ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​ វៀតណាម​កាត់​សេចក្តី​ ព្រះសង្ឃ​និង​យុវជន​ ដោយ​តម្លាភាព

9/26/2013 0 Comments A+ a-

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម កាត់​សេចក្តី​ព្រះសង្ឃ​ពីរ​អង្គ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ពីរ​នាក់​ផ្សេង​ទៀត​ដោយ​តម្លាភាព ហើយ​ប្រសិន​បើ​រក​ឃើញ​ថា ពួក​គេ​គ្មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ត្រូវ​តែ​ដោះ​លែង​ជា​បន្ទាន់។
អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន​ព្រះសង្ឃ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដោយ​ចោទ​ពី​បទ​បង្ក​អសន្តិសុខ​សង្គម។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បដិសេធ​ថា​មិន​មែន​ជា​ការ​ពិត ប៉ុន្តែ​ជា​ល្បិច​របស់​អាជ្ញាធរ​វៀតណាម ដើម្បី​គាប​សង្កត់​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។
តុលាការ​ខេត្ត​សុកត្រាង ប្រទេស​វៀតណាម នឹង​បើក​សវនាការ​កាត់​សេចក្តី​ព្រះសង្ឃ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ក្រោយ​ពេល​ចាប់​ខ្លួន​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៣។
សេចក្តី​ថ្លែងការណ៍​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សរសេរ​ថា ដីកា​តុលាការ​វៀតណាម ចោទ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ថា មាន​គម្រោង​ចាក​ចេញ​ទៅ​បរទេស ដើម្បី​ប្រឆាំង​តវ៉ា​នឹង​រដ្ឋាភិបាល​វៀតណាម និង​រៀប​ចំ​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត​ចាក​ចេញ​ពី​ប្រទេស​វៀតណាម។
លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ពី​ប្រទេស​កាណាដា ថា លោក​ព្រួយ​បារម្ភ​ថា ព្រះសង្ឃ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម មិន​បាន​ទទួល​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ហើយ​ត្រូវ​បាន​បង្ខំ​អោយ​ទទួល​ទោស​ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្ត។
លោក​បន្ត​ថា អាជ្ញាធរ​វៀតណាម ទើប​ជូន​ដំណឹង​ឲ្យ​ក្រុម​គ្រួសារ​ព្រះសង្ឃ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​សប្ដាហ៍​មុន មុន​ពេល​កំណត់​នៃ​សវនាការ​នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា។ លោក​ថា ការ​ជូន​ដំណឹង​នេះ មិន​បាន​ផ្តល់​បាន​ឱកាស​គ្រប់គ្រាន់​សម្រាប់​ក្រុម​គ្រួសារ​ស្វែង​រក​មេធាវី​ការពារ​ជន​ជាប់​ចោទ ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី។
លោក ថាច់ ង៉ុកថាច់ អះអាង​ថា ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ឡើង​ក្រោយ​ពេល​ព្រះសង្ឃ​មិន​ព្រម​ចូល​ធ្វើ​ជា​សមាជិក​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​វៀតណាម និង​ក្រោយ​ពេល​ព្រះសង្ឃ​បាន​ផ្សព្វផ្សាយ​ឯកសារ​វីដេអូ សុំ​ឲ្យ​ពិភពលោក​ជួយ​ខ្មែរ​កម្ពុជា​ក្រោម រស់​នៅ​ប្រទេស​វៀតណាម៕
ប្រភពពី វិទ្យុអាស៊ីសេរី