ្ឋាភិបាលកម្ពុជាដឹងថា តើយើងកំពុងធ្វើការដើម្បីប្រយោជន៍ប្រជាជន និងប្រទេស»។ ខណៈដែលលោក ស៊ូប៊ែរឌី ផ្តោតលើ «ការវិវត្តល្អ» ខ្លះ ក្នុងអំឡុងរយៈពេលបោះឆ្នោត លោកបានអំពាវនាវឲ្យមានកំណែទម្រង់ទ្វេបក្ស។ លោកបញ្ជាក់ថា៖ «សេចក្តីថ្លែងការណ៍រួមគ្នាដោយគណបក្សនយោបាយទាំងពីរ ដើម្បីសម្រេចបាននូវកំណែទម្រង់ច្បាស់លាស់ក្នុងវិស័យអាទិភាពនឹងធានាជាថ្មីចំពោះសហគមន៍អន្តរជាតិ និងប្រជាជនកម្ពុជា»។ លោកក៏បានជំរុញឲ្យមានការបន្តពិភាក្សានៅថ្នាក់កំពូលរវាងគណបក្សទាំងអស់។
លោក ស៊ូប៊ែរឌី បានបង្ហាញរបាយការណ៍ចុងក្រោយជាផ្លូវការ ដែលចេញផ្សាយនៅខែ សីហា ដល់អង្គការសហប្រជាជាតិបន្ទាប់ពីលោកបានធ្វើបេសកកម្មស្វែងរកការពិតចំនួនពីរលើកមកកាន់កម្ពុជា កាលពីឆ្នាំមុន។ អង្គការសិទិ្ធមនុស្សបានថ្លែងថា អាណតិ្តរបស់លោកជាអ្នករាយការណ៍ពិសេសអាចបញ្ចប់ក្នុងអំឡុង សម័យប្រជុំរបស់ក្រុមប្រឹក្សាសិទិ្ធមនុស្សនេះ ប្រសិនបើក្រុមប្រឹក្សាមិនចេញដំណោះស្រាយបន្តអាណតិ្តនោះទេ។
សហព័ន្ធអន្តរជាតិដើម្បីសិទិ្ធមនុស្ស ដែលតំណាងអង្គការ អាដហុក និង លីកាដូ បានថ្លែងនៅអង្គប្រជុំកាលពីម្សិលមិញ។
លោក Nicolas Agostini ប្រតិភូសហព័ន្ធអន្តរជាតិដើម្បីសិទិ្ធមនុស្សប្រចាំនៅអង្គការ សហប្រជាជាតិបានថ្លែងថា សហព័ន្ធនឹងអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឲ្យអនុម័តដំណោះស្រាយរឹងមាំ ថ្កោលទោសការរំលោភសិទិ្ធមនុស្សនៅកម្ពុជា និងបន្តអាណតិ្តរបស់លោក ស៊ូប៊ែរឌី សម្រាប់រយៈពេល ២ឆ្នាំ។
លោកបានឲ្យដឹងតាមអ៊ីមែលថា៖ «មានហានិភ័យពិតប្រាកដ ដែលអាណតិ្តនឹងចុះថយដល់កម្រិតជំនួយបច្ចេកទេស ដែលមានន័យថា អង្គការសហប្រជាជាតិនឹងបាត់បង់សមត្ថកិច្ចឃ្លាំមើលទាក់ទងនឹងស្ថានការណ៍សិទិ្ធមនុស្សនៅកម្ពុជា»។
តំណាងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នឹងឆ្លើយតបចំពោះសេចក្តីថ្លែងរបស់លោក ស៊ូប៊ែឌី នេះហើយដំណោះស្រាយនឹងធ្វើឡើងនៅថ្ងៃសុក្រ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍ព័ត៌មានផ្សេងទៀតដ